
- 2018-02-01 08:43:54
- ព័ត៌មាន
នាយ ក្រិន បញ្ជាក់រឿង ភរិយាពរពោះកូនទី៣
- 2018-02-01 08:43:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ក្រិន បញ្ជាក់រឿង ភរិយាពរពោះកូនទី៣
ចន្លោះមិនឃើញ
ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា ភរិយាទី២របស់តារាកំប្លែងមាឌល្អិតនាយក្រិន កំពុងពពោះកូនម្នាក់ទៀតហើយ ដោយបូកបញ្ចូលទាំងកូនដែលកំពុងចាប់កំណើតនេះ នាយក្រិន មានកូនរហូតដល់ទៅ៤នាក់ឯណោះ។ ជុំវិញការលើកឡើងនេះ នាយក្រិនបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនមិនបានពពោះដូចការលើកឡើងឡើយ គឺគ្រាន់តែមានអ្នកបង្អាប់ក្នុងន័យលេងសើចជាមួយនាយប៉ុណ្ណោះ។
នាយក្រិនបានបញ្ជាក់ឲ្យដឹងបន្ថែមថា កន្លងមកខ្លួនធ្លាប់បានបង្ហោះរូបភាពលើបណ្ដាញសង្គម ដោយមួយរយៈចុងក្រោយនេះប្រពន្ធរបស់ខ្លួនឡើងគីឡូប្លែកជាមុន ធ្វើឲ្យមហាជនមួយចំនួនសង្ស័យថា ប្រពន្ធនាយមានកូនម្នាក់ទៀត។ មិត្តក្នុងក្រុមកំប្លែងរបស់លោកបានយកមកនិយាយលេងសើច ចំអន់គ្នាលេងថា នាយពិតជាខ្លាំងមិនធម្មតាឡើយ តូចតែមាឌ តែពិតជាមានសមត្ថភាពមិនធម្មតា។
នាយក្រិនបានបន្តឲ្យដឹងថា តាំងពីរៀបការជាង៥ឆ្នាំហើយដែលនាយបានរួមរស់ជាមួយភរិយាទី២របស់ខ្លួនមានក្ដីសុខខ្លាំងណាស់ ដោយទទួលបានតំណក់ឈាមកូន២នាក់ប៉ុណ្ណោះ គឺប្រុសម្នាក់ ស្រីម្នាក់ ចំណែកភរិយាទី១ របស់លោកក៏ទទួលបានកូនប្រុសម្នាក់។
កូនទី១ មានអាយុ៧ឆ្នាំជាង កំពុងរស់នៅជាមួយអតីតភរិយា នៅឯក្រុងកំពង់សោម ចំណែកកូនទី២ ប្រុស មានអាយុ៤ឆ្នាំ កូនទី៣ ស្រី មានអាយុ២ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយលោក និងភរិយា មានភាពកក់ក្ដៅជាខ្លាំង។
តាមការលើកឡើង នាយក្រិនមិនមានបំណងយកកូនបន្ថែមទៀតឡើយ គឺសូមបិទបញ្ជីត្រឹមនេះ ត្បិតអីអាណិតប្រពន្ធ ព្រោះរាល់ថ្ងៃពឹងលើអាជីពសិល្បៈរកមិនសូវបាន ខ្លាចទៅថ្ងៃខាងមុខ មានកូនច្រើនពិបាក។
ប្រពន្ធទី២របស់នាងក្រិន ត្រូវបានគេស្គាល់ឈ្មោះ យ៉ាយ៉ា វ័យ២៦ ឆ្នាំ មានសម្រស់មិនចាញ់តារាឡើយ។ នាយ ក្រិនធ្លាប់រៀបការជាមួយ ភរិយាទី១ ដែលមានមុខរបរជាជាងអ្នកអ៊ុតសក់ នៅឯក្រុងព្រះសីហនុ ឈ្មោះ ហ៊ិន ចាន់ធឿន ហៅ សុវណ្ណារ៉ា កាលពីអំឡុងពាក់កណ្ដាល ឆ្នាំ២០០៩ ទទួលបានចំណងដៃកូនប្រុសម្នាក់ ប៉ុន្តែនាយបានដាក់ពាក្យបណ្ដឹងសុំលែងលះវិញកាលពីដើម ឆ្នាំ២០១១ ក្រោមមូលហេតុរស់នៅមិនចុះសម្រុងជាមួយគ្នា៕