• 2020-09-15 03:26:22
  • ភាពយន្ត

ចាប់​ពី​ស្អែក​ មាន​រឿង​ច្រើន​ជាង​៣០​បញ្ចាំង​តាម​អនឡាញ​ពី​ឡុងប៊ិចមក មើល​ដោយ​សេរី

  • 2020-09-15 03:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ត្រៀម​បើក​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៨ ដោយ​ក្នុង​នោះ​មាន​ភាពយន្ត​ជាតិ​ល្បី​ៗ ល្អ​ៗ​មើល​សម្រាប់​គ្រប់​វ័យ​ចំនួន​ដល់​ទៅ​ជាង ៣០​ចំណង​ជើង នឹង​ត្រូវ​ដាក់​ឲ្យ​ទស្សនា​ដោយ​សេរី។

ភាពយន្ត​ទាំង​នោះ​មាន​ដូច​ជា​រឿង "ស្នេហា​ក្មេងៗ" ដែល​ឈ្នះ​ពាន​ជា​ច្រើន​ពី​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៩។ បន្ត​មក​មាន​រឿង "ប៉ុបពី​ទៅ​ហូលីវូដ" “គ្រូ​របាំ" និង​រឿង “មេគង្គ ២០៣០" ជា​ដើម។ រឿង​ទាំង​អស់​នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ទស្សនា​ជុំវិញ​ពិភព​លោក ទៅ​តាម​ពេល​វេលា​ដែល​កម្មវិធី​បាន​កំណត់​ចាប់​ពី​ថ្ងៃ​ពុធ​ទី ១៦ កញ្ញា ស្អែក​នេះ​ត​ទៅ​ក្នុង​រយៈ​រយៈ​ពេល ៥​ថ្ងៃ។

សកម្មភាព​មហោស្រព​ឆ្នាំ ២០១៩

ពិធី​បើក​សម្ពោធ​មហោស្រព​ភាពយន្ត​ជាតិ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​នេះ​នឹង​មាន​អ្នក​ចូល​រួម​ជា​ច្រើន​រួម​មាន តារា​សម្ដែង ផលិតករ​ភាពយន្ត អ្នក​និពន្ធ​ភាពយន្ត​ជាដើម។

នេះ​គឺ​ជា​ឆ្នាំ​ទី ៨ ហើយ​ដែល CTFF(Cambodia Town Film Festival) បាន​ប្រារព្ធ​ធ្វើ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ មហោស្រព​នេះ មាន​គោល​បំណង​សំខាន់​មួយ​នៃ​មហោស្រព​ភាពយន្ត​ថោន​ស៊ីធី គឺ​ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរ​បែប​សិល្បៈ វប្បធម៌ និង​ប្រពៃណី​ជាដើម របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ភាពយន្ត ក្នុង​នោះ​ក៏​មាន​ការ​បង្ហាញ​ខ្សែ​ភាពយន្ត​ជា​ពិសេស​ទាក់ទង​នឹង​ទំនាស់​នយោបាយ សង្គម ទំនៀម​ទម្លាប់ បញ្ហា​ប្រឈម​នានា និង​តួអង្គ​នានា​នៅ​មហោស្រព​ថែម​ទៀត។

​តាម​រយៈ​មហោស្រព​នេះ ក៏​មាន​ចេតនា លើក​កម្ពស់​ការ​ទទួល​ស្គាល់​ពី​គុណ​តម្លៃ​របស់​ប្រជាជន​កម្ពុជា​នៅ​កម្រិត​សកល​លោក​ផង​ដែរ​។ ប្រភេទ​ភាពយន្ត​នៅ​ក្នុង​មហោស្រព​នេះ​មាន និទានកថា ភាពយន្តឯកសារ ភាពយន្ត​ខ្លី ភាពយន្ត​និស្សិត ភាពយន្ត​គំនូរជីវចល​របស់​បណ្ដា​ផលិតករ​នានា​ទូទាំង​ពិភព​លោក ដែល​ត្រូវ​បាន​ជ្រើសរើស​យក​មក​បញ្ចូល​ក្នុង CTFFនា​ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា​នេះ។

សកម្មភាព​មហោស្រព​ឆ្នាំ ២០១៩

ដូច្នេះ​កុំភ្លេច ពី​ស្អែក​ទៅ ប្រិយមិត្ត​ទាំង​នៅ​កម្ពុជា និង​អាមេរិក អាច​ទស្សនា​ភាពយន្ត​បាន​ច្រើន​រឿង​ណាស់ សុទ្ធ​រឿង​ល្អ​ៗ​មើល​ដោយ​ឥតគិតថ្លៃ!

ព័ត៌មាន​បន្ថែម​ពី​ការ​បញ្ចាំង៖

សូមចុច បើក​សម្ពោធ

សូមចុច ពេលវេលា​បញ្ចាំង

អត្ថបទ៖ ទារិកា

មតិយោបល់