• 2019-01-18 07:57:09
  • ភាពយន្ត

បរទេសពីររូប លះបង់ទាំងលុយ ទាំងពេលវេលាផ្ទាល់ខ្លួន ជួយដល់វិស័យភាពយន្តនៅកម្ពុជា

  • 2019-01-18 07:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមភាពយន្តកម្ពុជា ដែលដឹកនាំដោយ លោក ព្រំ សិលា អតីតអ្នកគ្រប់គ្រងផលិតកម្មចែកចាយភាពយន្តខ្មែរ Puprum Entertainment Film Distributor បានបង្ហោះសារបង្ហាញមុខបរទេសពីររូប គឺលោក Matthew Robinson និង លោក Deependra Gauchan ដែលជាព្រឹទ្ធាចារ្យចែករំលែក និងជួយវិស័យភាពយន្តនៅកម្ពុជា។

ព្រឹទ្ធាចារ្យ Matthew Robinson

លោក Matthew Robinson ជា ជនជាតិអង់គ្លេស និងជាផលិតករភាពយន្តបរទេស មកបោះទុនផលិតភាពយន្ត បង្រៀនពីការផលិតភាពយន្តបែបទំនើប នៅកម្ពុជា ជាមួយផលិតកម្មធំមួយឈ្នោះថា «ផលិតករខ្មែរមេគង្គ»។ លោក Matthew Robinson ក៏បាន បណ្តុះបណ្តាលផលិតករជំនាន់ក្រោយខ្មែរជាច្រើនរូបឱ្យបន្តជំនាញផលិតភាពយន្ត និងផ្ទល់ការងារដល់ធនធានមនុស្សខ្មែរជាច្រើនរូប អស់រយៈពេលជាច្រើនឆ្នាំ មកដល់បច្ចុប្បន្ន។

សិក្ខាកាមចូលរៀនវគ្គបណ្តុះបណ្តាលពីការផលិតភាពយន្ត

រូបលោក Matthew Robinson បានធ្លាប់ដឹកនាំផលិត និងសម្តែងភាពយន្តភាគល្បីៗមួយចំនួននៅកម្ពុជាតាំងពីឆ្នាំ ២០០៣ មក ដោយមានរឿងភាគខ្នាតធំមួយ បង្កើតជាផ្ទាំងទស្សនីយភាពចង់ចាំក្នុងចិត្តប្រជាជនខ្មែររាប់លាននាក់ មានចំណងជើងថា «រស់ជាតិជីវិត»។ ជាមួយគ្នានេះដែរ ផលិតកម្មរបស់លោក ក៏បន្តផលិតរឿងខ្នាតធំ ដូចជារឿង «តម្លៃស្នេហ៍» រឿង «King of Selfie» និងរឿងកុនបែបខ្មែរមានគុណភាពខ្ពស់មួយចំនួនទៀត។

លោក Deependra Gauchan

លោក Deependra Gauchan ជាផលិតករមានបទពិសោធន៍ និងមានទេពកោសល្យបណ្តុះបណ្តាលវិស័យភាពយន្ត បច្ចុប្បន្នលោក ជាទីប្រឹក្សាផ្នែកបណ្តុះបណ្តាលភាពយន្តសហការណ៍ជាមួយនាយកដ្ឋានភាពយន្ត ថែមទាំងគ្រប់គ្រងផលិតកម្មក្នុងស្រុកមួយមានឈ្នោះថា Cometogether Film។ ព្រឹទ្ធាចារ្យ រូបនេះជាអ្នកជំនាញបង្រៀនពីការសរសេរអត្ថបទកុន ឬ Screen Play និង Script ដោយបានជួយបណ្តុះបណ្តាលជំនាញទន់ នេះទៅកាន់ផលិតករជំនាន់ថ្មីជាច្រើនរូប ដោយមានការសហការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្ទាល់។

ឯកឧត្តមសោម សុគន្ធ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលភាពយន្តខ្មែរ

ស្នាដៃ និងការជួយរបស់ព្រឹទ្ធាចារ្យបរទេសទាំង ២ រូប ត្រូវបានសមាគមភាពយន្តកម្ពុជារៀបរាប់ថា ជាការលះបង់ដោយចិត្តស្រលាញ់ ស្មោះស្ម័គ្រ ចង់ជួយឱ្យវិស័យភាពយន្តខ្មែរកាន់តែប្រសើរ កាន់តែឈានទៅមុខ ដោយឥតគិតផលចំនេញផ្ទាល់ខ្លួន។ ជានិច្ចកាល ព្រឹទ្ធាចារ្យ ទាំង២ បានជួយរួមចំណែកថវិកាផ្ទាល់ខ្លួនផង ក្នុងការផលិតភាពយន្តខ្មែរ និងបានបង្រៀនកូនខ្មែរផលិតភាពយន្តដោយមិនអស់ប្រាក់កំរៃទៀតផង៕

អត្ថបទ៖ Sunny

មតិយោបល់