• 2018-12-04 09:47:02
  • ភាពយន្ត

មើលហើយស្រណោះ វីដេអូឯកសារស្នាដៃគំនូរផ្ទាំងប៉ាណូភាពយន្ត ឪពុក ឆ័យលី ដាឡែន មុនទទួលមរណភាព

  • 2018-12-04 09:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មឿន ឆៃ ឪពុកតារាចម្រៀង ឆ័យ លីដាឡែន ជាវិចិត្រករ និងជាតន្រ្តីករដ៏ល្បីល្បាញតាំងពីមុខសម័យខ្មែរក្រហមម្ល៉េះ។ បុរសដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះជាអ្នកបង្កើតផ្ទាំងប៉ាណូភាពយន្តសម័យសម្រាប់ផ្សព្វផ្សាយក្នុងរោងកុនស្ទើររាប់មិនអស់។

រូបភាពពីវីដេអូឯកសារ រឿង បុរសផ្ទាំងប៉ាណូ

តែជាអកុសល កាលពី​យប់​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា វេលា​ម៉ោង ១០ និង​២០​នាទី​ លោក មឿន ឆៃ បានលាចាកលោក ​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូងក្នុងស្រុកកំណើតខេត្តបាត់ដំបង ក្នុង​ជន្មាយុ​​ ៦៨ ឆ្នាំ ។ ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឱ្យសមាជិកក្រុមគ្រួសារលោក មឿន ឆៃ ពិសេសអ្នកនាង ឆ័យ លីដាឡែន ទទួល​យកមិនបាន ហើយក៏ជាការសោកស្តាយនូវការបាត់បង់ធនធានមនុស្ស និងជាសាក្សីប្រវត្តិសាស្រ្តលើវិស័យភាពយន្តខ្មែរម្នាក់ផងដែរ។

គួររម្លឹកថា លោក​​ មឿន ឆៃ បាន​ប្រកប​អាជីព​ជាអ្នកគូរផ្ទាំងគំនូរប៉ាណូភាពយន្ត នេះ​ប្រមាណ​ជាង ​៤០​ឆ្នាំ​​មក​ហើយ​​គឺ​តាំង​​ពី​ឆ្នាំ​ ១៩៦៨​ ហើយ​ក៏​ផ្អាក​ក្នុង​ឆ្នាំ​ ១៩៧៥​។​ បន្ទាប់​ពី​សម័យ ប៉ុល​ ពត​ ដួល​រលំ​ទៅ​ នៅ​ឆ្នាំ​ ១៩៨០​ លោក​ក៏​បាន​បន្ត​អាជីព​នេះ​ឡើង​វិញ​ដោយ​គូរ​​ជា​​​ផ្ទាំង​ប៉ាណូ​អ៊ុត​សក់​ កន្លែង​កាត់​សក់​ ជួស​ជុល​ម៉ូតូ​ ជា​ដើម​​ ជា​ពិសេស​គឺ​គូរ​ផ្ទាំង​ប៉ាណូ​​​​ភាព​យន្ត​ខ្មែរ​​ម្ដង​ទៀត​។

ក៏ប៉ុន្តែដោយសារបច្ចេកវិទ្យាកាន់តែទំនើប ភាពយន្តខ្មែរទីផ្សារ ការងារគូរគំនូរប៉ាណូ ក៏លែងមានចាប់ពីឆ្នាំ ២០០០ ដូច្នេះហើយរូបលោកក៏បន្តការងារជាតន្រ្តីករ ព្រោះនេះក៏ជាទេពកោសល្យរបស់លោកមួយទៀតដែរ។ យ៉ាងណាវិញ ស្នាដៃវិចិត្រសាស្រ្តរបស់លោកត្រូវបានចងក្រងជាវីដេអូឯកសារ ដោយយុវជនមួយក្រុម មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កាលពីចុងឆ្នាំ ២០១៦៕

ទោះបីជាលោក មឿន ឆៃ ចែកឋានទៅលោកខាងមុខក៏ពិតមែន តែស្នាដៃរបស់លោកនៅតែមានតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយ។

ដើម្បីស្វែងយល់ពីការងាររបស់លោក មឿន ឆៃ ក្នុងវិស័យភាពយន្តសូមទស្សនាវីដេអូខាងក្រោម៖

វីដេអូពី Project 3 នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

អត្ថបទ៖ Sunny

មតិយោបល់