- 2020-10-26 03:06:27
- ព័ត៌មាន
មានខ្នងក្រាស់ ឥឡូវល្បីថា ស្រីស្អាតប៉ុន្មាននាក់នេះ នឹងចូលវាយលុកទីផ្សារចម្រៀងឆាប់ៗនេះហើយ!
- 2020-10-26 03:06:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានខ្នងក្រាស់ ឥឡូវល្បីថា ស្រីស្អាតប៉ុន្មាននាក់នេះ នឹងចូលវាយលុកទីផ្សារចម្រៀងឆាប់ៗនេះហើយ!
ចន្លោះមិនឃើញ
តាមដំណឹងដែលទទួលបានព្រឹកនេះ ក្រុមចម្រៀងស្រីថ្មីបំផុតមួយក្រុម ដែលប្រមូលផ្ដុំដោយយុវតីវ័យក្មេង និងមានសម្រស់ស្រស់ស្អាតចំនួន ៥នាក់ នឹងហក់ចូលទៅក្នុងទីផ្សារសិល្បៈតន្ត្រីរបស់កម្ពុជាឆាប់ៗនេះហើយ ក្រោយពីពួកគេមានក្រុមហ៊ុនធំមួយនៅពីក្រោយ។
ក្រុមតារាចម្រៀងមួយនេះមានឈ្មោះថា "FGG” (FUN Girls Group) ក្នុងនោះសមាជិកទាំង៥នាក់ដែលសុទ្ធតែវ័យក្មេង និងស្អាតៗនោះ មាន ១.កញ្ញា "Melody” កញ្ញា "Selina” កញ្ញា "Mila” កញ្ញា "Lemon” និងកញ្ញា "Mei Meii”។ តាម ក្រុមហ៊ុន ហ្វឺស យូណាយណេតវើក អេនធើធេនម៉ិន ឯ.ក ហៅកាត់ថា ហ្វាន់ អេនធើធេនម៉ិន ដែលក្រុមហ៊ុនមេ បញ្ជាក់ថា នឹងរៀបចំកម្មវិធីសម្ពោធក្រុមតារាចម្រៀងស្រីឆាប់ៗនេះ។
ក្រៅពីនេះ នៅក្នុងថ្ងៃនោះ ក៏នឹងមានទាំងការប្រកាសពីបទចម្រៀងនិពន្ធថ្មីទី១របស់ក្រុមចម្រៀងស្រីស្អាតនេះផង មាន ចំណងជើងថា “Heart Beat”។ ក្រុម “FGG” នឹងធ្វើការបង្ហាញនូវទេពកោសល្យពួកគេ បូករួមទាំងការសម្ដែងរបស់ក្រុមតារាចម្រៀងនារីកម្ពុជាថ្មីមួយក្រុមនេះផង ដើម្បីឲ្យមានការទទួលស្គាល់ ស្រឡាញ់ និងគាំទ្រ ពីសំណាក់មហាជន ក៏ដូចជាការជួយជម្រុញលើកទឹកចិត្ត និងផ្ដល់នូវឱកាស និងអនាគតដ៏ល្អនៅក្នុងដំណើរឆ្ពោះទៅមុខ។
កាលបរិច្ឆេទពិតប្រាកដនៃកម្មវិធីសម្ពោធបទចម្រៀងនិពន្ធថ្មី “Heart Beat” និងក្រុមចម្រៀងនារីកម្ពុជា “FGG” (FUN Girls Group) នឹងប្រារព្ធធ្វើឡើង នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៩៖០០យប់ ដល់ម៉ោង ២១៖៣០យប់ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ផ្ទាល់ដី (Central Court)។ ចំពោះភ្ញៀវដែលបានចូលរួមទស្សនា នឹងមានការផ្តល់ជូនជាវត្ថុអនុស្សាវរីយ៏របស់ក្រុមចម្រៀង “FGG” ផងដែរ។
កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អ្នកនាង YIN Xia អគ្គនាយកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម គណៈប្រតិភូមកពីទូរទស្សន៍ជាតិកម្ពុជា និងបុគ្គលិកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ជាច្រើនរូបទៀត។
ចំណុចគួរកត់សម្គាល់មួយ កាលពីចុងសប្ដាហ៍មុននេះ ត្បិតថាមិនទាន់ដល់ថ្ងៃប្រកាសវត្តមានជាផ្លូវការ ប៉ុន្តែក្រុមចម្រៀងនារីកម្ពុជា “FGG” បានចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តី ខារ៉ាប៉ាវ (Carabao) របស់ស្ថានីយ៏ទូរទស្សន៏បាយ័នរួចមកហើយ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០។
ក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំកម្មវិធីជ្រើសរើស “ធីតាឯកសង្រ្កាន្តឆ្នាំ២០២០” កាលពីខែមេសានេះ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន មានគោលបំណង ក្នុងការបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានជំនាញ និងទេពកោសល្យ ព្រមទាំងក្តីស្រមៃ ចង់ក្លាយខ្លួនជាតារា ដើម្បីបញ្ចេញសមត្ថភាព លើឆាកជាតិ និងអន្តរជាតិ ក្នុងន័យជួយចែករំលែកនូវ វប្បធម៌ អរិយធម៌ និងវិស័យទេសចរណ៍ជាតិអោយកាន់តែរីកសុះសាយ ទៅកាន់ឆាកអន្តរជាតិថែមទៀត៕