• 2021-04-12 02:57:35
  • ព័ត៌មាន

ភ្លេច​ៗ​ខ្លួន បាន​ទទួល ២លាន Sub ស្រាប់​តែ វណ្ណដា ពោល​បែប​នេះ​ចេញ​មក

  • 2021-04-12 02:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉េប​លេចធ្លោ វណ្ណដា បាន​សម្រេច​សមិទ្ធផល​អស្ចារ្យ​នៅ​ដើម​ឆ្នាំ ២០២១ ក្នុង​នោះ ក្រោយ​ពី​ជោគជ័យ​ខ្លាំង​ជាមួយ​បទ​ចម្រៀង ជាមួយ​ព្រឹទ្ធាចារ្យ គង់ ណៃ " Time to Rise” ឥឡូវ​នេះ លោក​បាន​ជោគជ័យ​ថ្មី​ទៀត​ជាមួយ​នឹង​ឆាណែល​យូធូប​ផ្ទាល់​ខ្លួន​ដែល​ទទួល​បាន​ចំនួន​អ្នក​ចុច​តាមដាន(Subscribe)ចំនួន​ជាង ២លាន​នាក់។

សមិទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​រ៉េប​មក​ពី​ខេត្ត​ព្រះសីហនុ ទប់​មាត់​មិន​ជាប់​ថា លោក​រំភើប​ណាស់​នា​ពេល​នេះ។ យ៉ាង​ណា​ក៏​ដោយ វណ្ណដា ថា​នេះ​មិន​មែន​ជា​លទ្ធផល​របស់​លោក​តែ​ម្នាក់ឯង​នោះ​ទេ។ "ខ្ញុំ​អាចដើរដល់ចំណុចនេះជាមួយនិងអ្នកគាំទ្ររបស់ខ្ញុំ គឺពិតជាមិនមែនជារឿងលេងសើច និងងាយស្រួលឡើយ ខ្ញុំពិតជារំភើបពិបាករកអ្វីនិយាយ…!។

ឆាណេល​យូធូប​របស់ វណ្ណដា ដែល​មាន​ឈ្មោះ​ថា "វណ្ណដា-Vannda Official” បាន​បង្កើត​ឡើង​កាល​ពី​៤​ឆ្នាំ​មុន មក​ទល់​នឹង​ពេល​នេះ ចំនួន​អ្នក​ចុច​តាម​ដាន(Subscribe) មានចំនួន ២.០២នាក់ ដែល​ជា​ចំនួន​ចុច​តាម​ដាន​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​ឆាណែល​តារា​ចម្រៀង​ក្នុង​ស្រុក។ ជាមួយ​នឹង​ឆាណែល​មួយ​នេះ វណ្ណដា បាន​សាង​សមិទ្ធផល​ធំ​បន្តបន្ទាប់។

កាល​ពី​ឆ្នាំ ២០២០ លោក​បាន​ផ្ទុះ​ខ្លាំង​ជាមួយ​បណ្ដា​បទ​ក្នុង​អាល់ប៊ុម "Skull” របស់​លោក​មានដូច​ជា​បទ "Demon” “Move on” “J+O” និង​បទ "Mama” ជា​ដើម។ មក​ដល់ ២០២១ លោក​បាន​បើក​ទំព័រ​សករាជ​ដ៏​ល្អ​អស្ចារ្យ​ជាមួយ​បទ "Time to Rise” ដែល​ជា​ការ​ច្រៀង​លើក​ដំបូង​បំផុត​ជាមួយ​ព្រឹទ្ធាចារ្យ​សិល្បករ​ចម្រៀង​ចាប៉ី​ដង​វែង គង់ ណៃ។ បទ​នេះ​មក​ទល់​ថ្ងៃ​ទី ១២ មេសា នេះ មាន​អ្នក​ចូល​ទស្សនា​ជាង ១៣លាន​ដង​ហើយ​ក្នុង​រយៈ​ពេល​តែ​ជាង១​សប្ដាហ៍។

ចំណុច​លេច​ធ្លោ​បំផុត បទ​ចម្រៀង​ភាគ​ច្រើន​របស់ វណ្ណដា ត្រូវ​បាន​ជនជាតិ​បរទេស​មិន​ថា​អាស៊ី អាមេរិក អឺរ៉ុប អាហ្រ្វិក យក​ទៅ​ធ្វើ Reaction ជា​ច្រើន ជា​​ហេតុ​ឲ្យ​លោក​ទាញ​បាន​មក​វិញ​នូវ​ល្បីល្បាញ​កាន់​តែ​ខ្លាំង ហើយ​ឆាណែល​យូធូប​របស់​លោក​ខាងលើ ក៏​មាន​អ្នក​ចុច Sub កើន​ឡើង​លឿន​ដែរ ដែល​ដល់​ពេល​នេះ​ជា ២លាន Sub ហើយ។

វណ្ណដា ពោល​បន្ត​ថា សមិទ្ធផល​អស្ចារ្យ​ទាំង​នេះ មិន​មែន​កើត​ឡើង​ពី​សមត្ថភាព​លោក​តែ​ម្នាក់​ឯង​នោះ​ទេ។ លោក ថ្លែង៖ "មិនមែនសមត្ថភាពខ្ញុំម្នាក់ឯងអាចធ្វើបានឡើយគឺ«ពួកយើង» ខ្ញុំសង្ឃឹម និងរំពឹងទុកថា នឹងអាចស្វែងរកអ្វីដែលអស្ចារ្យបន្តទៀត ដើម្បីលើកមុខមាត់ប្រទេស និងសាងស្នាដៃសម្រាប់បន្សល់អោយមនុស្សជំនាន់ក្រោយ អរគុណ"៕

អត្ថបទ៖ ទារិកា

មតិយោបល់