• 2021-08-02 03:02:02
  • ព័ត៌មាន

រឿងភាគកូរ៉េល្បីៗទាំង ១០នេះកាក់កបជាងគេ ដោយត្រូវប្រទេសមួយចំនួនទិញសិទ្ធិយកផលិតជាថ្មី

  • 2021-08-02 03:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តភាគ​កូរ៉េ ពិតជា​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ទស្សនានៅ​តំបន់អាស៊ី ដោយសារ​សាច់រឿង​ប្រទាក់ក្រឡា និង​គួរ​ជាទី​ជក់ចិត្តពីមួយភាគទៅមួយភាគ។ អ្វី​ដែល​គួរ​ឲ្យចាប់អារម្មណ៍ទៅទៀតនោះ ភាពយន្ត​ល្បី​មួយ​ចំនួន​ក៏​ត្រូវ​បាន​ បណ្ដាប្រទេស​ជា​ច្រើន​ទិញ​សិទ្ធិយក​ទៅផលិតតាមដែរ។ សូម​ទស្សនាដូចខាងក្រោម នូវរឿងភាគ​ចំនួន​ ១០រឿង ដែល​ត្រូវ​បាន​ផលិតសាជាថ្មី​ដោយ​ប្រទេសផ្សេងៗ៖

១. រឿង «All About Eve»

រឿង​នេះបញ្ចាំង​នៅ​ឆ្នាំ ២០០០ និង​ត្រូវ​បាន​ផលិតសាជាថ្មី​ដោយ​ប្រទេស​ហ្វីលីពីននៅឆ្នាំ ២០០៩ ដោយ​ដាក់ចំណងជើងដូចគ្នា​នេ។ ប្រទេស​ចិនក៏បាន​ថតរឿង​នេះ​ជាថ្មី​ ដោយ​ដាក់ចំណងជើងថា «Fall In Love With Anchor Beauty» កាល​ពីឆ្នាំ ២០១០

២. រឿង «Autumn In My Heart»

រឿងភាគ​នេះ​ក៏​បញ្ចាំង​នៅឆ្នាំ ២០០០​​ដែរ ដោយ​បញ្ចូល​វគ្គ ​ចូលគ្នាហៅថា «Endless Love»។ ប្រទេស​ដែល​ទិញសិទ្ធិ​យកទៅផលិតបន្តមាន​ ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ទួរគី ចិន និង​កម្ពុជា។

៣. រឿង «Descendants of the Sun»

ចេញផ្សាយ​នៅឆ្នាំ ២០១៦ និង​ភ្លាម​ៗទទួល​បាន​ការ​គាំទ្រ ល្បីរន្ទឺ​ពេញ​ទ្វីបអាស៊ីទៀត។ ខ្សែភាពយន្ត​មួយ​នេះ​ត្រូវ​បាន​លើកយក​ទៅ​ផលិតបន្ត​ដោយ​ប្រទេស​​ចិន​នៅ​ឆ្នាំ ២០១៧ វៀតណាម នៅឆ្នាំ ២០១៨ និង​ ហ្វីលីពីន​​នៅ​ឆ្នាំ ២០២០។

៤. រឿង «Good Doctor»

នេះ​ក៏ជា​ភាពយន្តភាគ​កូរ៉ដែល​ទទួល​បាន​ការ​គាំទ្រ​គគ្រឹកគគ្រេងដែរ ជាមួយ​នឹង​សាច់រឿង​ផ្ដោតលើ​ទឹកចិត្តគ្រូពេទ្យដែល​មាន​នាទី​ជួយ​ជីវិតមនុស្ស។ រឿងនេះ​ចេញ​ផ្សាយ​ដំបូង​នៅ​ឆ្នាំ ២០១៣ ហើយដោយសារ​តែភាព​ជោគជ័យ​របស់​វា​ ទើប​ត្រូវ​បាន​សហរដ្ឋអាមេរិក ជប៉ុន និងទួរគី​។

៥. រឿង «I’m Sorry, I Love You»

