• 2018-02-07 02:50:00
  • ភាពយន្ត

អ៉ីងអ៉ីង ត្អូញ​ខ្លាំង​ ខណៈ​សម្ដែង​ភាពយន្ត​ដំបូង​ជា​មួយ​គូ​ស្នេហ៍

  • 2018-02-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ដំបូង​​ដែល​សម្ដែង​តួ​ដោយ​គូ​ស្នេហ៍​វ័យ​ក្មេង ម៉ា ច័ន្ទបញ្ញា និង អ៉ីងអ៉ីង បាន​ធ្វើ​ពិធី​សម្ពោធ និង​ប្រកាស​​ថ្ងៃ​បញ្ចាំង​ជា​ផ្លូវ​ការ​ហើយ កាល​ពី​យប់​មិញ​ នៅ​រោង​ភាពយន្ត Major Cineplex by Smart សាខា​ផ្សា​សូរិយា​។ ជា​មួយ​រឿង​​ស្នេហា​លាយឡំ​ឈុត​ឆាក​កំប្លែង​រួម​គ្នា​​ដំបូង​ តួ​សម្ដែង អ៉ីងអ៉ីង ប្រាប់​ថា​នាង​មាន​ការ​ពិចារណា​ខ្លាំង​ទម្រាំ​​ហ៊ាន​សម្ដែង​រឿង​នេះ។

​​​​​និយាយ​មុខ​ស្មើ​គូ​ស្នេហ៍​តារា​ចម្រៀង​ ម៉ា ច័ន្ទបញ្ញា​ លើក​ឡើង​ថា នាង​ជា​មនុស្ស​ម្នាក់​ដែល​ខ្លាច​ខ្មោច​ខ្លាំង និង​មិន​ហ៊ាន​សម្ដែង​រឿង​ខ្មោច​ឡើយ។ នាង​ថា ពេល​ដែល​ទទួល​សាច់​រឿង​នេះ​ដំបូង​ ខ្លួន​ពិត​ជា​មិន​ដឹង​​ថា​មាន​ឈុត​ឆាក​​ខ្មោច​សោះ​ ហើយ​រឿង​នេះ​បែរ​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​តួ​ខ្មោច​ទៅ​វិញ។ ក្រោយ​ពិនិត្យ​សាច់​រឿង​​ ​ឃើញ​ថា​មាន​ខ្មោច​ត្រឹម​តែ​ប្រមាណ​៣០​ភាគរយ ដោយជំនួស​វិញ​ដោយ​ភាព​កំប្លុក​កំប្លែង និង​ស្នេហា ទើប​នាង​គិត​ថា​មិន​​ថ្វី​ឡើយ​សម្រាប់​ខ្លួន។

ផ្ទុយ​ទៅ​វិញ​​ចំណុច​លំបាក​កម្រិត​ខ្លាំង​​នោះ គឺ​នាង​ជា​ពិបាក​ក្នុង​ការគ្រប់គ្រង​អារម្មណ៍ ត្បិត​​ត្រូវ​សម្ដែង​ជា​តួ​មនុស្ស​ផង​ ខ្មោច​ផង​ ហើយ​បង​ផង ប្អូន​ផង​ទៀត​ ដែល​នេះ​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​អារម្មណ៍​ច្រើន​សណ្ឋាន។

ចំណែក​ឯ​តួ​ប្រុស​វិញ​លើក​ឡើង​ថា លោក​ពិបាក​​ស៊ាំ​ជា​មួយ​​តួ​នេះ ព្រោះ​តថភាព​​ខ្លួន​និង ​អ៊ីងអ៊ីង ​ជា​គូស្នេហ៍​ស្រលាញ់​​គ្នា​​ល្អូនល្អិន​ តែ​សាច់​រឿង​បែរ​ជា​តម្រូវ​ឲ្យ​ឈ្លោះ​គ្នា​​គ្រប់​ពេល ហើយ​នោះវា​ផ្ទុយ​ពី​ការ​ពិត​ស្ទើរ​ទាំង​ស្រុង។

ក្នុង​ពិធី​សម្ពោធ​ដដែល​ អ្នកនាង ស៊ា រស្មី អ្នក​និពន្ធ​រឿង​បាន​បញ្ជាក់​ថា "កិច្ចសន្យាស្នេហ៍ Tom&Jerry” នេះ មិន​ត្រឹម​តែ​ជា​ភាពយន្ត​កំប្លែង​ ខ្មោច និង​ស្នេហា​នោះ​ទេ គោលដៅ​ក្នុង​រឿង​នេះ​ក៏​​បង្ហាញ​ពី​ទេសភាព​ តំបន់​ទេសចរណ៍ និង​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ភាគតិច នៅ​ខេត្ត​មណ្ឌលគិរី និង​រតនៈគិរី​ផង​ដែរ។

រូប​ឆ្វេង អ្នកនាង ស៊ា រស្មី

វណ្ណកម្ម​ថ្មី​របស់​ផលិត​កម្ម​ Rock នេះ​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ ០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​តទៅ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី