• 2021-03-01 05:00:00
  • ព័ត៌មាន

ខ្សែជីវិត Ng Man Tat: ធ្លាប់ល្បីខ្លាំង ធ្លាក់ខ្លួនជាប់បំណុលជុំទិស ញៀនស្រីស្រា រហូតចង់សម្លាប់ខ្លួន

  • 2021-03-01 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២១ មាន​ដំណឹង​តក់ស្លុត​មួយ​បាន​ផ្ទុះ​ឡើង​ ទាក់ទង​នឹង​មរណភាព​របស់​តារាសម្ដែង​ជើង​ចាស់លោក Ng Man Tat។

តារា​ប្រុស​រូប​នេះ​បាន​លា​ចាក​លោក​ ឆ្ងាយ​ពី​អ្នក​គ្រប់​គ្នា​លែង​វិលត្រឡប់​ជា​រៀង​រហូត​ ក្រោយ​ឈឺរ៉ាំរ៉ៃ ដោយសារជំងឺ​មហារីក​ថ្លើម។ ការ​បាត់បង់​តារា​សម្ដែង​ជើង​ចាស់រូប​នេះ​ បន្សល់​ទុកនូវ​ការសោកស្ដាយ​អាល័យ​ពី​ក្រុមគ្រួសារ​ មិត្តភ័ក្តិ និង​អ្នកគាំទ្រ​ជា​ច្រើន។

ងាក​ចេញ​ពី​​ដំណឹង​សោកសៅ​នេះ​ បើ​​ក្រឡេក​ទៅ​ជោគវាសនា​នៃជីវិត​ការងារ​ និង​ជីវិត​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទសវត្សកន្លងមក​នេះ​ អ្នក​គាំទ្រ​នឹង​កាន់​តែ​ច្បាស់​ថា​លោកជួប​រឿង​ឡើងចុះច្រើន​យ៉ាងណា។

១. វាសនា​ឈាន​ដល់​ចំណុចជោគជ័យ​ តែ​ប្រែបុរសម្នាក់​នេះ​ទៅជា​ខូចខិលជាមួយស្រីស្រា

លោក Ng Man Tat កើត​នៅ​ឆ្នាំ១៩៥៣ ក្នុង​ក្រុង Xiamen ខេត្ត​ Fujian ប្រទេស​ចិន ប៉ុន្តែ​ក្រោយ​មក​ពេល​មាន​អាយុ ៧ឆ្នាំ លោក​ និង​គ្រួសារ​ក៏​បាន​ប្ដូរ​ទៅ​នៅ​ទីក្រុង​ហុងកុង​វិញ។ នៅពេល​នោះ​ ស្ថានភាព​គ្រួសារ​ត្រូវ​ធ្លាក់​ក្នុង​សភាព​ដុនដាប​ខ្លាំងបំផុត​។

ឪពុក​របស់​លោក Ng សង្ឃឹម​ថា​កូន​ច្បង​របស់​ខ្លួន​ម្នាក់​នេះ​អាច​បន្ត​របរ​តូចរបស់គ្រួសារ​បាន​ ប៉ុន្តែ​លោក Ng បាន​តាំង​ចិត្តធ្វើ​ជា​តារា​សម្ដែងទៅវិញ តប​តាម​ក្ដី​សុបិន​ផ្ទាល់។ លោក​បាន​កុហក​ឪពុក​ថា​រៀន​អង់គ្លេស​ពេល​យប់​ ប៉ុន្តែ​តាមពិត លោក​លួច​ទៅចូល​រៀន​សម្ដែង​នៅ​ TVB សោះ។ ទោះ​ជា​យ៉ាង​ណា​ ថ្ងៃ​មួយ​ឪពុកស្រាប់​តែ​ឃើញ​កូន​របស់ខ្លូន​ក្នុង​កញ្ចក់​ទូរទស្សន៍ដោយចៃដន្យ ហើយស្រាប់​តែ​ខឹង​សម្បារ​ជា​ខ្លាំង។ ​

រៀន​ចប់​ភ្លាម លោក Ng ក៏​បាន​ទទួល​ការងារ​ថត​រឿងជា​ច្រើន​ តែ​ត្រឹម​ជា​តួ​រង​សិនទេ។ នៅ​ក្នុង​ឆ្នាំ ១៩៧៩ ដោយសារ​សមត្ថភាព​សម្ដែង​រឿង​ «Chor Lau-heung» លោកក៏​ស្រាប់​តែ​ល្បីខ្លាំង​ ដល់ថ្នាក់ល្បីជាងតារា​សម្ដែង​ Chow Yun Fat ទៀត​កាល​នោះ។ លោក​ Ng ខ្លួន​ឯងធ្លាប់​បាន​ទម្លាយ​ដែរ​ថា​ «ពេលនោះ​គ្រប់ពេល​ដែល​ខ្ញុំ​បើក​ទ្វារសណ្ឋាគារ​ តែងមាន​នារីម្នាក់​រង់ចាំ​ខ្ញុំ​ពីក្នុង​ជានិច្ច»​។ នៅ​អាយុ​ ២៦​ឆ្នាំនោះ​ហើយ ជាពេល​ដែលលោក​ Ng ស្គាល់​រសជាតិ​ល្បី​ខ្លាំង​បំផុតលើកដំបូង​ក្នុង​ឆាកជីវិត។

ដោយសារ​តែ​ជោគវាសនា​តម្រូវ​ឲ្យ​លោក​ឡើងកូដ​លឿន រកលុយ​បាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​ដ៏ខ្លី ហើយពេល​នោះ​ ក៏ជា​ពេល​ដែល​លោក​ភ្លើតភ្លើន​សេពគប់​សុទ្ធ​តែមិត្តមិនល្អ។ លោកចាយ​លុយ​ដូច​ជះទឹក​ចោល គិត​តែពីសប្បាយ​តែមួយមុខគត់ ដោយសារ​តែលុយរកបាន​ស្រួលៗពេក។ រហូត​ក្រោយ​មក​ច្រើន​ឆ្នាំ ពេល​រម្លឹក​ទៅ​ពេល​នោះ លោក Ng ធ្លាប់បាន​និយាយ​ថា​ វា​ជា​ពេល​ដ៏​ខ្មៅ​ងងឹត​បំផុត​ក្នុង​ជីវិត​ ព្រោះ​លោក​ក្លាយជា​មនុស្សប្រមឹក និង​ចូលចិត្តឲ្យគេ​លើកតម្កើងខ្លួនឯង​រហូត។

លុះ​ក្រោយមក​ លុយ​ត្រូវ​អស់​ជា​បណ្ដើរៗ រហូតលោកត្រូវ​ដល់ពេល​ដើរខ្ចី​លុយគេ​ចាយគ្រប់កន្លែង។ ស្រាប់តែ​ពេល​មួយ​លោក​ឈ្នះ​រង្វាន់​បាន​លុយ បែរជាលោក​ងាក​សេព​គ្រឿង​ស្រវឹង​ជា​ថ្មី។ ក្រោយ​មក​ត្រឹម​ ១ឆ្នាំ​ប៉ុណ្ណោះ លោក Ng ក្លាយជា​មនុស្ស​មាន​តែ​សម្បកខ្លួន ​ព្រោះ​លុយ​ដែល​ខំ​រក​បាន​មក​ពី​ការ​ថត​ទាំងប៉ុន្មាន​ ត្រូវ​រលាយ​ខ្ទេច​គ្មាន​សល់ ហើយ​មាន​ឈ្មោះ​ជា​មនុស្ស​ជាប់​បំណុល​គ្រប់កន្លែង។ ក្នុង​នោះ​ ក៏​ធ្លាប់​មាន​ព័ត៌មាន​ផ្សាយ​ថា​ លោក Ng ធ្លាប់​សុំ​ខ្ចី​លុយតារាសម្ដែង​ Chow Yun Fat ដែរ ប៉ុន្តែ​ត្រូវ​ Yun Fat បដិសេធ​មិនឲ្យ​ខ្ចី​ ព្រោះ​តែ​លោកចង់​ឲ្យ​លោក Ng ភ្ញាក់​ខ្លួនដោយខ្លួន​ឯង និង​ចេះទទួលខុសត្រូវ​នូវអ្វី​ដែល​ខ្លួនសាង។ពេល​នោះ​លោក Ng ខឹង​លោក Chow ណាស់ តែក្រោយមក​ច្រើន​ឆ្នាំ ទើប​ដឹង​ការពិត​ពី​បំណង​របស់​មិត្តខ្លួន​ម្នាក់​នេះ។ មួយ​វិញ​ទៀត​ ស្ថិត​ក្នុង​ពេល​ពិបាក​បែប​នេះ​លោក​ Ng ក៏​ធ្លាប់​កើតគំនិត​ចង់​បញ្ចប់ជីវិត​ខ្លួន​ឯង​ដែរ។

