• 2021-03-04 09:20:34
  • ព័ត៌មាន

ផែន បូទី ឲ្យ​តម្រុយ​ទៅ​រស់នៅ​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​នៅ​អឺរ៉ុប

  • 2021-03-04 09:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស ផែន បូទី ដែល​មាន​ជំនាញ​ខាង​និពន្ធ​បទ​ភ្លេង​ផង​នោះ បាន​ឲ្យ​តម្រុយ​មួយ​ថា​លោក​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ប៉ែក​អ៊ឺរ៉ុប គឺ​ប្រទេស អូទ្រីស។ តម្រុយ​នេះ ត្រូវ​បាន​លោក​បញ្ចេញ​នៅ​រសៀល​ថ្ងៃទី៤ ខែ​មីនា នេះ តាម​បណ្ដាញ​សង្គម​Facebook។

លោក ផែន បូទី និយាយ​ថា លោក​នឹង​បើក​បង្រៀន​និពន្ធ​បទ​ភ្លេង Mix &Masterដល់​បងប្អូន​គ្រប់​គ្នា មុន​នឹង​លោក​ចេញ​ទៅ​រស់នៅ​ប្រទេស អូទ្រីស។ លោក​និយាយ​បែប​នេះ នៅ​ពេល​លោក​ទៅ​បង្រៀន​និពន្ធ​បទ​ភ្លេង​ប្អូន​ប្រុស​ម្នាក់​ដល់​ស្ទូឌីយោ​ផ្ទាល់​តែ​ម្ដង៖"មក​បង្រៀន​ដល់​ផ្ទះ​តែ​ម្ដង រក​ឯណា​បាន ប្អូន​វីរៈ ត្រៀម​លុយ​បង់​ថ្លៃ​បង្រៀន​និពន្ធ​បទ​ភ្លេង Mix & Master ម៉ាស្ដង់ដា ៣០០០​ដុល្លារ គាត់​សុំ​បង់​រំលស់"។

Sabay មិន​ទាន់​អាច​ទាក់ទង​តារា​ចម្រៀង ផែន បូទី ដែល​មាន​សង្សារ​ជា​ជនជាតិ​បរទេស ដើម្បី​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​លោក​ឲ្យ​តម្រុយ​ថា​ទៅ​រស់នៅ​បរទេស​នេះ​ជា​ការ​ពិត​ដែរ​ឬទេ ហើយ​បើ​ជា​ការ​ពិត​នឹង​ចេញ​ទៅ​រស់នៅ​នៅ​ថ្ងៃ​ណា បាន​ទេ គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ទី៤ ខែ​មីនា នេះ។

បន្ទាប់​ពី​លោក​បាន​បញ្ចេញ​សារ​ដ៏​កម្រ​ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​លោក​តាម​បណ្ដាញ​សង្គម​នៅ​មុន​នេះ មាន​អ្នក​គាំទ្រ​លោក​ជា​ច្រើន​គិត​ថា ផែន បូទី ដែល​មាន​ទេពកោសល្យ​ទាំង​ការ​ច្រៀង និង​បទ​ភ្លេង​នោះ នឹង​ចេញ​ទៅ​រស់នៅ​ជាមួយ​សង្សារ​ដែល​ជា​ជន​បទេស ក្រោយ​ពី​រៀបការ​រួច​នៅ​ស្រុក​ខ្មែរ។ ប៉ុន្តែ​ការ​ពិត​យ៉ាង​ណា​នោះ​សាមី​ខ្លួន​មិន​ទាន់​ចេញ​មុខ​ស្រាយ​ចម្ងល់​ទាំង​នេះ​នៅ​ឡើយ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់