• 2020-10-16 07:21:21
  • ព័ត៌មាន

គ្រោះធម្មជាតិលើកនេះ បានបង្ហាញមុខកំពូលសប្បុរសក្នុងចង្កោមសិល្បៈជាច្រើនរូប

  • 2020-10-16 07:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាងហ្វាង​ផលិតកម្ម Galaxy លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ នៃ​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដល់​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០២០ នេះ។ ត្បិត​ថា តន់ ច័ន្ទ​សីម៉ា និង​ខេម ដែល​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជ្រក​ក្រោម​ដំបូល Galaxy មិន​ទាន់​ឃើញ​បញ្ចេញ​ថវិកា​ផ្ទាល់​ខ្លួន​លើ​សកម្មភាព​មនុស្ស​ធម៌​នេះ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​កោតសរសើរ និង​គាំទ្រ​សកម្មភាព​របស់​មេ​ខ្លួន។

ដោយ​ឡែក​កំពូល​តារា​ចម្រៀង​របស់​កម្ពុជា​លោក ព្រាប សុវត្ថិ ដែល​ទើប​ចូល​ទៅ​រួម​រស់​ជាមួយ​គ្រួសារ​Galaxy នោះ មិន​បាន​បញ្ចេញ​សារ​អ្វី​ច្រើន​ទាក់ទង​សកម្មភាព​មនុស្សធម៌​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ​ទេ ប៉ុន្ដែ​លោក​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​២​តោន តាម​រយៈ​សមាគម​អ្នក​សិល្បៈ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់​ដំបងដែរ។

ងាក​មក​តារា​ចម្រៀង​ល្បី​ៗ​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស មាស វិញ។ ត្បិត​ថាគេ​មិន​ទាន់​ឃើញ​តំណាង​ក្រុមហ៊ុន​បញ្ចេញ​ថវិកា ឬ​ធនធាន​ផ្សេងៗ ដើម្បី​ជួយ​ដល់​សកម្មភាព​មនុស្ស​ធម៌​លើក​នេះ ប៉ុន្ដែ​តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​នេះ​ភាគ​ច្រើន​មាន​ទឹកចិត្ត​ឈឺឆ្អាល និង​បានបរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌នេះ។

តារាចម្រៀងទាំងនោះរួមមាន៖ ១.តារា​ចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​១០០០​ដុល្លារ។ ២. តារា​ចម្រៀង​ស្រី ពេជ្រ សោភា បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​១០០០ដុល្លារ។ ៣. តារា​ចម្រៀង​ប្រុស នី រតនា បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​៥០០​ដុល្លារ។

រីឯ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ សុខ ពិសី ក៏​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​២០០០​ដុល្លារ តាម​រយៈ​សមាគម​អ្នក​សិល្បៈ ដើម្បី​យក​ទៅ​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ឆ្នាំ​២០២០ នេះ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់