Simon Cowell ស្ដាយក្រោយដែលធ្វើឲ្យប្រពន្ធមិត្តភ័ក្ដិមានផ្ទៃពោះ
នេះជាលើកទីមួយ ដែលគណៈកម្មការ X Factor បើកចិត្តនិយាយពីរឿងអាស្រូវដែលធ្វើឲ្យប្រពន្ធរបស់មិត្តភ័ក្ដិមានផ្ទៃពោះ។
ឆ្លើយតបក្នុងបទសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Daily Mail ផលិតករកម្មវិធីទូរទស្សន៍ Simon Cowell បាននិយាយពីរឿងអាស្រូវរបស់ខ្លួនកាលពី២ឆ្នាំមុន នៅពេលលោកមានទំនាក់ទំនងលួចលាក់ជាមួយប្រពន្ធមិត្តភ័ក្ដិធ្វើឲ្យនាងមានផ្ទៃពោះ។ ខុសពីអាកប្បកិរិយាក្រអឺតក្រទម និងជឿជាក់លើខ្លួនឯងដែលតែងតែបង្ហាញចំពោះមុខសារព័ត៌មាននោះ ផលិតករចម្រៀងរូបនេះបានបង្ហាញពីភាពស្ដាយក្រោយនៅពេលក្បត់មិត្តភ័ក្ដិ។
“ខ្ញុំមិនបានមានមោទនភាពពីអ្វីដែលខ្ញុំបានធ្វើនោះទេ ខ្ញុំពិតជាអាម៉ាស់ចំពោះរឿងនេះខ្លាំងណាស់"។ ផលិតករវ័យ ៥៦ ឆ្នាំចែករំលែក។
Simon Cowell និងមិត្តភ័ក្ដិជិតស្និទ្ធរបស់ខ្លួន Anderew Silverman
រឿងស្នេហារវាង Cowell និងមិត្តស្រី Lauren Silverman បានចាប់ផ្ដើមឡើងក្នុងឆ្នាំ ២០០៩។ នៅពេលនោះ Lauren បានរៀបការជាមួយនឹងមហាសេដ្ឋីអចលនទ្រព្យ Andrew Silverman ដែលជាមិត្តភ័ក្ដិជិតស្និទ្ធរបស់គណៈកម្មការ X Factor។ ជីវិតរបស់ Simon ត្រូវផ្លាស់ប្ដូរទាំងស្រុងនៅពេល Lauren ប្រាប់ថានាងកំពុងមានផ្ទៃពោះនៅខែសីហា ឆ្នាំ ២០១៣។
យ៉ាងណាមិញ Simon បានឲ្យដឹងថា សម្រាប់អ្នកទាំងពីរ កូននៅក្នុងផ្ទៃនោះគឺមិនបានគ្រោងទុកនោះទេ។ លោកស្ទើរតែមិនជឿលើត្រចៀកខ្លួនឯងនៅពេលជំនួយការរបស់ខ្លួនទម្លាយចូលបន្ទប់ប្រជុំប្រាប់ថា Lauren មានរឿងបន្ទាន់ត្រូវនិយាយ។
“ក្មេងនោះគឺពិតជានៅក្រៅការគ្រោងទុករបស់ពួកយើងពិតមែន។ ប៉ុន្តែខ្ញុំនៅចាំថាបានទៅឆ្លុះអេកូជាមួយនាងនៅលើកដំបូង។ ខ្ញុំបានហៅវាថា Tad ព្រោះក្មេងប្រុសនោះមើលទៅដូចកូនក្អុក។ នៅពេលនោះខ្ញុំមានអារម្មណ៍ថាចង់ការពារនាងនិងកូនជាងពេលណាៗទាំងអស់។ ខ្ញុំចង់ឲ្យកូននោះកើតចេញមក ហើយអារម្មណ៍មួយនោះគឺមិនធ្លាប់មានពីមុនមក"។
បើទោះជាមានអារម្មណ៍ស្ដាយក្រោយចំពោះទង្វើរបស់ខ្លួនទៅលើមិត្តភ័ក្ដិក៏ដោយ តែ Simon ពិតជាសប្បាយចិត្តនៅពេលបានក្លាយជាឪពុកនៅអាយុ ៥៤ ឆ្នាំ។ មហាសេដ្ឋីរូបនេះបានចែករំលែកថា៖ "ខ្ញុំពិតជាស្រលាញ់កូនប្រុសខ្លាំងណាស់ ខ្ញុំតែងតែបង្រៀនកូនពីការចែករំលែក និងឲ្យគេចេះនិយាយពាក្យ 'អរគុណ' និង 'សូមទោស'”៕
ចុចអាន៖ម្ដាយរបស់គណៈកម្មការ Britian’s Got Talent លោក Simon Cowell ស្លាប់
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail