• 2020-11-28 02:51:32
  • ព័ត៌មាន

ចៅស្រីអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត សម្រេចចិត្តចូលសិល្បៈ ត្រៀមចេញចម្រៀងទោល​ជា​លើកដំបូង

  • 2020-11-28 02:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញាស៊ីន សេដ្ឋសុជ្ឈតា វ័យ ២៧ឆ្នាំ មានដើមកំណើត និងធំដឹងក្ដីនៅរាជធានីភ្នំពេញ ហើយនិងជាចៅស្រីម្នាក់របស់អធិរាជសម្លេងមាស ស៊ីនស៊ីសាមុត នឹងចេញបទចម្រៀងនិពន្ធថ្មី នៅពេលឆាប់នេះ។

គួរបញ្ចាក់ផងដែរ អធិរាជសម្លេងមាសស៊ីន ស៊ីនសាមុតបាននិពន្ធបទចម្រៀង រាប់ពាន់បទចាប់ពីដើមទសវត្សឆ្នាំ១៩៥០ ដល់ ឆ្នាំ១៩៧០ ហើយលោកបានបាត់ខ្លូនក្នុងសម័យប៉ុល ពត អំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩។ ប្រជាជនខ្មែរ និងអ្នកស្រលាញ់ស្នាដៃតន្រ្តីរបស់លោកទូទាំងពិភពលោក ពួកគេតែងតែមានអារម្មណ៍ស្រលាញ់ដក់ជាប់ក្នុងចិត្ត លើចម្រៀងរបស់លោកមកដល់សព្វថ្ងៃនេះ។

រូបភាពដោយ៖ StevenGARGAPhoto

សុជ្ឈតា ធំដឹងក្ដីនៅក្នុងបរិយាកាសតន្រ្តីមួយ ដោយសារលោកឪពុករបស់នាង គឺលោកស៊ីន ច័ន្ទឆាយា ដែលជាសិល្បៈករមួយរូបធ្លាប់សម្ដែងនៅតាមភោជនីយដ្ឋាននានា និងនៅតាមរង្គសាលមួយចំនួន នៅអំឡុងទសវត្សឆ្នាំ៩០ និងដើមទសវត្សឆ្នាំ ២០០០។ សុជ្ឈតាតែងតែទៅតាមលោកឪពុករបស់ខ្លួនគ្រប់កន្លែង ក្នុងនោះមានកន្លែង សម្ដែងសិល្បៈចម្រៀងនានាផងដែរ។

នៅឆ្នាំ ២០០៦ លោកឪពុករបស់សុជ្ឈតា បានបង្កើតសមាគមន៍ សុីន សុីសាមុត ដែលមានបេសកកម្មដើម្បីអភិរក្សកេរ្តិ៍ដំណែល និងស្នាដៃតន្រ្តីរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត។ តាមរយៈសមាគមន៍នេះ លោកស៊ីន ចន្ទឆាយា បានបង្រៀនតន្រ្តី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយពេលនោះដែរ សុជ្ឈតាគឺជាកូនសិស្សម្នាក់ ក្នុងចំណោមសិស្ស​ទាំងអស់ ទោះបីជានាងមានទេពកោសល្យពីធម្មជាតិនៃការច្រៀង និងនិពន្ធចម្រៀងពីកំណើតហើយក្ដី។

