• 2020-08-13 02:54:59
  • ជីវិតតារា

ព្រាប សុវត្ថិ លេង​កាន់​តែ​ធំ​​ដោយ​គ្រោង​បើក​ Resort ផ្ទាល់​ខ្លួន​ធំ​មួយ​នៅ​មណ្ឌលគីរី

  • 2020-08-13 02:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​នៅ​ផលិតកម្ម​រស្មីហង្ស មាស លោក ព្រាប សុវត្ថិ ត្រៀម​បើក​រីហ្សត(Resort) ផ្ទាល់​ខ្លួន​មួយ​កន្លែង នៅ​ខេត្ត​មណ្ឌលគីរី ក្រោយ​ពី​ដំណើរការ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ "ផ្ទះ​ព្រាប​សុវត្ថិ" នៅ​ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗនេះ។

នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​សីហា នេះ លោក ព្រាប សុវត្ថិ បាន​បង្ហោះ​សារ​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​មាន​ទេសភាព​ស្រស់​បំព្រង​ចំនួន​៤​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖ ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គឺ​ជា​របស់​លោក បើ​លោក​ចោល​ធម្មជាតិ​នេះ លោក​ពិត​ជា​មិន​គួរ​គប្បី​នឹង​ខ្លួន​ឯង​ឡើយ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ព្រាប សុវត្ថិ តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​នេះ គឺ​ថា​រីហ្សត​ដែល​អម​ដោយ​ទេសភាព​ព្រៃ​ប្រឹក្សា និង​ទឹកជ្រោះ​ដ៏​ត្រជាក់​នៅ​ខេត្ដ​មណ្ឌល​គីរី​នេះ ត្រូវ​បាន​លោក​ដាក់​ឈ្មោះ​ថា"Preap Sovath Resort” ហើយ​នឹង​ត្រូវ​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

Sabay មិន​ទាន់​អាច​ទាក់​ទង​លោក ព្រាប សុវត្ថិ ដើម្បី​សួរ​លម្អិត​ជុំវិញ​គម្រោង​បើក​រីហ្សត​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ប្រភព​មួយ​ធ្លាប់​បង្ហើប​ថា ចូល​ដល់​ឆ្នាំ​២០២០ នេះ លោក ព្រាប សុវត្ថិ រវល់​នឹង​រឿង​រកស៊ី​ច្រើន​ជាង​ការងារ​សិល្បៈ និង​ការងារ​រដ្ឋ​របស់​លោក។ ទន្ទឹម​នឹង​រវល់​ខ្លាំង​ជាមួយ​នឹង​ហាង​ទើប​បើក​ថ្មី​នៅ​ភ្នំពេញ លោក​ក៏​ចេញ​ចូល​ខេត្ត​មណ្ឌលគីរី​ញឹកញាប់​ដែរ ដើម្បី​ចាត់ចែង​រៀបចំ​រីហ្សត​របស់​លោក​ដែល​គ្រោង​បើក​ជាយូរ​មក​ហើយ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់