ភាពយន្តភាគចេញផ្សាយ​នៅ​ឆ្នាំ ២០០៤ មួយ​នេះ​និយាយ​ពីជនបោកប្រាស់ដែលជួប​រឿង​លំបាក​ក្នុង​ជីវិត ហើយបាន​ជួប​នឹង​នារី​ម្នាក់​រហូត​ធ្លាក់​ក្នុងអន្លង់ស្នេហ៍។ រឿង​នេះ​ត្រូវ​បាន​ផលិតជា​ថ្មី​ដោយ​ប្រទេស​ទួរគី​​នៅ​ឆ្នាំ ២០១៣ **ចិន​**ផលិតនៅឆ្នាំ ២០១៤ ថៃផលិតនៅ​ឆ្នាំ ២០១៦ និង **ជប៉ុន​**ថតនៅឆ្នាំ ២០១៧​។

៦. រឿង «My Love from the Star»

រឿង​នេះ​ផ្សាយ​នៅ​ឆ្នាំ ២០១៣-២០១៤ និង​ត្រូវ​បាន​ចិន​ទិញសិទ្ធិយកទៅផលិតបន្តបន្ទាប់ដេញជាស៊េរីនៅ​ឆ្នាំ ២០១៤ ២០១៦ ២០១៧ ២០១៨ និង ២០១៩។ ចំណែក​នៅ​ប្រទេស​ហ្វីលីពីន​​ក៏​មាន​ Version របស់​ខ្លួន ដោយចេញ​នៅឆ្នាំ ២០១៧ ហើយចុងក្រោយ​គេ​គឺថៃ ដែល​ផលិតនៅឆ្នាំ ២០១៩​។

៧. រឿង «Signal»

ដោយសារ​សន្ទុះ​នៃ​ការ​គាំទ្រខ្លាំង​ក្លាពេក​ ទើបរឿង​នេះ​ត្រូវ​បាន​ប្រទេស​ជប៉ុន​​ទិញ​សិទ្ធិផលិតបន្តនៅ​ឆ្នាំ ២០១៨ ស្របពេលចិន​​ទិញ​សិទ្ធិផលិតបន្តនៅ​ឆ្នាំ ២០១៩។

៨. រឿង «Stairway to Heaven»

ភាពយន្តកម្សត់មួយរឿង​នេះ​បង្ហាញ​មុខដំបូង​នៅ​ឆ្នាំ ២០០៣ និង​ ២០០៤។ ខ្សែរឿង​ពិតជា​កម្សត់ហួសនិស្ស័យ និយាយ​ពី​រឿង​រ៉ាវស្នេហាប្រទាក់ក្រឡាមិនចេះស្វាង។ រឿងនេះ​ត្រូវ ហ្វីលីពីន​​ផលិតជាថ្មីនៅ​ឆ្នាំ ២០០៩ ឥណ្ឌូនេស៊ី​ថតនៅឆ្នាំ ២០១១​ ស្របពេល​កម្ពុជា​ និង​​រុស្ស៊ី​ផលិតរឿង​នេះជា​ថ្មី​នៅ​ឆ្នាំ ២០១៦ដូចគ្នា។

៩. រឿង «Voice»

រឿងនេះចេញផ្សាយជាផ្លូវការ​តាំងពីឆ្នាំ ២០១៧ ហើយតាម​ព័ត៌មាន​នឹងមាន​រដូវកាល​ទី ៤ ដែល​គ្រោង​នឹង​បញ្ចាំងនៅ​ឆ្នាំ ២០២១​នេះ។ ល្បី​ម្ល៉ឹងៗពិតជា​ក្លាយជា​ការ​ចាប់អារម្មណ៍ខ្លាំង​ចំពោះជប៉ុន និង​ថៃ​ ទើប​ប្រទេស​ទាំង​ ២​ទិញសិទ្ធិយក​ទៅ​ផលិតជា​ Version ប្រទេស​របស់ខ្លួន។

១០. រឿង «Winter Sonata»

រឿង​ភាគនេះ ស្ថិតក្នុងវគ្គផ្សេងទៀតរបស់រឿង «Endless Love» ដោយ​វា​ត្រូវបានជប៉ុន​ សម្រេច​ផលិតជា Comic នៅ​ឆ្នាំ ២០០៤ និង​គំនូរជីវចល​នៅ​ឆ្នាំ ២០០៩ចិន​ និង​ឥណ្ឌូនេស៊ី​វិញផលិតជា​រឿង​ភាគ​ទាំងស្រុងនៅឆ្នាំ ២០១២​៕​​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់