រូបភាពដោយ៖ VibranceStudioPP

សុជ្ឈតា ដឹងថាជិវិតនៃអ្នកសិល្បៈមិនមែនជារឿងងាយស្រួលនោះទេ។ដំបូងឡើយរូបនាងមានចិត្តស្ទាក់ស្ទើរក្នុងការចូលវិស័យតន្រ្តីដោយមើលឃើញឧបសគ្គដែលឪពុកនាងបានជួបប្រទះ។ តែទោះជាយ៉ាងណា បន្ទាប់ពីការបាត់បង់ជិវិតរបស់ឪពុកនាង និងបន្ទាប់មក បងប្រុសបង្កើតរបស់នាងលោកស៊ីន សេដ្ឋកុល ដែលក៏ជាអ្នកសិល្បៈចម្រៀងម្នាក់ដែរនោះ សុជ្ឈតា យល់ថានាងត្រូវតែបន្តកេរ្តិ៍ដំណែលគ្រួសាររបស់នាង ហើយក៏សម្រេចចិត្ត ចូលវិស័យសិល្បៈ។ ដោយគិតគូរអំពីជិវិតរបស់នាងតាំងពីវ័យកុមារដល់ពេញវ័យ សុជ្ឈតា យល់ថា៖ ”រឿងរ៉ាវក្នុងជិវិតខ្លះៗដែលខ្ញុំបានជួបប្រទះរួម ទាំងការលាចាកលោករបស់ប៉ា ជារឿងមួយ ដែលបានដាស់តឿនស្មារតីខ្ញុំ។ វាជាពេលដែលខ្ញុំចាប់ផ្ដើមដឹងខ្លួនថាខ្ញុំត្រូវតែក្រោកឈរ ធ្វើអ្វីមួយសម្រាប់ខ្លួនឯង ពេលនោះ ប៉ាលែង នៅក្បែរខ្ញុំចាំជួយអោយយោបល់អីទៀតហើយ។ អញ្ចឹងខ្ញុំត្រូវតែសម្លឹងទៅមុខ និងធ្វើអ្វីមួយដែលប៉ាប្រហែលជាមានមោទភាព។”

រូបភាពដោយ៖ StevenGARGAPhoto

បន្ទាប់ពីច្រៀងបទ ”ចំប៉ាបាត់ដំបង” ដាក់ក្នុងខ្សែភាពយន្តរឿងតន្រ្តីជិវិត ដែលដឹកនាំសម្ដែងដោយខ្មែរ អាមេរិកកាំង អ្នកស្រី Caylee So និងលោក សុខ វិសាល បន្ទាប់មកទៀតសុជ្ឈតាបានក្លាយជាសិល្បៈករម្នាក់ដែលចូលធ្វើការជាមួយ ផលិតកម្មតន្រ្តី ក្លាបយ៉ាហែន (KlapYaHandz)។ បង្កើតឡើងក្នុងឆ្នាំ២០០៥ ផលិតកម្មតន្រ្តី ក្លាបយ៉ាហែន (KlapYaHandz) គឺជាបណ្ដុំ អ្នកចម្រៀង និង អ្នកនិពន្ធចម្រៀងសម័យថ្មី ប្រកបដោយភាព ច្នៃប្រឌិត។

ជាស្ថាបនិកនិងផលិតករប្រតិបត្តិលោកសុខ វិសាល មានប្រសាសន៍ថា “ខ្ញុំមិនច្បាស់ថាគាត់មានសំណាងក្នុងនាមជាចៅស្រីលោកតាសុីន ស៊ីសាមុត នោះទេប៉ុន្តែ ខ្ញុំគិតថានាងមានសំណាងដែលមានទេពកោសល្យខាងសិល្បៈ។វាជារឿងមួយដែលគួរអោយស្ដាយបើនាងមិនប្រើវានិងចែករំលែកទេពកោសល្យនេះជាមួយពិភពលោកទាំងមូល។ ទោះបីជានាងជួបឧបសគ្គក្ដី សុជ្ឈតា មានរបៀប ពិសេសមួយក្នុងការដោះស្រាយ បញ្ហាជិវិត។ នាងជាមនុស្សគួរអោយចូលចិត្តម្នាក់ជាពិសេសនាងមានអ្វីៗទាំងអស់ក្នុងនាមជាសិល្បៈករ ដ៏ជោគជ័យ មួយរូប ។”

រូបភាពដោយ៖ VibranceStudioPP

កញ្ញាស៊ីន សេដ្ឋសុជ្ឈតា មិនចង់រស់នៅក្រោមស្រមោលនៃ កេរ្តិ៍ដំណែលរបស់ជីតាខ្លួននោះទេ ផ្ទុយទៅវិញ នាងចង់អោយទស្សនិកជនស្គាល់នាង គឺជាខ្លួននាង ហើយនាងរីករាយចែករំលែកបទពិសោធន៍ជិវិតតាមរយៈបទចម្រៀង ទៅកាន់ទស្សនិកជន ទាំំងអស់។

“ទទួលស្គាល់ការពិត” គឺជាចម្រៀងលើកដំបូងក្នុងចំណោមចម្រៀងទាំងបីបទដែលនឹងចេញផ្សាយនៅពេលឆាប់ៗនេះ។ សូមរង់ចាំទាំងអស់គ្នាណា៕

មតិយោបល់