• 2020-09-01 03:44:53
  • ជីវិតតារា

ហែម សុវណ្ណ៖ គំរូល្អក្រៅឆាកមួយរបស់លោក ស៊ីន ស៊ីសាមុត ដែលអ្នកសិល្បៈបច្ចុប្បន្នគួរគិត

  • 2020-09-01 03:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើងចាស់ ហែម សុវណ្ណ ចង់​ឃើញ​សិល្បករ-សិល្ប​ការិនីខ្មែរ​គ្រប់​ទម្រង់​​កាន់​តែ​រស់រវើក ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​គ្រប់ស្រទាប់ ហើយ​អ្នក​សិល្បៈ​ទាំង​អស់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ វិជ្ជាជីវៈសិល្បៈ​ខ្ពស់បំផុត។

អ្នកស្រី ហែម សុវណ្ណ ដែល​ជា​អតីត​ដៃគូ​ចម្រៀង​ឆ្លងឆ្លើយ​ជាមួយ​លោក ស៊ីន ស៊ីសាមុត នៅអំឡុង​ទសវត្ស​៦០ និយាយ​ថា ក្នុង​នាម​រៀម​ច្បង​សិល្បៈ អ្នកស្រី​គ្មាន​អ្វី​ចែក​រំលែក​ក្រៅ​ពី​បទ​ពិសោធន៍​ល្អៗ និង​គំរូ​ខ្លះ​លើ​វិថី​សិល្បៈ​កាល​ពី​ដើម​ជូន​ដល់​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ឡើយ។ អ្នកស្រី​កត់សម្គាល់​ថា ឥរិយាបថ និង​ទង្វើ​ក្រៅ​ឆាក​របស់​អ្នក​សិល្បៈ គឺ​អាច​កំណត់​តម្លៃ និង​កិត្តិយស​របស់​សិល្បករ-សិល្ប​ការិនីបាន ដូច្នេះអ្នកសិល្បៈគ្រប់គ្នាត្រូវប្រយ័ត្ន។

តារា​ចម្រៀង​ដែល​នៅមានទឹកដម​សំឡេង​ពីរោះ តែផែន​ថ្ពាល់​ជ្រីវជ្រួញ និង​ខ្នង​កោង​បន្តិច​ទៅ​ហើយ​នោះ បាន​ពោល​ថា វិស័យ​សិល្បៈ​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​ខ្លាំង ហើយ​តារា​ៗ​ក៏​ស៊ីវិល័យ​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​អ្នក​ស្រី​នៅ​តែ​ចង់​ឃើញ​គំរូ​ល្អៗ​ពី​រៀមច្បង​សិល្បៈ​ដូច​ជា លោក ស៊ីន សាមុត គួរតែបាន​សាបព្រួស​ដល់​អ្នក​ជំនាន់​ក្រោយ។

ហែម សុវណ្ណ៖"ស៊ីន ស៊ីសាមុត ល្អ​ណាស់...ល្អ​ត្រង់​ថា​គាត់​ជា​មនុស្ស​គត់មត់ យកចិត្ត​ទុកដាក់​តែ​ទៅ​លើ​ការ​និពន្ធ និង​ច្រៀង ហើយ​ខ្ញុំឃើញគាត់មិន​ចេះ​ឡេះឡោះ​ដូច​ក្មេង​ឥឡូវទេ បើ​បាន​គំរូ​ដូច​គាត់​ខ្ញុំគិតថាអ្នកសិល្បៈល្អ​ណាស់"។

អ្នកស្រី ហែម សុវណ្ណ ធ្លាប់​ធ្វើ​ជា​ដៃគូ​ចម្រៀង​ជាមួយ​លោក ស៊ីន ស៊ីសាមុត តាម​កម្មវិធី​ផ្សេងៗ និង​ថត​ដាក់​ថាស បាន​ប្រហែល​១​ឆ្នាំ គឺ​គិត​ចាប់​ពី​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៦៨។ កាលណោះ​អ្នកស្រី និង​លោក ស៊ីន ស៊ីសាមុត ក៏​បាន​បន្សល់​ទុក​នូវ​បទ​ចម្រៀង​ដ៏​ពីរោះ​រួម​គ្នា​មួយបទដែរ គឺ​បទ"អូន​អើយ​ស្ដាប់​ផ្គរ" ដែល​លោក​ជាអ្នកបង្កើត​ទំនុក​ភ្លេង និង​ច្រៀង​ដោយ​ផ្ទាល់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់