- 2021-04-13 03:05:47
- ព័ត៌មាន
ទីបំផុត វណ្ណដា ចេញមុខបកស្រាយពីឃ្លា "ពេលនេះមាន វណ្ណដា" ដែលមានក្នុងបទ "Time to Rise”
- 2021-04-13 03:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត វណ្ណដា ចេញមុខបកស្រាយពីឃ្លា "ពេលនេះមាន វណ្ណដា" ដែលមានក្នុងបទ "Time to Rise”
ចន្លោះមិនឃើញ
តាមរយៈវីដេអូខ្លីមួយបង្ហោះនៅលើប្រព័ន្ធ Tiktok គេឃើញតារាចម្រៀង វណ្ណដា បានចេញមុខបកស្រាយពីមួយចំណុចក្នុងបទចម្រៀង "Time to Rise” ដែលបានចេញផ្សាយនៅលើបណ្ដាញសង្គមកាលពីដើមខែមេសានេះ។
បទខាងលើ គឺជាបទទី១ ដែលប្រិយមិត្តបានឃើញតារារ៉េបដ៏ល្បីរបស់កម្ពុជា មានឱកាសបានច្រៀងរួមគ្នាជាមួយវិរៈសិល្បករចម្រៀងចាប៉ីដងវែង ព្រឹទ្ធាចារ្យ គង់ ណៃ និងជាបទដែលឆក់យកការគាំទ្រយ៉ាងគំហុកបំផុត ដោយត្រឹមរយៈពេល ២២ម៉ោងប៉ុណ្ណោះ បទនេះទាញអ្នកទស្សនាបានជាង១លានដង។ យ៉ាងណាក៏ដោយ នៅក្នុងមានឃ្លាមួយបង្កប់នៅក្នុងនោះ ដែលត្រូវបានសាធារណៈមតិខ្លះ យល់ថាជាការលើកតម្កើង វណ្ណដា ជ្រុលពេក។
ឃ្លានោះ តារាចម្រៀងបានច្រៀងពោលដូច្នេះថា៖ “ខ្មែរយើងពីមុនអស្ចារ្យ យើងជាគុជនៃអាស៊ី ហើយឥឡូវមានវណ្ណដា!...ខ្មែរយើងពីមុនថ្លៃថ្លា មានបេះដូងសិល្បៈឆ្លាក់លើប្រាំងសិលា ស៊ី ស៊ីសាមុត រស់ សេរីសុទ្ធា ប៉ែន រ៉ម មាស សាម៉ន ព្រលឹងសិល្បៈនៃកម្ពុជា យកពួកគាត់ធ្វើគំរូ ធ្វើជាគ្រូផ្ចាញ់មា បង្កើតទំព័រប្រវត្តិសាស្ត្រដាស់ពពួកលីលា...”។
សាធារណៈមតិ សង្កត់ន័យត្រង់ឃ្លានេះ គឺ "ខ្មែរយើងពីមុនអស្ចារ្យ យើងជាគុជនៃអាស៊ី ហើយឥឡូវមាន វណ្ណដា…"។ បញ្ហានេះបាននាំឲ្យសាមីខ្លួនតារាចម្រៀងបានចេញមុខមកបកស្រាយ។ តាមរយៈវីដេអូខ្លីលើ Tiktok វណ្ណដា បានពន្យល់ឲ្យដឹងថា ន័យពិតប្រាកដមិនមែនអីចឹងឡើយ។ លោកថា ពាក្យថា "ខ្មែរយើងពីមុនដូចអ្វីដែលខ្ញុំបាន Mention នៅក្នុងចម្រៀងអីចឹង គឺខ្មែរយើងពីមុនអស្ចា្យ ពិតជាអស្ចារ្យ ខ្មែរយើងជាគុជនៃអាស៊ីពិតមែន ហើយចំណុចឃ្លាដែលខ្ញុំនិយាយថា ឥឡូវមានវណ្ណដា មិនមែនមានន័យថាខ្ញុំ វណ្ណដា ជាគុជនៃអាស៊ីនោះទេ...!”។
តារារ៉េប បន្តថា លោកគ្រាន់ចង់ប្រើប្រាស់នៃធៀបប៉ុណ្ណោះ ថាលោកនឹងមនុស្សម្នាក់ដែលជួយអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ដ៏ប្រសើរថ្លៃថ្លារបស់ខ្មែរឲ្យពិភពលោកបានស្គាល់ប៉ុណ្ណោះ។ លោកថ្លែងថា "ឥឡូវនេះមាន វណ្ណដា ហើយវណ្ណដា នឹងជួយអភិរក្សវប្បធម៌មួយនេះ វណ្ណដា នឹងជួយលើកតម្កើងសិល្បៈមួយនេះ វណ្ណដា នឹងជួយឲ្យអស់ពីសមត្ថភាព!”។
តបនឹងការចេញមកបកស្រាយរបស់តារាចម្រៀងវ័យក្មេងមកពីខេត្តព្រះសីហនុ ប្រិយមិត្តជាច្រើនបានទទួលយក និងយល់ស្របថា តាមរយៈបទ "Time to Rise” គឺពិតជាជួយឲ្យបរទេស ក៏ដូចជាពិភពលោកបានស្គាល់ពីមរតកវប្បធម៌របស់ខ្មែរយើងបានច្រើនពិតមែន។ ដូច្នេះដែរ ពួកគេលើកទឹកចិត្តឲ្យតារាចម្រៀងបន្តការងារដ៏ល្អនេះ បន្តទៀត ក្នុងន័យពិភពលោកស្គាល់ពីកេរ្តិ៍មរតកសិល្បៈវប្បធម៌ខ្មែរកាន់តែច្បាស់ថែមទៀត៕