• 2020-09-14 03:58:51
  • ព័ត៌មាន

ផ្អែក​លើ Business Insider គេ​ប៉ាន់​ប្រមាណ​ Galaxy អាច​រក​ចំណូល​ពី Youtube បាន​ច្រើន​ណាស់​១ខែៗ

  • 2020-09-14 03:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra ត្រូវ​បាន​គេ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា អាច​រក​ចំណូល​បាន​មិន​តិច​ឡើយ​ក្នុង​១ថ្ងៃៗ ក៏​ដូច​ជា ១ខែៗ ស្រប​ពេល​ដែល​ផលិតកម្ម​នេះ បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ចុច​តាម​ដាន (Subscribed) ចំនួន ១,២៧ លាន​នាក់(តួលេខ​ត្រឹម​ពាក់​កណ្ដាល​ខែ​កញ្ញា) និង​មាន​អ្នក​ចុច​ចូល​ទស្សនា និង​ស្ដាប់​បទ​ចម្រៀង​របស់​ផលិតកម្ម​សកម្ម​រាប់​លាន​ដង​ថែម​ទៀត​ក្នុង​១​ថ្ងៃៗ។

តួលេខ​អ្នក​ចូល​មើល Youtube Channel របស់ Galaxy ប្រចាំ​ថ្ងៃ ដែល​បញ្ចេញ​ដោយ យឹម តាស្រង់

កាល​ពី​ចុង​សប្ដាហ៍​មុន លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ទូទៅ របស់​ផលិតកម្ម​ទើប​នឹង​បាន​បញ្ចេញ​តួលេខ​ស្ដី​អត្រា​ចំនួន​ដង​នៃ​អ្នក​ចូល​ទៅ​ក្នុង​ចុច​ទស្សនា​បទ​ចម្រៀង​ទាំង​ឡាយ​ដែល​មាន​នៅ​លើ Galaxy Navatra Channel ហើយ​ត្រូវ​បាន​កត់​ត្រា​ដោយ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​របស់ Youtube។ តាម​របាយ Channel របស់​ផលិតកម្ម​ខាង​លើ​នេះ មាន​ចំនួន​ដង​នៃ​ការ​ចូល​ទស្សនា​បទ​ចម្រៀង​ទាំង​អស់​ចំនួន 4 424 024(តួលេខ​ថ្ងៃ​ទី ១០​កញ្ញា ២០២០)។

នេះ​ជា​តួលេខ​ដ៏​ខ្ពស់​មួយ​សម្រាប់ Youtube Channel មាន​មូលដ្ឋាន​នៅ​ក្នុង​ស្រុក។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា នេះ​ជា​តួលេខ​ខ្ពស់​ដាច់​គេ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ ដោយ​សារ​តែ​មិន​មាន​របាយការណ៍​ដូច​គ្នា​របស់ Youtube Channel ក្នុង​ស្រុក​ដទៃ​ទៀត​មក​ផ្ទៀងផ្ទាត់។ បែប​នេះ​ក្ដី តួលេខ​នេះ បាន​នាំ​ទៅ​ដល់​ការ​សន្និដ្ឋាន​ថា Galaxy Navatra អាច​រក​ចំណូល​មិន​តិច​ឡើយ​ពី​សែស្រឡាយ​អាជីវកម្ម​របស់ Google មួយ​នេះក្នុង​១​ខែៗ។

