• 2020-06-25 07:41:01
  • ភាពយន្ត

ផលិតកម្ម​ធំៗ​ក្នុង​ស្រុក ប្រឈម​បិទ​ទ្វារ​ឆាប់ៗ ប្រសិន​​រោងកុន​នៅ​តែ​បន្ត​បិទ​រយៈ​ពេល​យូរ​ទៀត

  • 2020-06-25 07:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត និង​ម្ចាស់​រោងភាពយន្ត​នៅ​កម្ពុជា ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​រក​លទ្ធភាព​បើក​រោងកុន​ឡើង​វិញ មុន​ពេល​ជំនួញ​ពួកគេ​ត្រូវ​ក្ស័យធន ឬ​បិទទ្វារ​បណ្ដោះអាសន្ន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

អ្នក​គ្រប់គ្រង​ផលិតកម្ម អិល ឌី លោក លៀក លីដា ប្រាប់​ថា បើ​ក្រុមហ៊ុន​លោក​នៅ​តែ​មិន​អាច​រក​ចំណូល​បាន​អ្វី​សោះ​តែ​កន្លះ​ខែ​ទៀត នោះ​លោក​នឹង​បិទ​ក្រុមហ៊ុន​បណ្ដោះអាសន្ន ពោល​គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​រោងភាពយន្ដ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ទើប​លោក​គិត​ទៀត។ បច្ចុប្បន្ន​លោក​អស់​លទ្ធភា​ព​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​គ្រប់​ចំនួន ដោយ​នៅ​ឧសភា និង​ខែ​មិថុនា បើក​ឲ្យ​តែ​៦០% សិន​ប៉ុណ្ណោះ។

លោក លៀក លីដា៖" ខ្ញុំ​មាន​បុគ្គលិក​ពេញ​សិទ្ធិ​៥០​នាក់ ហើយ​ប្រាក់​ខែ​សុទ្ធតែ​ល្អៗ ដែល​ចំណាយ​ប្រចាំ​ខែ​រង្វង់​៣​ម៉ឺន​ដុល្លារ ហើយ​បើ​រោងកុន​នៅ​តែ​មិន​ទាន់​បើក ឬ​ស្ថានភាព​នេះ​នៅ​តែ​អូស​បន្លាយ​ទៀត ខ្ញុំ​ជឿ​ថា​ត្រឹម​ពាក់​កណ្ដាល​ខែ​៧​ដួល​ហើយ"។

បច្ចុប្បន្ន​ផលិតកម្ម អិល ឌី មាន​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​សម្រាប់​បញ្ចាំង​តាម​រោង៦ រឿង​ក្នុង​ដៃ គឺ​រង់ចាំ​តែ​ថ្ងៃ​ចាក់​បញ្ចាំង​ប៉ុណ្ណោះ។ រីឯ​រឿង​មួយ​ចំនួន​ទៀត ថត​បាន​តែ​ពាក់​កណ្ដាល​ក៏​ផ្អាក​ទៅ​វិញ ដោយ​សារ​កញ្ចប់​ថវិកា​ភាគ​ច្រើន​បាន​ចំណាយ​ទៅ​លើ​ថ្លៃ​ជួល​តួ​សម្ដែង​រឿង​មុន​ៗ​អស់​ហើយ ហើយ​ថវិកា​មួយ​ភាគ​ទៀត​ត្រូវ​ចំណាយ​បើក​ឲ្យ​បុគ្គលិក​ប្រចាំ​ខែ តាំង​ពី​បាត់​ចំណូល​តាំង​ពី​ខែ​មករា ឆ្នាំ​២០២០ មក។

ចំណែក​ម្ចាស់​ផលិតកម្ម មហាហង្ស លោក អិន សុភិន និយាយ​ថា បើ​ទោះ​បី​ជា​រោងភាពយន្ត​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ក៏​លោក​មិន​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ចូល​ទស្សនា​ច្រើន​ដែរ ព្រោះ​គេ​នៅ​ខ្លាច​ជំងឺ​កូវីដ-១៩។ ប៉ុន្ដែ​លោក​ថា​ប្រសើរ​ជាង​បិទ​ទាំង​ស្រុង​ដូច​សព្វថ្ងៃ ព្រោះ​យ៉ាង​ហោច​ទាំង​ផលិតករ និង​ម្ចាស់​រោង​កុន​ទទួល​បាន​ចំណូល​ខ្លះ​គ្រាន់​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​គ្រា​ដ៏​លំបាក​នេះ។

