- 2020-09-10 03:57:32
- ជីវិតតារា
អ្នកស្រី ហែម សុវណ្ណ បញ្ជាក់ច្បាស់ៗរឿង ៦០ឆ្នាំហើយកេរ្ដិ៍ឈ្មោះមិនដែលឡើងខ្ពស់ផុត តែក៏មិនដែលលិចដែរ!
- 2020-09-10 03:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រី ហែម សុវណ្ណ បញ្ជាក់ច្បាស់ៗរឿង ៦០ឆ្នាំហើយកេរ្ដិ៍ឈ្មោះមិនដែលឡើងខ្ពស់ផុត តែក៏មិនដែលលិចដែរ!
ចន្លោះមិនឃើញ
អ្នកចម្រៀងជើងចាស់ ហែម សុវណ្ណ ដែលធ្លាប់ជាដៃគូចម្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្នុងទសវត្ស៦០ បានបង្ហាញពីមូលហេតុមួយមួយចំនួនដែលអ្នកស្រីជាតារាចម្រៀងរះមិនដែលលិច ប៉ុន្តែក៏មិនដែលឡើងខ្ពស់ផុតក្នុងសង្គមសិល្បៈជាច្រើនជំនាន់របស់ខ្លួន។
អ្នកស្រី ហែម សុវណ្ណ បានប្រាប់ Sabay ក្នុងឱកាសដែលអ្នកស្រីច្រៀងឲ្យកម្មវិធីមួយរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីទទួលស្វាមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលទៅរួមរស់ជាមួយផលិតកម្មហ្គាឡាក់ស៊ី កាលពីពេលថ្មីៗកន្លងទៅថា ហេតុដែលអ្នកស្រីមិនសូវល្បីដូចគេ គឺព្រោះតែអ្នកស្រីមិនដែលច្រៀងបទញាក់កន្ទ្រាក់អារម្មណ៍ ពោលគឺមានតែបទឡាំលាវ និងមនោសញ្ចេតនា និងមូលហេតុមួយទៀត គឺល្បីខុសសម័យកាល។
ហែម សុវណ្ណ៖"សម័យនេះមានភ្លេងទំនើប ហើយមានឱកាសច្រើន តែក៏ទៅមិនរួចដែរ ព្រោះយើងចាស់ហើយ ហើយបើជំនាន់ ស៊ីន ស៊ីសាមុត ប៉ែន រ៉ន រស់ សិរីសុទ្ធា យើងដើរក្រោយគេ កាលណោះនៅចម្រៀងតាមវង់អកកេះតូចតាច"។
អ្នកស្រី ហែម សុវណ្ណ ដែលពេលនេះមានវ័យ៧១ឆ្នាំទៅហើយ ប៉ុន្តែអ្នកស្រីនៅតែបន្តទទួលច្រៀងតាមកម្មវិធីផ្សេងៗជាហូរហែ ដោយសារតែទឹកចិត្តស្រឡាញ់សិល្បៈ ហើយមិនចេះជិនណាយនឹងការច្រៀង។
ឆ្លងកាត់អាជីពម្រៀង៦០ឆ្នាំ កេរ្តិ៍ឈ្មោះរបស់អ្នកស្រីមិនធ្លាប់ល្បីដល់កម្រិតកំពូលដូចអ្នកចម្រៀងស្រីស្រករគ្នា ដូចជា ប៉ែន រ៉ន និងរស់ សិរីសុទ្ធា ឡើយ ហើយចូលមកដល់បច្ចុប្បន្នក៏មិនល្បីដូច តន់ ចន្ទសីម៉ា និងឱក សុគន្ធកញ្ញា ដែរ ត្បិតថាទឹកដមសំនៀងរបស់អ្នកស្រីនៅពីរោះ និងត្រូវចិត្ដប្រិយមិត្ដមួយចំនួន។
កាលពីសម័យសង្គមរាស្ត្រនិយម អ្នកចម្រៀង ហែម សុវណ្ណ ធ្លាប់ល្បីរន្ទឺតាមរយៈបទចម្រៀងរួមគ្នាជាមួយលោក ស៊ីន សាមុត គឺបទ"អូនអើយស្ដាប់ផ្គរ" បទ"សុំស្នេហ៍" និងបទបើកវាំងនន ឬបទ"ចំអកនាងលេង"។ បទទាំងនេះ ត្រូវបានថតដាក់ថាស ហើយទទួលបានការគាំទ្រពីប្រិយមិត្ដវ័យចំណាស់រហូតមកដល់បច្ចុប្បន្ន។
សម្រាប់សម័យកាលប្រទេសជាតិសុខសាន្តត្រាណនេះ អ្នកស្រីបានលើកយកបទចាស់ៗ និងនិពន្ធសម័យថ្មីនេះមកច្រៀងរួមគ្នា។ អ្នកស្រី ធ្លាប់ច្រៀងក្នុងកម្មវិធី"តន្ត្រីស្រុកស្រែ" និង"តន្ដ្រីពណ៌ស្វាយ" របស់ស្ថានីយទូរទស្សន៍បាយ័ន។ ក្រៅពីនេះអ្នកស្រីក៏បានលើកបទទាំងអស់ដែលអ្នកស្រីធ្លាប់ចម្រៀង ទៅច្រៀងតាមកម្មវីធីផ្សេងៗដែរ៕