• 2020-08-12 03:38:18
  • ជីវិតតារា

សាយ សៀរ៉ា ខក​គម្រោង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​បាត់​ហើយ!

  • 2020-08-12 03:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​កណ្ដាល លោក សាយ សៀរ៉ា បាន​អាក់​ខាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ និង​ចិន ដើម្បី​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​នៅ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​ជា​សកល នៃ​មេរោគ​កូវីដ-១៩ ហើយ​ម្យ៉ាង​គាប់​ជួន​នឹង​ឪពុក​របស់​លោក​ឈឺ​ផង។

តារា​សម្ដែង​រូប​នេះ ចាប់​ផ្ដើម​មាន​គំនិត​រកស៊ី​ខាង​នាំ​ចូល និង​ចែក​ចាយ​បន្ត​នូវ​ផលិត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​គ្រឿង​សម្អាង ក្រោយ​ពី​ផ្សារ​សិល្បៈ​របស់​លោក​បាន​ធ្លាក់​ចុះ​នៅ​អំឡុង​ពេល​កូវីដ-១៩ ឆ្នាំ​២០២០ នេះ។ លោក​កំពុង​សិក្សា​បន្ថែម​លើ​ទំនោរ នៃ​ការ​ប្រើប្រាស់​របស់​អតិថិជន​នៅ​ក្នុង​ស្រុក ដើម្បី​សម្រេច​ថា​តើ​នាំ​យក​សម្ភារៈ ឬ​គ្រឿង​សម្អាង​អ្វី​មក​មុន។

ទោះ​ជា​យ៉ាង​ណា​ការ​ខក​ដំណើរ​របស់​អ្នកជំនួញ​ថ្មី​ចេញ​ពី​វិស័យ​សិល្បៈ​រូប​នេះ ទាន់​ឈាន​ដល់​ការ​ទិញ​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​សណ្ឋាគារ​ស្នាក់នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ហាក់​ស្អប់ខ្ពើម​ស្ថានភាព​ជំងឺ​កូវីដ-១៩ កាន់​តែ​ខ្លាំង​ដែល​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ​ធ្វើ​ឲ្យ​ជំនួញ និង​ការងារ​សិល្បៈ​របស់​លោក​ជួប​បញ្ហា។

សាយ សៀរ៉ា៖"មាន​អារម្មណ៍​ធុញ ហើយ​បើ​យើង​ជម្នះ​ទៅ​ត្រូវ​គេ​ក្រុង​ទុក​១៤​ថ្ងៃ(ធ្វើ​ចត្ដាឡីស័ក) សិន ទើប​គេ​ឲ្យ​ដើរហើរ​នៅ​ស្រុក​គេ ម្យ៉ាង​ឪពុក​របស់​ខ្ញុំ​ក៏​ឈឺ​នៅ​ពេល​ហ្នឹង​ទៀត ម្ល៉ោះហើយ​ខ្ជិល​តែ​ម្ដង​ទៅ"។

លោក សាយ សៀរ៉ា បាន​អាក់​ខាន​ចេញ​ទៅ​ប្រទេស​ចិន និង​ថៃ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០។ ទោះ​ជា​យ៉ាង​ណា​លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ចេញ​ដំណើរ​ទៅ​ប្រទេស​ទាំង​នេះ​ក្នុង​ពេល​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់