• 2020-12-31 07:06:26
  • ភាពយន្ត

បើតាមក្រសួង​ ប្រិយមិត្ដអាចចូលរោងកុនបានវិញហើយនៅឆ្នាំក្រោយនេះ

  • 2020-12-31 07:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​ចេញ​សេចក្ដី​ជូន​ដំណឹង​ផ្លូវការ​មួយ​នៅ​ថ្ងៃទី១ ខែ​ធ្នូ ២០២០ ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រោងភាពយន្ដ​ឡើង​វិញ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បិទ​បញ្ចប់​ព្រឹត្តិការណ៍​២៨ វិច្ឆិកា ហើយ​វិស័យ​សិក្សាធិការ​ក៏​សម្រេច​ឲ្យ​ដំណើរការ​ឡើង​វិញ។

ប្រធាន​នាយកដ្ឋានភាពយន្ដ​លោក ប៉ុក បូរក្ស បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​គ្រប់​រោងភាពយន្ត​ដំណើរការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០២១ តទៅ។ ប៉ុន្តែ​ម្ចាស់​រោងភាពយន្ត និង​ភាគី​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ​សុវត្ថិភាព និង​អនាម័យ ដើម្បី​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺកូវីដ-១៩។

ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​ម្នាក់ គឺ​លោក ហ៊ុយ យ៉ាឡេង ដែល​មាន​រឿង​មួយ​ចំនួន​នៅ​ក្នុង​ដៃ ហើយ​ត្រៀម​យក​ទៅ​ចាក់​បញ្ចាំង​តាម​រោង​នោះ សម្ដែង​ការ​ត្រេកអរ ក្រោយ​ពី​ទទួល​ដំណឹង​នេះ។ លោក​និយាយ​ថា៖"កាដូ​ឆ្នាំ​ថ្មី​ដែល​ខ្ញុំ​ចង់​បាន​ជាង​គេ...អគុណ​ឆ្នាំ​២០២១ សូម​ឲ្យ​ចូល​មក​នាំ​តែ​ភាព​រីករាយ ដល់​យើង​គ្រប់​គ្នា"។

សូម​រំលឹក​ថា ការ​ឆ្លង​រាតត្បាត​ជា​សកល នៃ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ដំណើរការ​ផលិត និង​ចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ខ្មែរ​រអាក់រអួល ដោយ​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​សុខាភិបាល​ សម្រេច​បិទ​រោងភាពយន្ដហើយ​បើកឡើងវិញ​ចំនួន​ពីរ​លើក​ជាប់ៗគ្នា។ ទន្ទឹម​គ្នា​នោះ ផលិតករ​ភាពយន្ដមួយ​ចំនួន​ ត្អូញត្អែរ​ពី​ការ​បាត់​ចំណូល​ដោយសារ​រឿង​ដែល​គេ​ផលិត​បានហើយ​ដោយ​ចាយ​លុយ​ជា​ច្រើន​នោះ មិន​ត្រូវ​បាន​ចាក់​បញ្ចាំង ដើម្បីប្រមូលលុយមកបន្ដផលិតទៀត។

បន្ទាប់​ពី​ឆ្លងកាត់​ស្ថានភាព​ដ៏​តានតឹង នៃ​ជំងឺ​កូវីដ-១៩ ទាំង​ករណី​នាំ​ចូល និង​ព្រឹត្តិការ​សហគមន៍ រាជរដ្ឋាភិបាល បានសម្រេច​បិទ​បញ្ចប់​ព្រឹត្តិការ​ទាំង​នេះ ​តែរាជរដ្ឋាភិបាលនៅតែ​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់​រូប​ ត្រូវបង្កើន​ការ​ប្រុងប្រយ័ត្ន​ នៃ​ការ​ឆ្លង​ជំងឺកូវីដ-១៩​ ដដែល។ ដំណឹង​បើក​រោងភាពយន្ត​ឡើង​វិញនាពេលនេះ អាច​និយាយ​បាន​ថា​ជា​កាដូ​ដ៏​ធំ​សម្រាប់​អ្នក​រកស៊ី​ខាង​វិស័យ​ភាពយន្ត ជា​ពិសេស​ផលិតករ​ភាពយន្តដែលកំពុងទន្ទឹងរង់ចាំដំណឹងនេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់