• 2020-08-05 09:15:57
  • ជីវិតតារា

ប្លែកភ្នែក! អនុស្សាវរីយ៍​កាល​ពី​ជាង​២០​ឆ្នាំ​មុន​របស់​លោក ព្រាប សុវត្ថិ នៅលើឆាកប្រគំតន្ដ្រីមួយ

  • 2020-08-05 09:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​រស្មីហង្ស មាស លោក ព្រាប សុវត្ថិ នៅ​តែ​អាច​រក្សា​ទឹកដម​សំនៀង និង​កាយវិការ​ដ៏​សម្បូរ​បែប​របស់​ខ្លួន​លើ​ឆាក​តន្ត្រី​ទាំង​ក្នុង​បទចម្រៀង​មនោសញ្ចេតនា និង​បទ​ញាក់​កន្ទ្រាក់​អារម្មណ៍​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ដែល​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រហូត​មក​ដល់​បច្ចុប្បន្ន។

ថ្ងៃនេះ Sabay សូម​រំលឹក​អនុស្សាវរីយ៍​មួយ​របស់​តារា​ចម្រៀង ព្រាប សុវត្ថិ ជាមួយ​អ្នកនាង ឱក បុរី ដែល​បាន​ច្រៀង​រួម​គ្នា​ក្នុង​បទ"ផ្ដើម​ស្នេហ៍​ជាថ្មី" នៅ​លើ​ឆាក​ប្រគំតន្ត្រី​មួយ​កាល​ពី​ជាង​២០​ឆ្នាំ​មុន មក​បង្ហាញ​ជូន​ប្រិយមិត្ត។

នៅ​លើ​ឆាក​តន្ត្រី​ក្រោម​ក្រសែភ្នែក​អ្នក​គាំទ្រ​រាប់​រយ​នាក់ គេ​ចាប់​អារម្មណ៍​លើ​ជើង​ខោ​របស់​លោក​ព្រាប សុវត្ថិ ស្រុង​គឺ​មាន​សម្រុង​ជើង​វែង​ពេក ហើយ​កាយវិការ​លើ​ឆាក​របស់​លោក​កាលណោះ​ក៏​មិន​សូវ​សម្បូរ​បែប​ដូច​សព្វថ្ងៃ​ដែរ។ តែ​បទ"​ផ្ដើម​ស្នេហ៍​ជា​ថ្មី" ដែល​ជា​សំនៀង​ដើម​របស់​លោក ព្រាប សុវត្ថិ ជាមួយ​អ្នកនាង ហ៊ឹម ស៊ីវន ត្រូវ​បាន​លោក ព្រាប សុវត្ថិ លើក​យក​ទៅ​ចម្រៀង​ជាមួយ​អ្នកនាង ឱក បុរី ទទួល​បាន​ការ​គាំទ្រ​កក្រើក​ឆាក​ប្រគំតន្ត្រី​កាលណោះ។

វត្តមាន​របស់​តារា​ចម្រៀង ព្រាប សុវត្ថិ និង​តារា​ចម្រៀង​ស្រី ឱក បុរី នេះ បាន​ជួប​គ្នា​នៅ​លើ​ឆាក​ប្រគំតន្ត្រី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩។ កម្មវិធី​ប្រគំតន្ត្រី​នេះ ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដោយ​មាន​ការ​គាំទ្រ​ដោយ​ផលិតកម្ម​អង្គរវត្ត។

បទ"ផ្ដើម​ស្នេហ៍​ជាថ្មី" បាន​ល្បី​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​នៅ​អំឡុង​ឆ្នាំ​២០០០ រហូត​ដល់​មាន​តារា​ចម្រៀង​ខ្លះ បាន​យក​ទៅ​ច្រៀង​ឡើង​វិញ ហើយ​ក៏​មាន​អ្នក​ចម្រៀង​តាម​រង្គសាល និង​វង់​ប្រគំតន្ត្រី​ជាច្រើន​ទៀត​ដែរ បាន​យក​ទៅ​ច្រៀង​ស្ទើរ​គ្រប់​កម្មវិធី។ បទ​នេះ គឺ​ជា​បទ​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​ចំណោម​បទ​ជា​ច្រើន​ទៀត​របស់​លោក គឺ​មាន​ដូច​ជា​បទ"រដឺន​មាន​ស្នេហ៍" បទ"​មិន​ធម្មតា" និង​បទ"ខោចែវ​ថ្នេរ​ប្រាំ" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់