មិន​មាន​តួលេខ​ណា​មួយ​អំពី​របាយការណ៍​ប្រាក់​ចំណូល​ពី​យូធូប​របស់ Galaxy ត្រូវ​បាន​បើក​បង្ហាញ​ឡើយ។ ប៉ុន្តែ​ឯកសារ​យោង​មួយ​ផ្សេង​ពី​បរទេស អាច​បញ្ជាក់​ក្នុង​ភាគរយ​ច្រើន​ពី​ករណី​នេះ។ បើ​យោង​តាម​ Business Insider ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឱ្យ​ដឹង​ថា សម្រាប់ Youtube Channel នៅ​អឺរ៉ុប ចូល​មើល​ដោយ​មនុស្ស​នៅ​អឺរ៉ុប ដែល​មាន​ចំនួន​អ្នក​ចូល​មើល​មាន​ចាប់​ពី ១០០០ដង​ឡើង​ទៅ ម្ចាស់ Channel អាច​ទទួល​បាន​ប្រាក់​កម្រៃ​ជើង​សារ​ពី​ពាណិជ្ជកម្ម​មាន​ក្នុង​វីដេអូ​នីមួយៗ ជា​មធ្យម​ពី ១.៥ដុល្លារ ទៅ ៣ដុល្លារ ពេល​ខ្លះ​អាច​លោត​ដល់ ៧​ដុល្លារ​ក៏​មាន​ ទៅ​តាម​ប្រភេទ​ពាណិជ្ជកម្ម។

បន្ថែម​ពី​លើ​នេះ ប្រសិន​បើ​មាន​ការ​ចូល​មើល​ទៅ​ដល់ ១លានដង កម្រៃ​ដែល​ទទួល​បាន​អាច​ចាប់​ពី ៣ ០០០ដុល្លារ​អាមេរិក ទៅ១៥ ០០០ដុល្លារ​ក្នុង​មួយ​វីដេអូ​ឯណោះ សម្រាប់​យូធូប​ដែល​មាន​មនុស្ស​នៅ​អឺរ៉ុប​ចូល​មើល។ ប៉ុន្តែ​បើ​សិន​ជា Channel ខ្មែរ​ហើយមាន​អ្នក​មើល​នៅ​តែ​ក្នុង​ស្រុក​ខ្មែរ​មើល​វិញ គឺ​មិន​មាន​វាសនា​ដូច​គ្នា​ឡើយ ពោល​គឺ​បាន​ប្រមាណ​ពី ១៨០ដុល្លារ ដល់ ៣០០ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​១​វីដេអូ។

យោង​លើ​របាយការណ៍​បរទេស​ខាង​លើ​នេះ ផលិតកម្ម Galaxy Navatra ដែល​មាន​ចំនួន​ចូល​មើល​ច្រើន​ជាង ៤លាន​ដង ក្នុង​១​ថ្ងៃ និង​មាន​អ្នក​ចុច​តាមដាន (Subscribed) ជាង​១លាន​នោះ ផលិតកម្ម​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា ទំនង​អាច​រក​បាន​ប្រមាណ យ៉ាង​តិច​ពី ៥០០-៧០០ដុល្លារ​ក្នុង​១​ថ្ងៃ និង​ប្រមាណ​ជាង ១ម៉ឺន-ជាង​២ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​ពី Youtube។

លោក យឹម តាស្រង់ ដែល​ជា​អ្នក​បញ្ចេញ​តួលេខ​អ្នក​ចូល​ទៅ​ក្នុង​យូធូប​របស់ Galaxy Navatra ប្រចាំ​ថ្ងៃ កាល​ពី​ចុង​សប្ដាហ៍​មុន​នោះ ពុំ​ព្រម​បញ្ចេញ​ពី​តួលេខ​ពិត​នៃ​ចំណូល​ពី Youtube របស់​ផលិតកម្ម​ឡើយ។ លោក​ថា លោក​មិន​ចង់​និយាយ​ពី​រឿង​នេះ​នោះ​ទេ។

យោង​តាម​របាយការណ៍​របស់ Business Insider ដដែល បាន​បញ្ជាក់​ដែរ​ថា ក្នុង​១​ឆ្នាំ YouTuber នៅ​ក្នុង​ស្រុក ឬ Youtube Channel ក្នុង​ស្រុក​ខ្មែរ​អាច​រក​លុយ​ពី​ Youtube បាន​រហូត​ដល់​ជាង ៥៧,២០០ដុល្លារ​ឯណោះ ឬ​ក៏​ច្រើន​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​មាន​ចំនួន​អ្នក Subscribers ឡើង​ដល់ ១លាន​នាក់៕

អត្ថបទ៖ ទារិកា

មតិយោបល់