• 2021-06-21 07:45:26
  • ព័ត៌មាន

លេច​ចេញ​កុមារី​កម្ពុជា​ម្នាក់​ទៀត អាយុ ១២​ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ​ ស្រស់​ស្អាត​ខ្លាំង​កំពុង​ទាក់ទាញ​លើ​ហ្វេសប៊ុក

  • 2021-06-21 07:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រយៈ​ចុង​ក្រោយ​នេះ នៅ​ក្នុង​សង្គម​សិល្បៈ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កុមារី​២នាក់​របស់​កម្ពុជា គឺ​ទី​១ ព្រះនាង​តូច នរោត្តម ជេនណា និង​កុមារី ល្អ​ហួស ដែល​ពួក​គេ​មាន​រូប​រាង​ស្រស់​ស្អាត និង​មាន​ទេពកោសល្យ​សិល្បៈ​ខ្ពស់​គួរ​ឲ្យ​សរសើរ។ នៅ​ពេល​នេះ​ទៀត មាន​កុមារី​កម្ពុជា​ម្នាក់​ហើយ បាន​លេច​វត្តមាន​ជាមួយ​ចំណុច​វិជ្ជមាន​ទាំង​ព្រម​ដែរ។

កុមារី​នោះ មាន​ឈ្មោះ លី វិជ្ជរ៉ា មាន​វ័យ ១២​ឆ្នាំ គឺ​ជា​ប្អូន​ស្រី​បង្កើត​របស់​តារា​ប្រុស លី ឧត្តម តារា​ប្រុស​មួយ​រូប​ដែល​លេច​ធ្លោ​ក្នុង​ការ​តុបតែង​ខ្លួន។ កុមារី​រូប​នេះ បាន​ទាក់ទាញ​យក​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម។ ភាព​ទាក់​ទាញ​ទាំង​នោះ គឺ​មក​តាម​រយៈ​រូប​សម្រស់ និងការតុបតែងខ្លួនបានយ៉ាងសាកសមស៊ីវីល័យ មិនចាញ់តារាល្បីលំដាប់អាជីពនោះទេ។

ទាំង​នោះ​ជា​អ្វី​ដែល​គេ​បាន​ឃើញ​នាង​នៅ​លើ​បណ្ដាញ​សង្គម ស្រប​ពេល​ដែល​នាង​ក៏​បាន​បង្ហាញ​ពី​គោល​ដៅ​ច្បាស់​នៅ​ក្នុង​សិល្បៈ គឺ​នាង​ចង់​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Miss Universe នា​ថ្ងៃ​អនាគត។ វិជ្ជរ៉ា បាន​សរសេរ​សារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ៖ ”អនាគតពេលអូនគ្រប់អាយុ អូនចង់ទៅប្រកួតMiss Universe តើពូមីងបងប្អូនគាំទ្រទេ? ស្រលាញ់ណាស់ ចង់ណា តើអាចទេ?"។

ចំពោះ​សំណួរ​នេះ ក៏​មាន​ប្រិយមិត្ត​ភ្លូក​ទឹក​ភ្លូក​ដី​ចូល​ទៅ​សរសេរ​សារ​ឆ្លើយ​តប ខ្លះ​សរសើរ​ត្រង់​ៗពី​រូប​សម្បត្តិ​ដ៏​ស្រស់​ផូរផង់ ការ​រៀប​ចំ​ខ្លួន ខណៈ​អ្នក​ខ្លះ​ទៀត ក៏​មាន​ជំនឿ​ថា កុមារី អាច​នឹង​ទៅ​រួច​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ ហើយ​អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ផង​ក៏​មិន​ដឹង។

