• 2020-11-26 02:42:50
  • ព័ត៌មាន

មាន​ផ្លូវ​តែ​មួយ ព្រាប សុវត្ថិ រត់​រកអន្តរាគមន៍​ពី​សម្ដេច​តេជោ ហ៊ុន សែន ហើយ​លើ​ទំនាស់​ដីធ្លី​នៅ​មណ្ឌលគីរី

  • 2020-11-26 02:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិខិត​កម្រាស់​បី​ទំព័រ​ផ្ញើ​ជូន​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ កាល​ពី​សប្ដាហ៍​មុន ទើប​តែ​បែក​ធ្លាយ​នៅ​ពេល​នេះ។ លោក​បាន​ស្នើ​សុំ​ពី​សម្ដេច​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​នៅ​ខេត្ត​មណ្ឌលគីរី ដែល​លោក​ចោទ​ថា សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នេះ​ឈ្មោះ ម៉ៅ ធនារក្ស និង​ឧកញ៉ា​ឈ្មោះ អ៊ាង លីអេង បាន​រំលោភ​យក​ដី​ស្រប​ច្បាប់​របស់​ម្ដាយ​លោក។

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណារ ឬ​ការ​ឆ្លើយតប​យ៉ាង​ណា​ពី​សំណាក់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន លើ​លិខិត​សុំ​អន្តរាគមន៍​របស់​លោក និង​ម្ដាយ នៅ​ឡើយ​ទេ បន្ទាប់​ពី​លោក​អះអាង​ថា មាន​ករណី​អ្នក​មាន​លុយ និង​មាន​អំណាច​បាន​រំលោភ​យក​ដី​ស្រប​ច្បាប់​របស់​លោក។

នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ដែល​មាន​ស្នាម​ផ្ដិតមេដៃ​របស់​លោក ព្រាប សុវត្ថិ និង​ម្ដាយ​ឈ្មោះ ផូ សំណាង កាល​ពី​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ឲ្យ​ដឹង​ថា ដី​ទំហំ​ជាង​៩​ហិកតារ ដែល​កំពុង​មាន​ជម្លោះ​នេះ គឺ​ជា​ដី​ដែល​អ្នកស្រី ផូ សំណាង ទិញ​ពី​ពលរដ្ឋ​ចំនួន​៥​គ្រួសារ រស់នៅ​ភូមិ​អូរស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោរម្យ ដោយ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក បាន​ស៊ីញ៉េ​ទទួល​ស្គាល់​លើ​ការ​ផ្ទេរ​សិទ្ធ​កាន់កាប់​​នោះ​ទៀត​ផង។

ករណី​នេះ​ក៏​មាន​ការ​ប្រជុំ​ដោះស្រាយ​ពីរ​ដង​ហើយ​ដោយ​អាជ្ញាធរ​ក្រុង​សែន​មនោរម្យ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ ប៉ុន្តែ​គូភាគី​មិន​សះ​ជា​នឹងគ្នា ព្រោះ​ភាគី​ទាំង​សងខាង​អះអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​នោះ​ដូច​គ្នា។ លោក ព្រាប សុវត្ថិ អះអាង​ថា ដី​ដែល​ម្ដាយ​លោក​ទិញ​តាំង​ពី​ឆ្នាំ​២០១៨ មក​នោះ បាន​កាន់កាប់ និង​អាស្រ័យ​ផល ព្រម​ទាំង​បាន​ធ្វើ​របង​ទៀត​ផង ប៉ុន្ដែ​មក​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ​ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​ទៅ​វាយ​កម្ទេច​របង​ដែល​គាត់​ខំ​ធ្វើ​ជា​យូរ​ហើយ​នោះ ហើយ​គេ​បាន​ធ្វើ​របង​ព័ទ្ធ​យ៉ាង​រឹងមាំ​ជំនួស​វិញ។

ទោះជាយ៉ាងណាភាគីលោក ម៉ៅ ធនារក្ស បានច្រានចោលការចោទប្រកាន់របស់លោក ព្រាប សុវត្ថិ តាមរយៈតំណាងប្រធានសមាគមអ្នកសិល្បៈកម្ពុជាលោក ហេង ឡុង បង្ហោះតាមបណ្ដាញសង្គម។ លោកថា ករណីដីធ្លីនេះ កំពុងស្ថិតនៅក្នុងដៃ នៃការដោះស្រាយតាមផ្លូវច្បាប់របស់រដ្ឋបាលក្រុងសែនមនោរម្យ និងស្រុកអូររាំង ដោយមិនទាន់ដឹងថាអ្នកណាជាម្ចាស់ដីពិតប្រាកដនៅឡើយទេ។

ចំណែកលោក ព្រាប សុវត្ថិ និង​ម្ដាយ វិញបាន​រៀបរាប់​នៅ​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ថា លោក ម៉ៅ ធនារក្ស ដែល​គេ​ស្គាល់​ថា​ជា​បង​របស់​អភិបាល​ខេត្ត​ពោធិ៍សាត់​លោក ម៉ៅ ធនិន បាន​រំលោភ​យក​ដី​ស្រប​ច្បាប់​របស់​លោក​ដោយ​អះអាង​ថា​បាន​ទិញ​ពី​ពលរដ្ឋ​ទាំង​៥​គ្រួសារ​ដែរ ហើយ​យក​ទៅ​លក់​បន្ត​ឲ្យ​ឧកញ៉ា អ៊ាង លីអេង ទើប​បញ្ហា​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០២០ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់