• 2021-06-22 10:00:28
  • ព័ត៌មាន

បឋម! តារា​សម្ដែង អេដ វីន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ

  • 2021-06-22 10:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​បឋម​ត្រូវ​បាន​គេ​រាយការណ៍​ថា​តារា​សម្ដែង​លោក យិត មាស​ឧស្សាហ៍ ហៅ​អេដ វីន ត្រូវ​បាន​មន្ត្រី​កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​លើ​ស្ត្រី​ភេទ។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដំណឹង​នេះ​ដោយ​មាន​ភ្ជាប់​រូប​ថត​លោក​អេដ វីន ដែល​ដៃ​កំពុង​ជាប់​ខ្នោះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​នៅ​ឡើយ ខណៈ​ដែល​លោក​អេដ វីន ផ្ទាល់​និង​ជន​រងគ្រោះ​ដែល​ជា​សង្សារ គឺ​អ្នក​នាង សុទ្ធ បញ្ចកា មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​នៅ​ឡើយ​គិត​ត្រឹម​ម៉ោង​៤​កន្លះ ក្នុង​ថ្ងៃ​ទី២២ ខែ​មិថុនា​ដដែល​នេះ។

កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១ ជន​រងគ្រោះ គឺ​អ្នក​នាង សុទ្ធ បញ្ចកា ដែល​ត្រូវ​ជា​សង្សារ​របស់​តារា​សម្ដែង​ប្រុស​អេដ វីន បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​Facebook ផ្ទាល់​ខ្លួន​ថា នាង​ត្រូវ​បាន​អេដ វីន វាយ​ធ្វើ​បាប​យ៉ាង​ដំណំ​នៅ​ក្នុង​បន្ទប់។ ក្នុង​ការ​ប្រកាស​នោះ នាង​បាន​បញ្ចេញ​រូប​ថត​ដែល​ជា​ភស្តុតាង​សំខាន់​ក្នុង​ករណី​នេះ​ជា​ច្រើន​សន្លឹក ហើយ​រូប​ថត​ភាគ​ច្រើន​គេ​ឃើញ​នាង​មាន​ស្នាម​ជាំ និង​ដាច់​សាច់​ស្ទើរ​សុះខ្លួន​តាំង​ពី​ក្បាល​រហូត​ដល់​ជើង។

ភ្លាមៗ​នោះ​អ្នក​មេម៉ាយ​កូន​២ សុទ្ធ បញ្ចកា និយាយ​ថា​នាង​អស់​ការ​អត់ធ្មត់​នឹង​លោក​អេដ វីន ទៀត​ហើយ​ដែល​កន្លង​ទៅ​តែងតែ​ប្រើ​ហិង្សារ​លើ​នាង​ដោយ​គ្មាន​ហេតុផល។ នាង​ប្រកាស​ថា​នឹង​ជួប​លោក​អេដ វីន នៅ​តុលាការ ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ​ដោយ​មហាជន​នឹក​ឃើញ​ថា​រឿង​នេះ​ត្រូវ​បាន​សម្របសម្រួល​បញ្ចប់​ទៅ​វិញ ដោយ​ភាគី​ខាង​ស្រី​បាន​ផ្ដល់​តម្រុយ​ជា​ច្រើន​ថា​រូប​នាង និង​អេដវីន នឹង​ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្ដែ​ស្រាប់​តែ​ផ្ទុះ​ការ​ភ្ញាក់​ផ្អើល​នៅ​រសៀល​នេះ​ក្រោយ​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់