• 2018-10-24 07:28:10
  • ភាពយន្ត

ប៉ុប រចនា សង្ឃឹមថាមិនជួបរឿងរន្ធត់ដូច នី មុន្នីនាថ ក្នុងរឿងភាគថ្មី

  • 2018-10-24 07:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​​នេះ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​​​ផលិតកម្ម​ B &S បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ចេញ​ថត​ជា​ផ្លូវ​ការ​នូវ​ខ្សែភាពយន្ត​ភាគ​រឿង​"វិញ្ញាណស្នេហ៍" នៅ B&S Gooday ជិត​​សាលា​បាក់​ទូក។ ជាមួយ​គ្នា​​នេះ​ដែរ ប៉ុប រចនា តួ​ឯក​ស្រី​ក្នុង​រឿង​​ខាង​លើ​​សង្ឃឹម​ថា​មិន​ជួប​ខ្មោច​​លង​ដូច នី មុន្នីនាថ នៅ​ពេល​ចេញ​ថត។

ប៉ុប រចនា ថា ក្នុង​រឿង"វិញ្ញាណស្នេហ៍" នេះ​​ខ្លួន​ សម្ដែង​​ជា​តួ​កូន​ភ្លោះ​​ម្នាក់​នៅ​រស់​ម្នាក់​ស្លាប់​ដើរ​លង​បន្លាច​​​​គេ​ឲ្យ​ខ្លាច​គ្រប់​គ្នា។ ត្រង់​ឈុត​ឆាក​សម្ដែង​ជា​តួ​អង្គ​ស្លាប់​នេះ​ហើយ​ទើប​ធ្វើ​​ឲ្យ​នាង ខ្លាច​ត្រូវ​ជួប​ខ្មោច​លង​ពិត​ៗ​ដូច​ នី មុន្នីនាថ ក្នុង​រឿង​ "នាង​នាថ​បាត់​ដំបង"។

“គ្រាន់​តែ​និយាយ​ក៏​ព្រឺ​សម្បុរ​ដែរ​បង ព្រោះ​ខ្ញុំ​ខ្លាច​ខ្មោច​ខ្លាំង​ណាស់​ហើយ​សម្ដែង​ជា​តួ​អង្គ​ខ្មោច​ទៀត បើ​ជួប​ខ្មោច​ដូច​បង​នាថ មិន​ដឹង​ធ្វើ​ចិត្ត​យ៉ាង​ណា​ទេ។ ទោះ​បី​ជា​ខ្ញុំ​ខ្លាច​ខ្មោច​តែ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​​នៅ​ពេល​សម្ដែង​រឿង មិន​ឲ្យ​អ្នក​ដឹក​នាំ​ក៏​ដូច​ជា​ក្រុម​ការងារ​ខក​បំណង​ឡើយ"។ ប៉ុប រចនា រៀបរាប់។

ក្នុង​ពិធី​ក្រុង​ពាលី​​ភាព​យន្ត​​ខាង​លើ​លោក ប៊ុន ស៊ា ចាង​ហ្វាង​ផលិតកម្ម​ឲ្យ​ដឹង​ថា រឿង"វិញ្ញាណស្នេហ៍" មាន​ ៣៧ភាគ​ជា​ប្រភេទ​ខ្សែភាពយន្ត​ភាគ​​បែប​មនោសញ្ចេតនា​ស្នេហា​អូន​បង​​ ខ្មោច​ព្រឺ​ព្រួច​លាយ​ឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ជា​ច្រើន​ផង​ដែរ។ រឿង​នេះ​​គ្រោង​នឹង​ចេញ​ថត​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ ត្រៀម​​ចំណាយ​ដើម​ទុន​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត។

ចំពោះ​ទីតាំង​ថត​វិញ​មាន​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្ដាល កំពង់ស្ពឺ និង កំពង់សោម ជា​ដើម។ ចូល​រួម​សម្ដែង​ដោយ ប៉ុប រចនា លោក បូរមី ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់