• 2018-05-08 04:15:58
  • ភាពយន្ត

អ្នក​សរសេរ​សេនា​រីយ៉ូ​កុន​វ័យក្មេង សាងស្នាដៃថ្មីក្នុងរឿងភាគធំមួយ

  • 2018-05-08 04:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ស្រី​អ្នក​កំពង់ចាម​ម្នាក់​នេះ​បាន​ ក្លាយ​ខ្លួន​ជា​សរសេរ​សេនារីយ៉ូ ឱ្យ​ផលិតកម្ម LA Film ដែល​បច្ចុប្បន្ន​កំពុង​សម្រួល​អត្ថបទ​កុន​ថ្មី​ រឿង «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» ដែល​ត្រៀម​ថត​ផ្សាយ​លើ​ទូរទស្សន៍​ PNN។

កញ្ញា អ៉ី ម៉ា​និត​

កញ្ញា មាន​ឈ្មោះ​ថា អ៉ី ម៉ា​និត​ ហៅ អា​និច វ័យ ២៥ឆ្នាំ កាល​ដើម​ឡើយ​កញ្ញា​សិក្សា​ខាង​ផ្នែក​គណនេយ្យ នៅ​វិទ្យាស្ថានមួយ ក្នុងរាជធានីភ្នំពេញ តែនាងក៏បោះបង់​វិជ្ជានេះវិញ​ដោយសារ​គ្មាន​ថវិកា​រៀន​សូត្រ​បន្ត។ ដោយដឹង​ថា​ខ្លួន​មាន​ដុង​ខាង​ការ​សរសេរ​រឿង​ប្រលោម​លោក និង​មាន​ការ​ស្រលាញ់​លើ​វិស័យ​តែង​និពន្ធ​ នាង​ក៏​សាក​ល្បង​ដាក់​ពាក្យ​ចូល​ធ្វើការ​ក្នុង​ផលិតកម្ម​ខាង​លើ ហើយ​ក៏​ទទួល​បាន​ឱកាស​ជា​អ្នក​សរសេរ​សេនារីយ៉ូ​កុន​តែម្តង​។

ពិធីក្រុងពលី រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​លើ​វិស័យ​ភាពយន្ត អានិច បាន​សរសេរ​សេនារីយ៉ូ​រឿង​​ខ្នាត​វែង ៣ ចំណងជើង​ហើយ​សរុប​ទាំង​រឿង​ភាគ​ទី៣​នេះ ​គឺ​រឿង «ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រលាញ់​» ដែលរឿង​ល្បីមួយនិពន្ធដោយ​អ្នកស្រី ម៉ីសន សុធារី។ អានិច ត្រូវបានផលិតកម្មទុកចិត្តលើការ​សម្រួលអត្ថបទនិពន្ធនេះ​ដោយសារនាងមានបទពិសោធន៍សរសេរសេនារីយ៉ូកុនពីមុនខ្លះ ហើយសេនារីយ៉ូនោះមានការទទួលស្គាល់ពីអ្នកនិពន្ធខាងលើថាមានភាពទាក់ទាញ។

កញ្ញា អានិច ប្រាប់​ពី​តិចនិក​សរសេរ​សេនារីយ៉ូ​រឿង​ថា នេះ​ជា​ការ​ច្នៃ​ផ្សំ​ជាមួយ​អត្ថបទ​ដើម​របស់​អ្នក​និពន្ធ​ សំខាន់​ត្រូវ​យល់​ពី​ធាតុ​សំខាន់​ក្នុង​រឿង​ហើយ​កំណត់​គោលដៅ​នៃ​សាច់​រឿង​នោះ បន្ទាប់​មក​ទៀត​ក៏​ត្រូវ​បើក​ទូលាយ​នៃ​គំនិត​ខ្លួន​ដើម្បី​ទទួល​យក​អ្វី​ដែល​ថ្មី​មក​បន្ថែម​ក្នុង​សាច់រឿង​ ដូច​ជា​ការ​ថែម​ឈុត​ឆាក​ ថែម​ការ​ផ្ដោះផ្ដង​ ផ្លែផ្កា​ ពិសេស​ចេះ​ស្រង់​យក​ទំនើប​សម័យ​នៃ​ពាក្យពេចន៍​ដែល​កើត​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​មក​បូក​បន្ថែម​ដែរ​។

អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី កញ្ញា អានិច ប្រាប់​ថា​សម្រាប់​ការ​សរសេរ​សេនារីយ៉ូរឿង​ខ្នាត​វែង​ដែល​មាន​ច្រើន​ជាង​ ៤០ ភាគ​នេះ​មាន​ឧបសគ្គ​ និង​ការ​តាំង​ចិត្តអំណត់​ច្រើន​ដើម្បី​ឈាន​ដល់​គោលដៅ​ផលិត​រឿង​នេះ។ តែ​ដោយសារ​វា​ជា​ការងារ​ដែល​ខ្លួន​ចូលចិត្ត​ កញ្ញា ថា​ខ្លួន​មិន​មាន​អារម្មណ៍​ហត់​ឡើយ​ ពិសេស​កញ្ញា​ទទួល​បាន​តម្លៃ​ដ៏​សមរម្យ​លើ​ស្នាដៃ​ការងារ​របស់​ខ្លួន​។ នារី ខេត្ត​កំពង់​ចាម​ ដែល​ធ្លាប់​មាន​ជីវភាព​ខ្វះ​ខាត​ម្នាក់​នេះ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​គ្រប់​ឱ្យ​ព្យាយាម​ធ្វើការ​ និង​រៀន​សូត្រ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ ជា​ជាង​ទៅ​រៀន​តាម​គ្នា​ ឬ​បោះ​បង់​ការ​ក្តី​ស្រមៃ​របស់ខ្លួន ទោះ​បី​ខ្លួន​ជា​ស្រី​ក៏ដោយ​៕

កញ្ញា អានិច

អត្ថបទ៖ Sunny

មតិយោបល់