• 2021-06-23 08:31:36
  • ព័ត៌មាន

កាន់​តែ​ជ្រៅ! អេដ វីន ប្រឈម​នឹង​ជាប់​ពន្ធនាគារ និង​ពិន័យ​ប្រាក់​ជា​ច្រើន​លាន​រៀល​ពី​បទ"​ហិង្សា​ដោយ​សហព័ទ្ធ"

  • 2021-06-23 08:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​តារា​សម្ដែង​លោក យិត មាស​ឧស្សាហ៍ ហៅ​អេដ វីន ពី​បទ​ហិង្សា​ដោយ​សហព័ទ្ធ​តាម​មាត្រា​២២២ នៃ​ក្រមព្រហ្មទណ្ឌ នៅ​រសៀល​ថ្ងៃ​ទី២៣ ខែ​មិថុនា បន្ទាប់​ពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ឃាត់​ខ្លួន​លោក​បញ្ជូន​ដល់​តុលាការ​កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ដោយ​ផ្អែក​លើ​ប្រភព​ពី​តុលាការ។

តាម​នីតិ​វិធី បន្ទាប់​ពី​តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់ ព្រះរាជ​អាជ្ញា​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​ជន​ជាប់​ចោទ​អាច​នឹង​ត្រូវ​ដាក់​ពន្ធនាគារ ឬ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ដោយ​មាន​លើក​សម្អាង​ហេតុ​ច្បាស់​លាស់។ ចំពោះ​ករណី​លោក អេដ វីន គេ​មិន​បាន​ដឹង​ទេ​ថា​តើ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន ឬ​យ៉ាង​នោះ​ទេ ខណៈ​ដែល​ការ​ឃាត់​ខ្លួន និង​ការ​បំភ្លឺ​របស់​តារា​រូប​នេះ​នៅ​ស្ថិត​ជា​អាថ៌កំបាំង​នៅ​ឡើយ។

Sabay បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក អ៊ី រិន ដើម្បី​បញ្ជាក់​បន្ថែម​លើ​ករណី​នេះ ប៉ុន្តែ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់​បើក​ឡើយ ហើយ​សុំ​ឲ្យ​ទាក់ទង​ទៅ​អ្នកនាំ​ពាក្យ​តំណាង​អយ្យការ គឺ​លោក ប្លង់ សុផល ប៉ុន្ដែ​Sabay មិន​អាច​រក​ប្រភព​ទាក់ទង​បាន​គិត​ត្រឹម​ម៉ោង​៣ រសៀល​ថ្ងៃ​ទី២៣ ខែ​មិថុនា នេះ។

សូម​រំលឹក​ថា ការ​ជាប់​បណ្ដឹង​នៅ​តុលាការ​របស់​តារា​សម្ដែង អេដ វីន បន្ទាប់​ពី​មាន​ការ​ប្ដឹង​របស់​សង្សារ​របស់​ខ្លួន គឺ​អ្នក​នាង សុទ្ធ បញ្ចកា ដោយ​បាន​អះអាង​ថា​លោក អេដ វីន បាន​ប្រើ​ហិង្សា​យ៉ាង​ដំណំ​មក​លើ​នាង​កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១។ ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ពិរុទ្ធភាព​ដូច​ការ​ចោទ​ប្រកាន់ លោក អេដ វីន ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​ពីរ ទៅ​ប្រាំ​ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​ចាប់​ពី​បួន​លាន​រៀល ដល់​ដប់​លាន​រៀល៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់