ចំពោះ​បញ្ហា​នេះ លោក លី ឧត្តម ដែល​ជា​បង​ប្រុស​បង្កើត​ វិជ្ជរ៉ា ក៏​ភ្ញាក់​ផ្អើល​ដូច​គ្នា ដោយ​មិន​នឹក​ស្មាន​ថា ទស្សនិកជនជាច្រើន ចាប់អារម្មណ៍មកលើ​ប្អូន​ស្រី​ខ្លួន​បែប​នេះ​សោះ។ បង​ប្រុស​រូប​នេះ បាន​ឲ្យ​ដឹង​ថា លី វិជ្ជរ៉ា មានកម្ពស់១,៦៥ម៉ែត្រ ទម្ងន់៤៥គីឡូក្រាម គឺជាកូនទី៣ក្នុងចំណោមបងប្អូន៤នាក់ ស្រី២នាក់ ស្រប​ពេល​លោកគឺជាកូនច្បងក្នុងគ្រួសារ។ ហើយ​ថា កូន​ស្រី​ទី៣ នេះ​ទំនង​បោះ​ជំហាន​ចូល​សិល្បៈ​ចៀស​មិន​រួច​នា​ពេល​ខាង​មុខ។

ឧត្តម បញ្ជាក់​ថា តាមពិតឆ្នាំនេះ វិជ្ជរ៉ានៅមិនទាន់មានវ័យ១២ឆ្នាំស្រួលបួលផង គឺនាងនឹងគម្រប់វ័យ១២ឆ្នាំនៅអំឡុងខែធ្នូខាងមុខនេះ។ ថ្វី​ត្បិត​តែ​លោក​អ្នក​សិល្បៈ តែ​លោកមិនដែលអូសទាញប្អូនស្រីឲ្យប្រឡូកក្នុងវិស័យសិល្បៈឡើយប៉ុន្តែកន្លះឆ្នាំចុងក្រោយនេះនាងបានបង្ហាញ​ពី​ការ​ស្រលាញ់​វិស័យ​សិល្បៈ​ខ្លាំង ជាច្រើនទម្រង់ទាំងការច្រៀង សម្តែង បង្ហាញម៉ូត និងពិធីករ។ ទោះជាយ៉ាងណាអ្វីដែលលោកចាប់អារម្មណ៍ថានាងមានទេពកោសល្យ​ពីធម្មជាតិ គឺការដើរបង្ហាញម៉ូត និងពិធីករ ហើយប្រសិនបើនាងទទួលបានការបង្វឹកពីអ្នកជំនាញគឺអាចនឹងឈានឡើង។

ដូច្នេះ​ហើយ លោក​ថា ក្រុមគ្រួសារទាំងមូល បាន​លើកទឹកចិត្តនាង​បន្ថែម​ទៀត ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​ដែល​នាង​ស្រឡាញ់ ពោល​គឺ​គាំទ្រ​ពេញទំហឹង​ចំពោះ​ឆន្ទៈ​ចង់​ចូល​ប្រឡូក​ក្នុង​កម្មវិធីកញ្ញាឯក ឬក្នុងអាជីពសិល្បៈនៅថ្ងៃអនាគត ហើយអ្វីដែលអាចទៅព្រមជាមួយគ្នាគឺទាំងសមត្ថភាព សីលធម៌ និងចំណេះដឹង។ លី ឧត្តម បន្ត​ថា ពេល​នេះ ប្អូន​ស្រី​លោក​កំពុង​សិក្សា​ថ្នាក់ទី៦នៃសាលាប៊ែលធីអន្តរជាតិសាខាផ្សារដីហុយ ហើយឆ្នាំក្រោយលោក និងគ្រួសារសម្រេចឲ្យនាងចូលសិក្សានៅលាលាភូមិន្ទវិចិត្រសិល្បៈ ដើម្បីបំពេញបំណង និងចង់ឲ្យនាងសិក្សាស្វែងយល់ លើចំណេះដឹងនិងរៀនពីមូលដ្ឋាននៃទម្រង់សិល្បៈបាតរបស់ខ្មែរ មុនពេលនាងចូលរួមប្រកួត ឬចូលប្រឡូកក្នុងអាជីពសិល្បៈពេញទំហឹងនៅពេលពេញវ័យ៕

រូបភាព៖ផ្ដល់អោយ!

អត្ថបទ៖ ទារិកា

មតិយោបល់