• 2018-05-07 04:28:41
  • ភាពយន្ត

អស្ចារ្យ! ភាពយន្ត​បែប​វាយ​ប្រយុទ្ធ​របស់​ខ្មែរ​មួយ​ បាន​ចូល​ក្នុង Netflix ជា​ផ្លូវ​ការ​

  • 2018-05-07 04:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ដែល​ផលិត​ដោយ​ផលិតករ​ខ្មែរ​មួយ​រឿង​ត្រូវ​បាន Netflix ដែល​ជា​កម្មវិធី​ទស្សនា​ភាពយន្ត​លើ​ទូរស័ព្ទ​ដ៏​ល្បី​របស់​ពិភព​លោក​ ទិញ​យក​មក​ចាក់​ផ្សាយ​ជា​ផ្លូវ​ការ​ហើយ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨​នេះ​។

នេះ​ជា​ភាពយន្ត​វាយ​ប្រហារ​ដែល​មាន​ភាព​ជោគ​ជ័យ​ក្នុងស្រុក​កាល​ពី​ឆ្នាំ​២០១៧ មាន​ចំណង​ជើងថា «Jailbreak» ដែល​ផលិត​ដោយ​ផលិត​កម្ម​ក្នុង​ស្រុក​មាន​ឈ្មោះ​ថា Kongchak Pictures ផលិត​ករ​ឈ្មោះ តែ ឡយ។ ផលិតករ រូប​នេះ បាន​ប្រាប់ Sabay ឱ្យ​ដឹង​ដែរ​ថា រឿង «Jailbreak» ផលិត​ឡើង​ដោយ​ប្រើ​ដើម​ទុន​ប្រមាណ​ជាង​ ២០ ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​ថា​នេះ​ជា​មោទកភាព​មួយ​ដែល​ភាពយន្ត​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ Netflix សម្រាប់​យក​ទៅ​ផ្សព្វ​ផ្សាយ​។

លោក តែ ឡយ ខាងឆ្វេងដៃ Jean-Phaul Ly តួសម្តែង រឿង Jailbreak ខាងស្តាំដៃ

ផលិតករ​រូប​នេះ ​ក៏​បាន​បង្ហើប​ប្រាប់​ដែរ​ថា​ ចំណូល​ដែល​ទទួល​បាន​ពី​ Netflix គឺ​គ្រប់​គ្រាន់​ល្មម​ជួយ​ផលិត​កម្ម​របស់​លោក​ទទួល​បាន​ដើម​ទុន​ដែល​ចំណាយ​លើការផលិត​ភាពយន្ត​នេះ​មក​វិញ។​ នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ការ​ផលិត​ភាពយន្ត​ដែល​មាន​គុណភាព​ ដោយ​ផលិតករ​ខ្មែរ​រូប​នេះ​ក៏​លើក​ទឹកចិត្ត​បន្តដល់​ផលិតករ​ភាពយន្ត​ខ្មែរ​ដទៃ​គួរ​ព្យាយាម​ផលិត​ភាពយន្ត​ដែល​មាន​គុណភាព​ឡើងវិញ។​ ទោះ​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន ​ក្ដី​ក៏​មិន​ងាយ​នឹង​ខាត​ឡើយ​ព្រោះ​ថា​នៅ​មាន​វិធី​ជា​ច្រើន​ទៀត​ដែល​អាច​ប្រមូល​យក​ដើម​ទុន​មក​វិញ ឬ​ក៏​អាច​ចំណេញ​វិញ ពេល​ដែល​ភាពយន្ត​នោះ​មាន​គុណភាព​។

ជាក់​ស្តែក​ភាពយន្ត​ខ្មែរ​ធ្លាប់​មាន​វត្តមាន​លើ​កម្មវិធី Netflix នេះ​ហើយ​ នោះ​គឺ​រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» តែ​ខុស​គ្នា​នឹង​រឿង «Jailbreak» ដោយ​សារ​ភាពយន្ត​នោះ​ផលិត​ដោយ​អ្នកស្រី​ Angelina Jolie ដែល​ជា​ផលិតករ​ភាពយន្ត​បរទេស​ដោយ​ចំណាយ​ដើម​ទុន​ជាង​ ១០លាន​ដុល្លារ​៕

អត្ថបទ៖ Sunny

មតិយោបល់