២. វាសនា​ត្រូវ​ងើបឡើងជាថ្មីពេលជួបជាមួយទិនហ្វី តែបែរជា​ជាប់ពាក់ព័ន្ធ​ជាមួយ​ប្រពន្ធ​ដល់​ទៅ ៣​នាក់ និង​កូន ៥នាក់

លោក Ng Man Tatបាន​ប្រើវិធី​គ្រប់យ៉ាង​ត្រឡប់​ចូលសិល្បៈ​វិញ ប៉ុន្តែ​មិនបាន​ជោគជ័យ រហូត​បាន​ជួប Stephen Chow ឬ​ទិនហ្វី​ ទើប​លោក​មាន​ក្ដី​សង្ឃឹម​ជា​ថ្មី ដោយសារ​ទិនហ្វី​ជួយ​ឲ្យ​លោក​មាន​ការងារ​សម្ដែង​ហូរហែ និង​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ជាមួយ​នឹង​ស្នាដៃ​ភាពយន្តជា​ច្រើន។

ប៉ុន្តែ​បើ​ងាក​ទៅ​ជីវិត​​គ្រួសារ​វិញ​ ក៏​មាន​រឿង​ភ្ញាក់​ផ្អើលច្រើន​គួរសមដែរ។ កាលពី​ឆ្នាំ ១៩៧៦ លោក​ Ng បាន​រៀបការ​លើក​ដំបូង​ និង​មាន​កូន​ភ្លោះ​ស្រី​ ២នាក់។ ដោយសារពេលនោះ​ដល់ពេល​លោក​ជួបវិបត្តិ​រឿង​លុយ ទើប​ប្រពន្ធ​ត្រូវ​ចេញ​មុខ​ជួយ​រក​លុយ​បន្ថែម​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ ចិញ្ចឹមកូន២នាក់​ ក៏ដូចជា​រក​លុយ​ដោះ​បំណុល​ប្ដី។ ប៉ុន្តែ​ក្រោយមក​ ស្រាប់​តែ​លោក​សម្រេច​លែងលះ​ជាមួយ​ប្រពន្ធ​ទី១ ដោយគ្មាន​ស្រណោះ។

ក្រោយមក​លោក​បាន​ជួប​ប្រពន្ធ​ទី២ ដែល​ជា​តារា​សម្ដែងរបស់​ទូរទស្សន៍ TVB អ្នកស្រី Lo Siuchi ក្នុងឆ្នាំ ១៩៨៩ ហើយ​នៅ​ជាមួយ​គ្នា​មិន​បាន​ប៉ុន្មាន​ក៏​មាន​កូន​ស្រី ម្នាក់ភ្លាម។ ទោះ​ជា​យ៉ាង​ណា​ រំលង​បានជាង​ ៣ឆ្នាំក្រោយ ពេល​លោក​ Ng សម្ដែង​រឿង​ថ្មី​មួយនៅសិង្ហបុរី លោកក៏បាន​ភ្ជាប់​ចំណងស្នេហ៍ជាមួយ​នឹង​តារា​សម្ដែង​ម៉ាឡេស៊ី Hou Shanyan ក្នុងឆ្នាំ ១៩៩៣។ ពួកគេ​រៀបការ​ជាមួយ​គ្នា​នៅ​ឆ្នាំ ១៩៩៦ ហើយ​មាន​កូន​ស្រីប្រុសរួមគ្នា​ ២​នាក់​ទៀត។

