• 2020-11-26 04:05:37
  • ព័ត៌មាន

​តារា​កំប្លែងថ្មី២រូប ដែល​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ ក្រោយ​ចេញ​រឿង "ពឺតនាងពឺត”

  • 2020-11-26 04:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ខ្មែរ មុខ​ចិន​ម្នាក់ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ក្រោយពីលោក និងក្រុមការងារបានផលិតឈុតសម្តែងរឿងខ្លី”ពឺតនាងពឺត” រហូតផ្ទុះការគាំទ្រខ្លាំងនិងមានអ្នកចូលទស្សនាច្រើនជាង១លានដងលើបណ្តាញសង្គម។

តាម​ព័ត៌មាន តារា​កំប្លែង​ស្ងួត​រូប​នេះ មានឈ្មោះជា សុផានិត វ័យ ៣៣ឆ្នាំ មាន​មុខ​របរជាអ្នកគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុន Logistics មួយ។ សុផានិត បាន​ផ្តើមការថត គឺក្រុមការងារសុទ្ធតែជាបងប្អូននឹងគ្នាប្រមាណ៦នាក់ប៉ុណ្ណោះ ខណៈដែលជិត១ឆ្នាំនៃការរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពួកគាត់អផ្សុក ស្របនឹងការចូលចិត្តនិយាយ និងកាយវិការបែបកំប្លែងផង ទើបរួមគ្នាផលិតជាវីដេអូកំប្លែងខ្លីឡើង។

លោក​បន្ត​ថា ជា​ការ​កម្សាន្ត និង​មិន​មាន​ការ​ចំណាយ​ប្រាក់​នោះ​ទេ ប៉ុន្តែក្រោយពីការបញ្ចេញជាវីដេអូមួយចំនួនបានធ្វើឲ្យគេចាប់អារម្មណ៍ ទើបលោកនិងបងប្អូនបន្តផលិតជាបន្តបន្ទាប់រហូតដល់វីដេអូថ្មីចុងក្រោយគឺរឿង ”ពឺតនាងពឺត”។ សាច់​រឿង​នេះ គឺ​កើត​ក្រោយ​លោក​បាន​ស្តាប់​បទ​ចម្រៀង”ពឺតៗ” របស់​លោក ខេមរៈ សិរីមន្ត ដោយ​បាន​នាំ​ឲ្យ​លោក​នឹក​ឃើញ​ដល់​ចំណុច​មួយ​ដែល​បង្កើត​ជា​សាច់​រឿង​ថ្មី​វិញ។

ដូច្នេះ​ហើយ លោក និងប្អូនស្រី រួមទាំង​មិត្តភ័ក្តិ ក៏​សម្រេច​បង្កើត​ជា​វីដេអូ​ខ្លី​ដែល​ចំណាយ​ការ​ថត និង​កាត់​ត​រយៈ​ពេល២ថ្ងៃ​ប៉ុណ្ណោះ។ ក្រោយ​ពី​វីដេអូ​នេះ​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់​តែ​មាន​អ្នក​ចុច​មើល​ភ្លូក​ទឹក​ភ្លូក​ដ។ លោក ជា សុផានិត ឲ្យ​ដឹង​ថា លោក​មាន​ភ្ញាក់​ផ្អើល​ក្រោយ​ពី​មានអ្នកចូលទស្សនា និងចែក​រំលែក​ជា​ច្រើន។ លោកថាបទពិសោធន៍ជីវិតមួយចំនួនដែលលោកធ្លាប់បានឆ្លងកាត់ហើយចែករំលែកជាវីដេអូខ្លីលើបណ្តាញសង្គមកន្លងមកក៏ទទួលបានការគាំទ្រច្រើនដែរដែលជាកម្លាំងចិត្តសម្រាប់លោកនិងក្រុមការងារផលិតបន្ត។

លោកថាក្រៅពីវីដេអូកំប្លែងមួយចំនួនដែលបាលផលិតរួចលោកក៏នឹងបន្តផលិតវីដេអូកំប្លែងមួយចំនួនបន្ថែម ពិសេសឃ្លីបអប់រំខ្លីផង និងអប់រំជាភាគ ដែលលោករំពឹងថា មិនត្រឹមតែជាការកំប្លែងកម្សាន្តសប្បាយរីករាយទេ គឺ​ក៏​ផ្តល់​ចំណេះ​ដឹង និងអប់រំផងដែរ ហើយលោកក៏ស្វាគមន៍សមាជិកថ្មីដែរ ប្រសិនបើពួកគាត់មានទេពកោសល្យ សមត្ថភាព និង​សាច់​រឿង​ល្អ​ៗ​នោះ។

ងាក​មក កញ្ញា ពេញ បួយណៃ អាយុ ១៨ឆ្នាំ ដែលជាតួស្រីក្នុងវីដេអូនេះលើកឡើងដែរថា នាង​ក៏​ភ្ញាក់​ផ្អើល​ដូចគ្នា ក្រោយ​វីដេអូខ្លីរបស់​ខ្លួន ​ទទួល​បាន​ការ​ពេញ​ចិត្ត​ច្រើន ។ កញ្ញា ថាមួយឈុតរឿង “ពឺតនាងពឺត” ធ្វើឲ្យនាងពេញចិត្តខ្លាំងហើយចាប់ផ្តើមមានអ្នកស្គាល់នាងច្រើនជាងមុន។ កញ្ញា ថាកន្លងទៅកញ្ញាធ្លាប់ថតវីដេអូមួយចំនួនជាមួយតួប្រុសខាងលើហើយ ប៉ុន្តែនេះគឺជាវីដេអូដំបូងដែលផ្ទុះការគាំទ្រ ហើយនាងនិងក្រុមការងារគ្រោង​បញ្ចេញ​ឈុត​បន្ត​ពី​វគ្គ​នេះឆាប់​ៗ​ខាងមុខ៕

អត្ថបទ៖ ទារិកា

មតិយោបល់