• 2020-12-01 03:23:54
  • ព័ត៌មាន

អ្នក​ច្នៃម៉ូដ​ល្បី​ឈ្មោះ Olivaបញ្ចេញ​ស្នាដៃ​ម៉ូដ​ម្ដាយ និង​កូន​ជា​ទី​ស្រឡាញ់​លើក​ដំបូង

  • 2020-12-01 03:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រចនា​ម៉ូដ​ល្បី​ឈ្មោះ​លោក ម៉ែន សីហា ហៅ Oliva ដែល​បាន​ដឹកនាំ​កញ្ញា សេង រដ្ឋា ឈ្នះ​ជយលាភី Miss Grand Cambodia 2020 បាន​​បញ្ចេញ​ស្នាដៃ​មួយ​សម្រាប់​អ្នក​ម្ដាយ និង​កូន​ជា​ទីស្រឡាញ់។

ម៉ូដ​នេះ គឺ​​ជា​ការ​រចនា​យ៉ាង​ពិសេស និង​ជា​លើក​ដំបូង​បង្អស់។ Oliva ថ្លែង​ថា កន្លង​មក​លោក​ធ្លាប់​តែ​រចនា​ម៉ូដ​ទូទៅ​សម្រាប់​ការ​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​តូច​ធំ​នានា និង​សម្រាប់​មនុស្ស​ម្នាក់​ៗ​ប៉ុណ្ណោះ​ស្លៀក​ដើរ។ ប៉ុន្តែ​លើក​នេះ លោក​បាន​សម្រេច​ធ្វើ​ម៉ូដ​ម្ដាយ និង​កូន​នេះ​តែ​ម្ដង។

ចំពោះ​មូលហេតុ​លោក​ថា ដើម្បី​បន្ថែម​ភាព​ខុស​ប្លែក​នឹង​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ និង​ចាត់​ទុក​ជា​រូបភាព​កម្សាន្ត​ភ្នែក​មួយ​សម្រាប់​អ្នក​ម្ដាយ និង​កូន​ជា​ទីស្រឡាញ់ ក្នុង​វេលា​ដែល ខូវីដ កំពុង​គម្រាម​កំហែង​ជា​ថ្មី និង​គួរ​ឲ្យ​បារម្ភ​នេះ។ លោក​លើក​ឡើង​ថា "ខ្ញុំ​សង្ឃឹម និង​បន់​ស្រន់ ឲ្យ​ខូវីដ​ទៅ​ឆាប់​ៗ ដើម្បី​ម្ដាយ និង​កូន​គាត់​អាច​ថត​រូបអនុស្សាវរីយ​ជាមួយ​គ្នា ស្លៀក​ឈុត​ទាំង​នេះ"។

លោក ម៉ែន សីហា ហៅ Oliva គឺ​អ្នក​រចនា​ម៉ូដ​ដ៏​ឆ្នើម​មួយ​រូប​របស់​កម្ពុជា។ លោក ទើប​នឹង​សម្រេច​លទ្ធផល​ធំ​មួយ​ ក្រោយ​សិស្ស​ដើរ​ម៉ូដ​របស់​លោក កញ្ញា សេង រដ្ឋា បាន​គ្រង​ជយលាភី Miss Grand Cambodia 2020 កាល​ពី​ខែ​មុន​ប៉ុណ្ណោះ។ ត្បិត​ថា ជោគជ័យ​លើ​អាជីព​នា​ពេល​នេះ ប៉ុន្តែ​អតីតកាល​របស់​លោក កម្សត់ និង​វេទនា​ខ្លាំង។ ដូច្នេះ​ហើយ ប្រវត្តិ​លម្អិត​របស់​លោក នឹង​ផ្ដល់​ជូន​នៅ​ពេល​ក្រោយ៕

អត្ថបទ៖ ទារិកា

មតិយោបល់