• 2020-09-22 09:37:00
  • ចម្រៀង

តម្លៃ​ខ្លួន​ចេញ​ច្រៀង​ម្ដងៗ​របស់ ហែម សុវណ្ណ កាល​ពី​ទសវត្ស​៦០ និង​បច្ចុប្បន្ន​ពិតជាមិន​ធម្មតា!

  • 2020-09-22 09:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើង​ចាស់ ដែល​ជា​អតីត​ដៃគូ​ចម្រៀង​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត គឺ​អ្នកស្រី ហែម សុវណ្ណ បាន​បង្ហើប​ពី​តម្លៃ​ខ្លួន​ក្នុង​ការ​ចេញ​ច្រៀង​តាម​កម្ម​វិធី​គេម្ដងៗ ក្រោយ​ពីមាន​ប្រិយមិត្ត​ជា​ច្រើន​ចង់​ដឹង​ពី​ស្ថានភាព​ប្រភព​ចំណូល​ពី​សិល្បៈ​របស់​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ។

ក្នុង​ឱកាស​ដែល​អ្នកស្រី ហែម សុវណ្ណ ទទួល​ច្រៀង​ក្នុង​កម្មវិធី​ធំ​មួយ​នៅ​សណ្ឋាគារ ហ្គាឌិន​ស៊ីធី ខណ្ឌ​ព្រែក​ព្នៅ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ អ្នកស្រី បាន​ប្រាប់ Sabay ថា មុន​ពេល​ដែល​កម្ពុជា​រងផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ-១៩ លោក​ស្រី​ទទួល​អាហ្វែ ឬ​​ច្រៀង​ក្នុងកម្មវិធីប្រគំតន្ត្រី​ចំនួន​២០ ក្នុង១ខែ បើគិត​ជា​មធ្យម​។ ប៉ុន្តែ​បច្ចុប្បន្ន​មិន​សូវ​ទទួល​បាន​ច្រើន​​ទេ ពោល​គឺ​ក្នុង​១​ខែ​បាន​តែ​មួយ​ប៉ុណ្ណោះ ហើយ​យ៉ាង​ច្រើន​បំផុត គឺ​២ កម្មវិធី ក្នុង​១​ខែ។

លោកស្រី​បង្ហើប​ថា ក្នុង​ការ​ចេញ​ច្រៀង​មួយ​ចប់​កម្មវិធី​មួយ គឺ​លោកស្រី​ទទួល​បាន​កម្រៃ​ចន្លោះ​ពី​៦០០ ទៅ​១០០០​ដុល្លារ។ រីឯ​តម្លៃ​ខ្លួន​ចេញ​ច្រៀង​ម្ដងៗ​កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម​វិញ គឺ​ទទួល​បាន​៤០០​រៀល ដែល​គិត​ជា​ទិញ​មាស​វិញ គឺ​បាន​ប្រហែល​៣ ទៅ​៤​ជី។

​ចំណូល​ក្រៅពី​អាជីព​ចម្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​នានា អ្នកស្រី និង​ស្វាមី ក៏​មាន​បៀវត្ស​ពី​រដ្ឋ​លើ​ការងារ​ផ្នែក​សិល្បៈ​ដែរ ដែល​បៀវត្ស​នេះ​ អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​លោក​ស្រី​ឲ្យ​រស់នៅ​បាន​យ៉ាង​សមរម្យ។

ម្ចាស់​សំនៀង​ដើម​បទ"អូន​អើយ​ស្ដាប់​ផ្គរ" ជាមួយ​លោក ស៊ីន ស៊ីសាមុត រូប​នេះ នៅ​តែ​ជា​តារា​ចម្រៀង​សំខាន់​សម្រាប់​កម្មវិធី​ទទួល​អ្នកមុខអ្នកការ ឬ​ការ​ប្រគំតន្ត្រី​ដែល​ម្ចាស់​កម្មវិធី​តម្រូវ​ឲ្យ​មាន​ច្រៀង​បទ​មរតក​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់