បូនីតា ដាដេណា ផ្ទុះកំហឹងនឹងបុរសម្នាក់ សុំនាងដេកជាថ្នូរនឹងប្រាក់៥០០ដុល្លារ
អតីតតារាសម្ដែងជើងចាស់អ្នកស្រី បូនីតា ដាដេណា ត្រូវបានអ្នកលេង Facebook ម្នាក់បានឆាតមក ដោយសុំតារាស្រីម្នាក់នេះដេកជាមួយ ជាថ្នូរនឹងទឹកប្រាក់៥០០ដុល្លារ។
តាមការឲ្យដឹងពីអ្នកស្រី បូនីតា ដាដេណា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីពេលថ្មីៗនេះ ដោយបុរសម្នាក់នោះបានឆាតមកសួចំៗតែម្ដងថា "គេងជាមួយបងអត់ បងអោយ៥០០$” ។
ភ្លាមៗអ្នកស្រី ដាដេណា មិនបានឆ្លើយតបឡើយ ប៉ុន្តែបុរសម្នាក់នោះបានព្យាយាម ឆាតមកជាបន្តបន្ទាប់ រហូតទ្រាំលែងបាន អ្នកស្រីបានឆ្លើយទៅវិញយ៉ាងចាស់ដៃជាពាក្យសំដីអសុរោះមួយចំនួន មុនពេលអ្នកស្រី Block Facebook បុរសនោះចោលតែម្ដង។
តារាស្រីដែលល្បីមានស្វាមីជាសេដ្ឋីអារ៉ាប់ម្នាក់នេះ បានលើកឡើងថា ខ្លួនមិនដែលស្គាល់បុរសម្នាក់នោះឡើយ ហើយក៏មិនដឹងថា បានក្លាយជា Friend ជាមួយគ្នាតាំងពីកាលណានោះឡើយ។ មុនឈានដល់ការឆាតដូចខាងលើ អ្នកស្រីថា គណនីម្នាក់នោះតែងតែចុច Like រូបអ្នកស្រីជានិច្ច ពេលអ្នកស្រីបង្ហោះរូបម្ដងៗ។
អាចជាគណនីក្លែងក្លាយច្រើនជាង នេះបើតាមការវាយតម្លៃរបស់អ្នកស្រី ដាដេណា។ ទោះបីជាគណនីពិ តឬក្លែងក្លាយក្ដី អ្នកស្រីចាត់ទុកថា ទង្វើបែបនេះ គឺជាការប្រមាថកិត្តិយសខ្លាំងណាស់។
អ្នកស្រី ដាដេណា បានបញ្ជាក់ថា តាំងពីដើមទីមក រឿងលុយកាក់អ្នកស្រីមិនដែលខ្វះឡើយ ហើយអ្នកស្រី ក៏មិនចង់អួតពីទ្រព្យសម្បត្តិអីនោះដែរ។ ជាចុងក្រោយ បូនីតា ដាដេណា បញ្ជាក់ថា អ្នកស្រីមិនមានគម្រោងប្ដឹងសមត្ថកិច្ចពីរឿងរាវខាងលើឡើយ ព្រោះមិនចង់ឲ្យវែងឆ្ងាយ៕
អត្ថបទ៖ ខុត សីហា