• 2018-07-23 07:20:56
  • ភាពយន្ត

"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ScreenPlay ចប់ដោយជោគជ័យ ចំណែកការថតបាន៦០%ហើយ

  • 2018-07-23 07:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ទូរទស្សន៍ PNN បាន​ឲ្យ​ដឹង​ថា រឿង​ភាគ​ដ៏​ធំ​របស់​ខ្លួន​ដែល​គ្រោង​ថា​នឹង​ចេញ​ផ្សាយ​នៅ​ត្រី​មាស​ចុង​ក្រោយ​ឆ្នាំ​នេះ មិន​មាន​ការ​អូស​ពន្យារ​ពេល​អ្វី​នោះ​ទេ អាស្រ័យ​ដោយ​ក្រុម​ការងារ​បាន​ដំណើរ​ការ​ថត​ប្រកប​ដោយ​លទ្ធផល​ល្អ។

ឈុតមួយក្នងរឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់"

កញ្ញា ទូច​បុប្ផា អ្នក​គ្រប់​គ្រង​កម្មវិធី​ផ្សាយ​របស់ PNN ឲ្យ​ដឹង​ថា ក្រុម​ការងារ​ ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រលាញ់​ បាន​ដំណើរ​ការ​ថត​រឿង​ដ៏​ល្អ​មួយ​នេះ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ហើយ​ទាន់​ពេល​វេលា​តាម​ការ​គ្រោងទុក។ “ScreenPlay ចប់​សព្វ​គ្រប់​ហើយ​ បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​ច្រើន​គន្លាក់ និង​មាន​បទដ្ឋាន​កំណត់​ត្រឹម​ត្រូវ​ ឲ្យ​សម​ជា​ភាពយន្ត​ភាគ​ធំ​មួយ ហើយ​តួ​សម្តែង និង​អ្នក​ដឹក​នាំ​ការ​ផលិត​បាន​ធ្វើការ​របស់​ពួកគេ​យ៉ាង​ល្អ​គួរ​ស្ងើច​សរសើរ"។

​ស្ថានីយ​ទូរទស្សន៍ PNN ចុង​ក្រោយ​នេះ​បាន​សម្រុក​បញ្ចេញ​ភាពយន្ត​ភាគ​មួយ​ចំនួន​ដែល​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ជា​ហេតុ​ធ្វើ​ឲ្យ​ទូរទស្សន៍​នេះ​កាន់​តែ​ក្លាយ​ជា​គោលដៅ​នៃ​អ្នក​ទស្សនា​រឿង​ភាគ​ខ្មែរ។

អ្នក​គ្រប់​គ្រង​រូប​នេះ​បន្ថែម​ថា៖ "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់ គឺ​ជា​កម្រង​រឿង​ភាគ​ដ៏​ថ្មី​មួយ​ទំាង​រស​និយម និង​បច្ចេក​ទេស! រឿង​នេះ​មាន​កម្រិត​បទ​និពន្ធ​ល្អ​ ពិបាក​រក​ចំណុច​ខ្សោយ ហើយ​មាន​ការ​បក​ប្រែ​មក​ជា ScreenPlay ដោយ​សម្រិត​សម្រាំង​ មិនឲ្យ​អ្នក​ធ្លាប់​អាន​ខក​ចិត្ត និង​ប្រដូច​គ្នា​ថា​ វីដេអូ​មិន​ស្មើ​រសៀវភៅ​នោះ​ឡើយ"។

ប្រលោម​លោក​ "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" គឺ​ជា​រឿង​ភាគ​មនោ​សញ្ចេតនា​ដ៏​ស៊ី​ជម្រៅ សម្រាប់​មនុស្ស​វ័យ​ក្មេង និង​វ័យ​ចំណាស់ បរិយាយ​អំពី​​បុរស​ជា​អគ្គ​ទេសាភិបាល​ធនាគារ​ម្នាក់​ដែល​មាន​លាក់​ទុក​នូវ​គំនិត​ដ៏​ជ្រាល​ជ្រៅ​ពិបាក​ស្មាន ​ទំាង​ផ្នែក​មនោ​សញ្ចេតនា​អតីត និង​ការ​ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​លំដាប់​ប្រទេស។ បុរស​នេះ ឈ្មោះ ហួតស៊ីវ ដែល​មាន​កូន​ប្រុស​បី​នាក់ ក្នុង​នោះ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ជា​កូនប​ង្កើត។

"រឿង​នេះ​សូម្បី​តែ​អ្នក​អាន​ណា​ក៏​បាន​សារភាព​ថា ត្រូវ​ការ​អាន​ច្រើន​ដង ព្រោះ​ស្រលាញ់​ពេក ទម្រាំ​ចេញ​មក​ជា​វីដេអូ គួរ​តែ​មាន​សុទិដ្ឋិនិយម​ដែរ!»កញ្ញា ទូច បុប្ផា បញ្ជាក់។

"ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" ជា​ស្នាដៃ​អ្នក​និពន្ធ ម៉ីសន សុធារី ដែល​ចាប់​រៀប​រៀង​នៅ​ឆ្នាំ​២០១២ សរសេរ​ចប់​នៅ​ឆ្នាំ​​២០១៤ ហើយ​ក៏​ជា​ប្រលោម​លោក​ដំបូង​គេ​ដែល​ទូរទស្សន៍​ក្នុង​ស្រុក​បាន​ឲ្យ​តម្លៃ​កម្មសិទ្ធិ​បញ្ញា​ខ្ពស់​បង្អស់​ក្នុង​ប្រវត្តិ​នៃ​ការ​ផលិត​ភាពយន្ត។ ទៅ​តាម​គម្រោង​ PNNនឹង​ចេញ​ឈុត​ផ្លូវការ​ខ្លី​របស់​រឿង​ភាគ​នេះ​ នៅ​ខែ​កញ្ញា​ខាង​មុខ៕  

អត្ថបទៈ ពិសី

មតិយោបល់