
- 2018-07-26 00:26:00
- ភាពយន្ត
ប្រធានសមាគមភាពយន្ត បង្ហាញចំណុចរសើបធ្វើឱ្យកុនខ្មែរអាចធា្លក់ចុះជាថ្មី
- 2018-07-26 00:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសមាគមភាពយន្ត បង្ហាញចំណុចរសើបធ្វើឱ្យកុនខ្មែរអាចធា្លក់ចុះជាថ្មី
ចន្លោះមិនឃើញ
ប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា លើកឡើងថា កង្វះបទពិសោធន៍ផលិតរបស់ផលិតករខ្មែរមួយចំនួននាពេលបច្ចុប្បន្ន កំពុងតែទាញទម្លាក់វិស័យភាពយន្តខ្មែរឱ្យធ្លាក់ចុះជាថ្មីម្ដងទៀត។ លោក ឆាយ បូរ៉ា អះអាងដូច្នេះ ដោយមើលឃើញកុនខ្មែរជាច្រើននាពេលថ្មីៗ បានដាក់បញ្ចាំងតាមរោងភាពយន្តនានា ហាក់មិនសូវទទួលការគាំទ្រពីទស្សនិកជន ព្រោះតែគុណភាព ភាពយន្តរបស់ផលិតករខ្លះនៅមានកម្រិតទាប ខណៈកុនបរទេសកំពុងវាយលុកខ្លាំង។
ផលិតករ និងជាចាងហ្វាងផលិតកម្ម ដើមត្នោត រូបនេះ និយាយថា ក្នុងចំណោមភាពយន្ត ១០ ដែលបានដាក់បញ្ចាំងតាមបណ្ដារោងភាពយន្ត គឺមានតែ ២ទៅ៣រឿងប៉ុណ្ណោះ អាចរកចំណូលបាន ហើយចំណូលនោះទៀតសោធ គឺភាគច្រើនបានត្រឹមទប់ទល់នឹងការចំណាយប៉ុណ្ណោះ ខណៈ៧ ទៅ៨រឿងផ្សេងទៀត គឺតែងតែខាត។
ចំណុចនេះលោក ឆាយ បូរ៉ា មើលឃើញថា ជាហេតុផលដ៏រសើបមួយ កំពុងតែទាញវិស័យភាពយន្តខ្មែរឱ្យធ្លាក់ចុះជាថ្មី។ លោកថាការធ្លាក់ចុះ ព្រោះតែផលិតករមួយចំនួន គ្មានបទពិសោធន៍ផលិត មិនយល់ពីទីផ្សារភាពយន្ត ពោលគឺចេះតែផលិតឱ្យតែបាន មិនព្រមស្ដាប់យោបល់អ្នកដទៃ ដោយពួកគេអះអាងភាពយន្តរបស់ខ្លួនល្អ អាចរកចំណូលបាន។ ប៉ុន្តែទីបំផុតភាពយន្តខ្លះ ស្ទើរតែគ្មានអ្នកទស្សនា។
ប្រធានសមាគមភាពយន្តរូបនេះ ស្នើឱ្យផលិតករម្នាក់ៗ យកចិត្តទុកដាក់ខ្ពស់ថែមទៀតលើគុណភាពរឿង មុននឹងចេញផលិត។ ជាពិសេស Script រឿងតែម្ដង ដែលជាចំណុចចម្បងបំផុត អាចធ្វើឱ្យភាពយន្តរបស់ពួកគេ អាចរកចំណូលបាន។
កត្តាដ៏រសើបមួយទៀតដែលលោក ឆាយ បូរ៉ា មើលឃើញ គឺការហូរចូលនៃភាពយន្តបរទេស ខណៈក្រសួងពាក់ព័ន្ធហាក់មិនសូវចាប់អារម្មណ៍។ ភាពយន្តហូលីវូដ និងភាពយន្តប្រទេសជិតខាងមួយចំនួន ដែលពូកគេផលិតដោយចាយដើមទុនខ្ពស់ និងមានគុណភាព បានធ្វើឱ្យអ្នកទស្សនាកុនខ្មែរ ងាកទៅគាំទ្រភាពយន្តទាំងនោះ ហើយលែងចង់គាំទ្រភាពយន្តជាតិ។ ចំណុចនេះលោកក៏ស្នើឱ្យក្រសួងពាក់ព័ន្ធ យកចិត្តទុកដាក់ផងដែរ ប្រសិនបើមិនចង់ឱ្យភាពយន្តខ្មែរ បន្តធ្លាក់ចុះជាថ្មី។
បើតាមរបាយការណ៍ ចេញដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗមានភាពយន្តខ្មែរដាក់បញ្ចាំងតាមរោងភាពយន្ត ប្រហែលជាជាង៣០រឿងប៉ុណ្ណោះ ខណៈភាពយន្តបរទេសមានជាង ៣០០រឿងក្នុងមួយឆ្នាំៗ។
ភាពយន្តខ្មែរធ្លាប់ឡើងដល់កំពូលអំឡុងទសវត្សរ៍ ៩០ ដោយផលិតករខ្មែរអាចផលិតបានជិត ១០០រឿង និងល្បីល្បាញដល់ប្រទេសជិតខាងថែមទៀត។ តែយ៉ាងណាវិស័យនេះ បានធ្លាក់ចុះមកវិញស្ទើរដល់ចំណុចសូន្យ ដោយទើបតែងើបខ្លាំងអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ប៉ុណ្ណោះ ហើយបានបន្តរហូតដល់បច្ចុប្បន្ន៕