• 2018-08-02 02:33:07
  • ព័ត៌មាន

ម្ដាយ Paul Walker រៀបរាប់​លម្អិតពី​ហេតុការណ៍​នៅ​ថ្ងៃ​លោក​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត

  • 2018-08-02 02:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​វីដេអូ​ឯកសារ​ថ្មី​រៀបរាប់​ពី​ជីវិត​របស់​អតីត​តារា​សម្ដែង Paul Walker ម្ដាយ​របស់​លោក​បាន​បង្ហាញ​ពី​រឿង​លំអិត​ថ្មី​ពាក់ព័ន្ធ​នឹង​ថ្ងៃ​ដែល​កូន​ប្រុស​របស់​នាង​ជួប​គ្រោះ​អកុសល​រហូត​ដល់​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ ២០១៣។

ក្នុង​ឯកសារ​នោះ​ដែរ លោក​ស្រី Cheryl បាន​ប្រាប់​ថា កូន​ប្រុស​របស់​នាង​បាន​ភ្លេច​រាល់​កម្មវិធី​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​កម្មវិធី​សប្បុរសធម៌​របស់​លោក​ដែល​មាន​ឈ្មោះ​ថា "Reach Out Worldwide” ហើយ​ពេល​នោះ​ដែរ គឺ​ជា​ពេល​វេលា​ចុង​ក្រោយ​បង្អស់​របស់​លោក​ផង​ដែរ។ លោក​នឹង​មិន​ត្រូវ​បាន​ចាក​ចេញ​លែង​វិល​ត្រឡប់​បែប​នេះ​ទេ ប្រសិន​បើ​លោក​មិន​ទទួល​បាន​សារ​រំឭក​ពី​កម្មវិធី​នោះ។

បើ​តាម​អ្នក​ម្ដាយ​របស់​អតីត​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​រូប​នេះ បាន​បន្ត​​ថា នៅ​ពេល​ព្រឹក​នៃ​ថ្ងៃ​កើត​ហេតុ​របស់​លោក ខណៈ​សម្រាក​ពី​ការ​ថត​រឿង "Fast Furious 7” លោក​មាន​សភាព​ស្វាហាប់​ធម្មតា ដោយ​បាន​អង្គុយ​លេង​នៅ​ចង្ក្រាន​បាយ​ជាមួយ​កូន​ស្រី​វ័យ ១៥​ឆ្នាំ​របស់​លោក Meadow ហើយ​ពួក​គេ​ក៏​បាន​រៀប​គម្រោង​ថា​នឹង​ទៅ​ទិញ​ និង​តុបតែង​ដើម​ណូអែល​នៅ​ល្ងាច​ថ្ងៃ​នោះ​ផង​ដែរ។

ប្រាប់​សារព័ត៌មាន People លោក​ស្រី Cheryl បាន​និយាយ​ថា៖ "ពួក​យើង​សប្បាយ​ជជែក​លេង​ជាមួយ​គ្នា ហើយ​គេ​ក៏​ភ្លេច​ថា​មាន​កម្មវិធី​ត្រូវ​ចូលរួម។ ក្រោយ​មក​គេ​ក៏​ទទួល​បាន​សារ​មួយ ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល រួច​ក៏​និយាយ​ថា​ប្រញាប់​ត្រូវ​ទៅ​កន្លែង​មួយ"។

លោក​​ប្រញាប់​ប្រញាល់​រត់​ចេញ​ទៅ​កម្មវិធី​សប្បុរសធម៌ ដែល​ធ្វើ​ឡើង​ដើម្បី​ជួយ​ជន​រងគ្រោះ​ពី​ព្យុះ​ទីហ្វុង​ក្នុង​ប្រទេស​ហ្វីលីពីន។ តារា​សម្ដែង Paul Walker បាន​ចាកចេញ​ពី​កម្មវិធី​ជាមួយ​នឹង​ឡាន​ម៉ាក Porsche Carrera GT បើកបរ​ដោយ​មិត្ត​របស់​លោក​ដែល​ជា​អតីត​ជើង​ឯក​ប្រណាំង​ឡាប Roger Rodas។ អំឡុង​ពេល​នោះ​ដែរ ឡាន​របស់​លោក​គ្រប់​គ្រង​លែង​បាន ហើយ​ក៏​បាន​​បុក​ទៅ​នឹង​បង្គោល​ដង​គោម ផ្ទុះ​ឆាប​ឆេះ​ឡើង ដែល​បង្ក​ឲ្យ​ពួក​គេ​ទាំង​២​នាក់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។

លោក​ស្រី​បាន​បន្ត​ទៀត​ថា ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​មក​នេះ ក្រុម​គ្រួសារ​របស់​លោក​​តែង​តែ​ទៅ​កន្លែង​ដែល​លោក​ចូលចិត្ត​ជិះ​ស្គី​លើ​ទឹក​នៅ​ឆ្នេរ Huntington ដើម្បី​បោះ​ផ្កា​ឈូករ័ត្ន​ទៅ​ក្នុង​សមុទ្រ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​ខួប​របស់​លោក។

គួរ​បញ្ជាក់​ផង​ដែរ​ថា "I Am Paul Walker” ដែល​ជា​វីដេអូ​ឯកសារ​ថ្មី​រៀបរាប់​ពី​ជីវិត​របស់​អតីត​តារា​សម្ដែង Paul Walker នឹង​បើក​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១១ ខែ​សីហា​ខាង​មុខ​នេះ​លើ Paramount Network៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី