- 2018-02-08 08:38:27
- ភាពយន្ត
រំភើបស្រក់ទឹកភ្នែក បើដឹងរឿងរ៉ាវតួឯករឿង "Titanic” ទាំង២រូបជួយជីវិតស្រ្ដីម្នាក់
- 2018-02-08 08:38:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបស្រក់ទឹកភ្នែក បើដឹងរឿងរ៉ាវតួឯករឿង "Titanic” ទាំង២រូបជួយជីវិតស្រ្ដីម្នាក់
ចន្លោះមិនឃើញ
Jack និង Rose បានធ្វើឲ្យយើងស្រក់ទឹកភ្នែកច្រោកៗ នៅក្នុងរឿង "Titanic” ហើយនៅពេលនេះពួកគេទាំងពីរបានធ្វើឲ្យយើងរំជួលចិត្តម្ដងទៀតហើយ ដោយសារតែទឹកចិត្តល្អរបស់អ្នកទាំងពីរ បានជួយជីវិតស្រ្តីម្នាក់ឲ្យរួចពីសេចក្ដីស្លាប់ ព្រមទាំងមនុស្សជាច្រើនរូបទៀតនៅថ្ងៃអនាគត។
អ្នកនាង Gemma Nuttall ជាគ្រូពេទ្យធ្មេញម្នាក់មកពីប្រទេសអង់គ្លេសវ័យ២៨ឆ្នាំ កំពុងតែមានផ្ទះពោះ នៅពេលជំងឺមហារីកស្បូនរើឡើង។ នាងមិនចង់សម្លាប់កូននៅក្នុងផ្ទៃពោះ ដូច្នេះហើយទើបមិនព្រមទទួលយកនូវការព្យាបាលត្រឹមត្រូវ។ បន្ទាប់ពីប្រើប្រាស់ថ្នាំលេប អស់រយៈពេលជាច្រើនខែ នាងក៏បានជម្នះនូវជំងឺដ៏កាចសាហាវមួយនេះ ប៉ុន្តែស្រាប់តែមានអាការៈដុះសាច់ខួរក្បាលក្នុងរយៈមិនយូរប៉ុន្មាន។
អ្នកនាង Nuttall បានប្រាប់កម្មវិធីទូរទស្សន៍អង់គ្លេស "This Morning” ថាពេលនោះគឺជាពេល ដែលនាងរកឃើញគ្លីនិកមួយឈ្មោះ "Wonder Clinic” នៅប្រទេសអាល្លឺម៉ង់ ដែលអាចជួយនាងបាន។ ក៏ប៉ុន្តែ តម្លៃព្យាបាលគឺដល់ទៅ ៩ម៉ឺន៨ពាន់ដុល្លារ សម្រាប់តែការព្យាបាលម្ដងៗ ដែលតម្លៃនេះគឺវាថ្លៃហួសហេតុពេក ធ្វើឲ្យនាងមិនមានឱកាសព្យាបាល។ ដូច្នេះហើយនាងក៏នៅតែមិនបោះបង់ត្រឹមហ្នឹងដែរ Nuttall បានបង្កើតគម្រោងរៃអង្គាសមួយនៅក្នុងវិបសាយ GoFundMe ដើម្បីរករកលុយព្យាបាលជំងឺ។
អ្នកស្រី Gemma Nuttall ពេលចូលរួមកម្មវិធី "This Morning"៖
ខណៈពេលនោះដែរ តារាសម្ដែង Kate Winslet កំពុងតែធ្វើការស្រាវជ្រាវមួយនៅ មន្ទីរពេទ្យដដែល បន្ទាប់ពីម្ដាយនាងស្លាប់ដោយសារតែជំងឺមហារីកស្បូន។ ជាការចៃដន្យ នាងស្រាប់តែក្រឡេកឃើញ ទំព័រ GoFundMe របស់អ្នកស្រី Natt ហើយមើលទៅវាដូចជាមិនជោគជ័យនោះទេ។
Kate បានបញ្ជាក់ប្រាប់ទស្សនាវដ្ដី People ថា៖ "ខ្ញុំបានគិតពីវា ហើយយល់ថា ខ្ញុំមិនអាចឲ្យរឿងនេះកើតឡើងបានទេ។ ម្ដាយខ្ញុំបានឈឺចាប់យ៉ាងខ្លាំង ហើយខ្ញុំបានគិតថាម្ដាយខ្ញុំពិតជាសប្បាយរីករាយបំផុត ប្រសិនជាខ្ញុំអាចជួយមនុស្សអ្នកដទៃដែលរងគ្រោះ ជាពិសេសសម្រាប់អ្នកជាម្ដាយគេដទៃទៀត។"
ពេលនោះ Kate បានជួយជ្រោមជ្រែងនូវគម្រោងរៃអង្គាសលុយនោះ ឲ្យបានកាន់តែល្អ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ រួចនាងក៏ពឹងពាក់ឲ្យដៃគូនាង Jack លោក Leonardo DiCaprio ចូលរួម។
Kate បាននិយាយថា៖ "វាពិតជាអស្ចារ្យមែនទែន។ យើងអាចប្រមូលបានទឹកប្រាក់ដល់ទៅជិត ២៨ម៉ឺនដុល្លារ ហើយមកដល់ចំណុចនេះ ខ្ញុំគិតថា នេះជាពេលល្អបំផុតដែលមិត្តសំណប់ខ្ញុំ Leo គួរតែចូលរួម។"
Kate បានទាក់ទងប្រាប់ដំណឹង Leo ពីបញ្ហានេះហើយ ស្នើឲ្យបង្កើតកម្មវិធីញ៉ាំអាហារសប្បុរសធម៌មួយ។ ពេលនោះស្រាប់តែតួអង្គ Jack មានគំនិតកាន់តែល្អជាងនេះគឺ ដេញថ្លៃដើម្បីចូលរួម ការញ៉ាំអាហារជាមួយតារាទាំងពីររូបផ្ទាល់តែម្ដង នៅកម្មវិធីសប្បុរសធម៌ "Leonardo DiCaprio Foundation (LDF)” នៅទីក្រុង St. Tropez។ ការដេញថ្លៃនោះ ទទួលបានថវិកាដល់ទៅ ១,៣៥៦លានដុល្លារ ដែលបែងចែកជាមួយ "LDF” និង គម្រោងរបស់អ្នកនាង Nuttall។
អ្នកនាងបានទទួលបានការព្យាបាលត្រឹមត្រូវ និងជាសះស្បើយពីមហារីកទាំងស្រុង។
Nuttall បាននិយាយក្នុងកម្មវិធីទូរទស្សន៍នោះថា៖ "ខ្ញុំចង់និយាយថាអរគុណ ទៅកាន់អ្នកទាំងអស់គ្នា ដែលបានជួយខ្ញុំតាមរយៈការងារយ៉ាងមមាញឹក រហូតដល់ខ្ញុំមានលទ្ធភាពព្យាបាលរហូតជាសះស្បើយ។"
មិនត្រឹមតែប៉ុណ្ណោះ Kate ក៏បានឆ្លើយតបប្រាប់កម្មវិធី "This Morning” ដែរថា៖ "ពិតជាមានរឿងល្អជាច្រើនកើតឡើងពីគម្រោងមួយនេះ។ ក្រឡេកមើលនាងចុះ នាងពិតជាស្រស់ស្អាត។ នាងនៅរស់រានមានជីវិត និងគ្មានជំងឺមហារីកទៀតទេ។ វាគឺជារឿងដ៏អស្ចារ្យណាស់។ ខ្ញុំពិតជាអារម្មណ៍រំភើបជាខ្លាំង ដែលអាចជួយនាងបាន។"
មកដល់នេះ គម្រោងរបស់ Kate គឺមិនទាន់បញ្ចប់នៅឡើយ ដែលវាបានជួយស្ដ្រីដែលមានបញ្ហាស្រដៀងនេះបានយ៉ាងច្រើនរូប៕