- 2018-06-07 06:44:30
- ភាពយន្ត
មានរោងកុន IMAX ហើយ តើភាពយន្តខ្មែរអាចមានវាសនាទេ?
- 2018-06-07 06:44:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរោងកុន IMAX ហើយ តើភាពយន្តខ្មែរអាចមានវាសនាទេ?
ចន្លោះមិនឃើញ
រោងភាពយន្ត IMAX មានប្រវត្តិសាស្ត្រតាំងពីឆ្នាំ ១៩៧១ មកតែចំនួនរោងភាពយន្តនេះមកដល់បច្ចុប្បន្ន មានច្រើនជាង ២០០០ កន្លែងប៉ុណ្ណោះក្នុង ៧៦ប្រទេសទូទាំងពិភពលោក នេះក៏ព្រោះប្រណិតភាពនៃភាពយន្តស្របតាមស្តង់ដារ IMAX នៅមានចំនួនកំណត់ នេះបើតាមការរៀបរាប់របស់លោក សៅ សុខនី នាយកគ្រប់គ្រងរោងភាពយន្ត Major Cineplex by Smart។
បើតាមការបញ្ជាក់របស់លោក សុខនី បន្តថា រោងភាពយន្ត Cambodia IMAX ស្វាគមន៍រាល់ភាពយន្តស្តង់ដារ IMAX ទាំងអស់ មិនថាភាពយន្តបរទេស ឬក៏ខ្មែរ ហើយក៏កាន់តែលើកទឹកចិត្តលើការផលិតភាពយន្តខ្មែរគុណភាពស្តង់ដារបែប IMAX ផងដែរ ក៏ប៉ុន្តែងការផលិតភាពយន្តប្រភេទនេះមិនអាចគ្រាន់តែនិយាយថ្ងៃនេះ ហើយធ្វើបានភ្លាមនោះទេ។ រីឯសាច់រឿងរបស់ភាពយន្ត ក៏ត្រូវជាភាពយន្តលំដាប់ពិភពលោកដែរ ទើបអាចធ្វើឱ្យការផលិតមានអ្នកគាំទ្រច្រើន។
រឿងពិតមួយទៀត ការផលិតភាពយន្ត ស្តង់ដារ IMAX ត្រូវប្រើកាំម៉េរា IMAX ដែលមានតម្លៃខ្ពស់នឹកស្មានមិនដល់ ហើយកាំម៉េរាប្រភេទនេះ ក៏មិនចេះតែមានលុយទិញមកប្រើលេងបានដែរ ដោយសារតែវាមានអញ្ញាតប័ណ្ណអន្តរជាតិចេញដោយក្រុមហ៊ុន IMAX ផ្ទាល់តែម្ដង។ ឬម្យ៉ាងទៀត ភាពយន្តដែលថតក្នុងកម្រិតកាំម៉េរាអាជីព ឬហៅថា Professional ដែលមានតម្លៃរ៉ាប់ ម៉ឺនដុល្លារឡើងទៅ ប្រហែលជាអាចយករូបភាពវីដេអូភាពយន្តទៅកាត់ត ជាសាច់រឿងហើយ បម្លែងជាទម្រង់ IMAX បាន នេះបើតាមការលើកឡើងរបស់លោក សៅ សុខនី។
បើតាមការសង្កេតមើល របស់លោក សៅ សុខនី ផ្ទាល់រយៈពេលជាង ៧ ឆ្នាំក្នុងវិស័យភាពយន្តនេះ ផលិតករខ្មែរ មិនទាន់មានលទ្ធភាពបង្កើតភាពយន្តខ្នាត IMAX នៅឡើយទេ ហើយកុំថាឡើយកម្ពុជា សូម្បីតែប្រទេសថៃ ឬប្រជាជាតិអាស៊ីជិតខាង លើកលែង ប្រទេសកូរ៉េ ឬជប៉ុន ក៏មិនទាន់ហ៊ានចាយទុនផលិតរឿងបែប IMAX ដែរ។ យោងតាមហេតុផលនេះ ទើបរោងភាពយន្ត IMAX មានលក្ខណៈពិសេសលើសគេ ព្រោះវាត្រូវការភាពយន្តពិសេស ដែលមានអ្នកចង់ទស្សនាទូទាំងពិភពលោក ទើបការផលិតភាពយន្ត អាចទទួលបានផលចំណេញមកវិញបាន៕