• 2019-02-22 03:39:35
  • ភាពយន្ត

អ្នកណាកំពុងចាំខ្លះ? រឿងភាគខ្មែរដ៏ធំប្រចាំឆ្នាំ តៀមចេញមកវាយលុយទីផ្សារទៀតហើយ

  • 2019-02-22 03:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍ ក្នុងស្រុកមួយបានបញ្ចេញសមិទ្ធផលរឿងភាគខ្មែរថ្មីរបស់ខ្លួន គឺរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ក្រោយថតចប់រួចរាល់ដោយប្រើរយៈពេលពេញមួយឆ្នាំ។ នៅក្នុងវីដេអូមួយចេញថ្មីៗនេះ ទូរទស្សន៍ Pnn ចាត់ទុករឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ជាខ្សែវីដេអូភាគធំ របស់ខ្លួនប្រចាំឆ្នាំ២០១៩។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីទូរទស្សន៍បានបរិយាយថា ដោយសារ Pnn តែងតែគាំទ្រស្នាដៃរបស់អ្នកនិពន្ធខ្មែរ ម្ល៉ោះហើយស្នាដៃប្រលោមលោករបស់អ្នកនិពន្ធ ម៉ី សនសុធារី ដែលមានឈុតឆាកល្អៗច្រើន ទំាងផ្នែកពាណិជ្ជកម្ម បទពិសោធន៍ជីវិត និងមនោសញ្ចេតនាទន់ភ្លន់ ត្រូវបានជ្រើសយកមកផលិត។ កញ្ញាកត់សម្គាល់ឃើញថា ខាងផលិតកម្មបានបង្ហាញនូវលទ្ធផលល្អប្រសើរសម្រាប់រឿងមួយនេះ។

អ្នកផលិតរឿងនេះ គឺលោក ឈរ ហ្សង់ ជាខ្មែរសញ្ជាតិបារាំងមកពីផលិតកម្ម La film បានអះអាងថាលោកបានប្រើវិធីសាស្ត្រថ្មី គឺអោយតារាសម្តែងលេងតាមគំនិត និង មនោសញ្ចេតនារបស់គេផ្ទាល់ ហើយកាមេរ៉ាគឺនៅចាំចាប់រហូតមិនកាត់ពួកគេ ជាហេតុធ្វើអោយពួកគេចូលតួបានល្អ និងមានកាយវិការស់រវើក។

អ្នកនិពន្ធ ម៉ី សនសុធារី វិញក៏បានអះអាងដែរថា អ្នកស្រីមានមោទកភាពចំពោះរឿងភាគមួយនេះដោយបាន បន្តសាច់រឿងថ្មីបន្ថែមខ្លះពីលើរឿងចាស់ដើម្បីអោយកាន់តែមានភាពទំនើបកម្ម និងដើរទាន់បច្ចុប្បន្នភាពរបស់សង្គមកម្ពុជា។ អ្នកស្រីអះអាងថាយើងថតកុន យើងដើរទៅមុខមិនមែនបកក្រោយទេ ដូច្នេះលំបាក ឬស្រណុក វាជារឿងធម្មតា បើបកក្រោយគួរតែមិនធ្វើល្អជាង។

ចំណែកអ្នកនិពន្ធអត្ថបទភាពយន្ត គឺកញ្ញាម៉ានិត បានអះអាងដែរថា សាច់រឿងបំឡែងពីប្រលោមលោកមួយនេះត្រូវការពេល ៥ខែគត់ក្នុងការសរសេរឡើងវិញ ហើយថាខ្លួនបានរៀនច្រើនពីសិល្បៈកំណត់ចរិតតួអង្គក្នុងរឿងដ៏ល្អនេះ។

លោក លៀក លីដា ផលិតករដ៏មានបទពិសោធន៍ ដែលជាទីប្រឹក្សាសម្រាប់ខ្សែរឿងភាគនេះអះអាងថា នេះជាសាច់រឿងដំបូងដែលលោកស្រលាញ់អស់ពីបេះដូង។ រឿងភាគ "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ក៏នឹងមានផ្សាយបន្តនៅលើ Soyo ផងដែរដែលលោកស៊ុត ឈាងឡេង អ្នកគ្រប់គ្រង Soyo អះអាងថា នេះជាកុនដែលមានតម្លៃ Digital Right ខ្ពស់បំផុតក្នុងឆ្នាំនេះ៕

អត្ថបទ៖ យី សុធារី

មតិយោបល់