និស្សិតផ្នែកទេសចរណ៍មុខដូចតួថៃ ផល ពៅវិរ័ត្ន ប្រាប់ថាថតសម្អាងការរាប់ភ្លេច!
“អូរ! .. ខ្ញុំចាំអត់បានទេថាបានថតឲ្យប៉ុន្មានសម្អាងការហើយនោះទេ ព្រោះបានថតច្រើនពេក។ សម្អាងការទាំងធំ តូចនៅភ្នំពេញនេះគឺខ្ញុំថតឲ្យសឹងតែទាំងអស់ ហើយនៅតាមបណ្ដាខេត្តមួយចំនួនដូចជា បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងនៅជិតៗភ្នំពេញអីនឹងក៏មានគេអញ្ជើញខ្ញុំឲ្យថតឲ្យគេដែរ។” ផល ពៅវីរ័ត្ន ប្រាប់មក Sabay។
ពៅវិរ័ត្ន គឺជាតារាម៉ូដែលដ៏ពេញនិយមមួយរូបខាងផ្នែកថតសម្អាងការ។ លោកបានបន្តទៀតថា ការងារមួយនេះគឺលោកមានភាពមមាញឹក ប្រហែលជាមួយឆ្នាំជាងមកនេះ។ បើតាមសម្ដីម្ចាស់សម្អាងការ និងកន្លែងថតរូបមួយចំនួននៅរាជធានីភ្នំពេញបានឲ្យដឹងស្រដៀងគ្នានេះថា មូលហេតុដែលធ្វើឲ្យខាងសម្អាងពួកគេជ្រើសរើសយកបុរសមុខស្រស់ (ពៅវីរ័ត្ន) ជាម៉ូដែលថត ព្រោះលោកមានរូបរាងសមសួន ជាពិសេសគាត់មានមុខសង្ហារស្រដៀងតួថៃ។
ចំពោះរឿងមានគេថាមុខដូចតួថៃ សាមីខ្លួនបានបញ្ជាក់ដែរថាឮមករហូតដែរ។ "ពេលខ្ញុំទៅថតតែងឮគេនិយាយបែបនេះដែរ តែកុំច្រឡំខ្ញុំមិនមែនជាកូនកាត់អីនោះទេ.... (សើច)។”
រូបភាពផ្ដល់ដោយ៖ ផល ពៅវីរ័ត្ន
លោកបានបន្តថាកន្លងមកក៏ធ្លាប់បានថតស្ប៉តពាណិជ្ជកម្មឲ្យផលិតផលច្រើនដែរ តែមិនសូវជាមានភាពលេចធ្លោទេ តែបើការងារថតសម្អាងការនេះទើបធ្វើឲ្យលោកល្បីឈ្មោះគ្រាន់បើ។
តារាដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះ គឺជានិស្សិតទេសចរណ៍ឆ្នាំទី ៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ មិនត្រឹមតែប៉ុណ្ណោះតារាវ័យ ២៧ ឆ្នាំរូបនេះ ធ្លាប់ប្រឡងក្នុងកម្មវិធី Khmer Supermodel ជំនាន់ទី ៣ ឆ្នាំ ២០១២ -២០១៣ និងបានជាប់ចំណាត់ថ្នាក់លេខ ២ ទៀត៕
អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖សាមីខ្លួនផ្ដល់ឲ្យ