៣. អាយុ​កាន់​តែ​ចាស់ ជំងឺកាន់​តែ​រួមរឹត តែ​ត្រូវ​ខំ​រក​លុយ​ចិញ្ចឹមប្រពន្ធ​កូនទៀត

រហូត​ដល់​ដង្ហើម​ចុងក្រោយ​ លោក​ Ngនៅ​តែ​ខំ​ប្រឹង​សម្ដែង​ ដើម្បី​បាន​លុយ​ផ្គត់ផ្គង់គ្រួសារ​ ព្រោះ​លោក​មាន​បន្ទុក​ច្រើនពេក។ បណ្ដាញ​សារព័ត៌មាន​បានឲ្យដឹង​ថា​ កាលលោក​នៅ​មាន​សុខភាព​រឹងមាំ លោក​រកលុយ​បាន​ និង​ឲ្យ​ប្រពន្ធ​ដល់ទៅ ៨សែន​ដុល្លារហុងកុង (​ខ្ទង់​ ១០៣ ១៣៦ដុល្លារអាមេរិក) ប៉ុន្តែពេល​សុខភាព​ចាប់​ផ្ដើម​ទន់ខ្សោយ លោក​មាន​លទ្ធភាព​រក​បាន​ត្រឹម​ ៦សែនដុល្លារហុងកុង (ខ្ទង់ ៧៧ ៣៥២ដុល្លារអាមេរិក) ប៉ុណ្ណោះ។ ដោយសារ​ចំនួនទឹក​ប្រាក់​ដែល​បាន​មក​ច្រើន​ដែរ ហេតុនេះ​ទើប​លោក​សុខចិត្ត​ យក​ជីវិត​ទៅប្ដូរ​ទាំង​ឈឺ​ ដើម្បី​បាន​សម្ដែង។

ងាកចូល​ស្ថានភាព​សុខភាព​ គឺ​កាល​ពី​ឆ្នាំ ២០១៤ សភាព​របស់​តារា​ប្រុស​រូប​នេះ​ចាប់​ផ្ដើម​មិនស្រួល​ខ្លាំង​ ទាក់ទង​នឹង​ជំងឺខ្សោយបេះដូង ស្ទើរ​តែ​ស្លាប់។ ជា​សំណាង​ល្អ​ ក្រុមគ្រូពេទ្យ​ខិតខំ​ព្យាបាល​ទាល់​តែជា ហើយ​លោក​ក៏​បាន​ផ្ដាច់ស្រា ឈប់ជក់បារី ជាហេតុ​សុខភាព​ប្រែ​ជា​ល្អ​វិញ។ ប៉ុន្តែ​ក៏​នៅ​មិន​បាន​មានន័យ​ថា​ លោក​រឹង​មាំ​ ១០០ភាគ​រយ​ដែរ ព្រោះ​ពេល​ត្រូវ​សម្ដែង ឬ​ត្រូវ​ចូលរួម​កម្មវិធី​អ្វី​មួយ​ លោក​ត្រូវ​ដាក់​អុកស៊ីហ្ស៊ែន ហើយពេល​ខ្លះ​ប៊ិះសន្លប់ទៀត។

ឈាន​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ​ Apple Daily បាន​រាយការណ៍​ថា​លោក​ Ng Man Tat ត្រូវ​បាន​គេ​បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ Hong Kong ភ្លាមៗ ដោយសារ​មហារីកថ្លើមធ្វើទុក្ខខ្លាំង។ ប៉ុន្តែ​ដោយសារ​សភាព​លោក​ Ng ធ្ងន់ធ្ងរទៅៗ ទើប​មិន​ដល់​ ១សប្ដាហ៍​ផង​ លោក​ត្រូវ​ផុតដង្ហើម​នៅ​រសៀល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១៕

ប្រភព៖ Kenh14

មតិយោបល់