លោក អិន សុភិន បញ្ជាក់​ថា ផលិតកម្ម​លោក​មាន​រឿង​ចំនួន​៧ នៅ​ក្នុង​ដៃ ហើយ​ក្នុង​១​រឿង​ចំណាយ​មិន​ក្រោម​៣​ម៉ឺន​ដុល្លារ​ឡើយ ដើម្បី​សម្រេច​បាន។ ប៉ុន្តែ​ឥឡូវ​លុយ​ត្រូវ​កប់​នៅ​ក្នុង​រឿង​ទាំង​នោះ ហើយ​ចំណូល​ពី​ការ​បញ្ចាំង​រឿង​ក៏​គ្មាន។ បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ​លោក​កាត់​បុគ្គលិក​ខ្លះ ឬ​ត្រូវ​បិទ​ទ្វា​បណ្ដោះអាសន្ន​ក្នុង​រយៈ​ពេល​២​ខែ​ខាង​មុខ​ទៀត​នេះ ហើយ​រង់ចាំ​រហូត​ដល់​ស្ថានការណ៍​ប្រសើរ​សិន។

ផលិត​មួយ​រូប​ទៀត គឺ​លោក ហ៊ុយ យ៉ាឡេង ដែល​ត្បិត​ថា ពេល​នេះ មិន​ទាន់​មាន​រឿង​ដែល​ផលិត​រួច​នៅ​ក្នុង​ដៃ ប៉ុន្តែ​លោក​នៅ​តែ​ទទូច​ចង់​មាន​ការ​បើក​ឡើង​វិញ​នូវ​រោងភាពយន្ត​កន្លែង​​ដែល​ផលិតករ​ភាពយន្ត​អាច​ប្រមូល​ទុន​មក​វិញ​​ក្រោយ​បាន​វិនិយោគ។

លោក​លើក​ឡើង​ថា សម្រាប់​លោក​ដែល​ធ្វើ​ជា​លក្ខណៈ ឯកត្តជន មិន​ជា​បញ្ហាចោទ ប៉ុន្តែ​ដូច​ករណី​ផលិតករ​ភាពយន្ត​២​រូប​ខាង​លើ ក្នុង​នាម​ជា​ក្រុម​ហ៊ុន គឺ​ពួក​គេ​ជួប​ការ​លំបាក​ច្រើន នឹង​ឈាន​ទៅ​ដល់​ការ​ដួល​រលំ ប្រសិន​បើ​រោងកុន​នៅ​តែ​បន្ត​បិទ​ទ្វារ​។ ដូច្នេះ​ហើយ លោក​សង្ឃឹម​ថា ចំណាត់​ការ​ឲ្យ​ដំណើរ​រោងភាពយន្ត​ឡើង​វិញ នឹង​កើត​មាន​ឆាប់​ៗ ក្នុង​នោះ​បើ​ទោះ​ត្រូវ​ទទួល​យក​លក្ខខណ្ឌ​សុវត្ថិភាព​បែប​ណា​ក៏​ដោយ។

ទាក់ទង​បញ្ហា​នេះ​ម្ចាស់​រោងកុន​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា ដែល​ជា​ដៃគូ​យ៉ាង​សកម្ម​ជាមួយ​ផលិតករ​ ដើម្បី​រក​ចំណូល​ពី​វិស័យ​ភាពយន្ត បាន​បង្ហើប​ថា រោងកុន​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បើក​ទ្វា​ឡើង​វិញ ប្រសិន​បើ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល។ ការ​ត្រៀម​ខ្លួន​នោះ គឺ​សំដៅ​ដល់​ការ​រង់ចាំ​ទទួល​វិធាន​ការ​ផ្សេងៗ ឬ​សេចក្ដី​ណែនាំ​ថ្មី​ស្ដីពី​ការពារ​ពី​មេរោគ​កូវីដ-១៩ ។

លោក​បញ្ជាក់​ថា ការ​អនុវត្ត​វិធានការ​វាស់​កម្ដៅ លាង​ដៃ​នឹង​អាល់កុល និង​ដាក់​កៅអី​អង្គុយ​ទស្សនា​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា ត្រូវ​បាន​អនុវត្ត​តាំង​ពី​មុន​ពេល​ក្រសួង​ប្រកាស​ឲ្យ​ផ្អាក​ភ្លាម​ៗ​មក​ម្ល៉េះ។ លោក​ចង់​ឃើញ​អាជីវកម្ម​លើ​វិស័យ​ភាពយន្ត​ដំណើរការ​ឡើង​វិញ ព្រោះ​ការ​ដាក់​បញ្ចាំង​នូវ​រឿង​ល្បីៗ ជា​ពិសេស​រឿង​ខ្មែរ គឺ​ដូច​ជា​បាន​លើក​ទឹកចិត្ត​ផលិតករ​ផង និង​លើក​កម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​ផង។

កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់ បូក​រួម​ទាំង​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​បាន​រង​ការ​គំរាម​កំហែង​ខ្លាំង​ពី​មេរោគ ខូវីដ ១៩ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២០​នេះ​មក ដែល​ក្នុង​ប្រទេស​ខ្លះ​បាន​ប្រកាស​បិទ​ប្រទេស ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​សាហាវ​នេះ ដោយ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ស្ទើរ​ជាប់​គាំង​ទាំង​ស្រុង។

យ៉ាងណា ថៃ ដែល​ជា​ប្រទេសក្បែរ​ខាង​កម្ពុជា និង​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​ខូវីដ១៩​ច្រើន​ជាង​គេ​លេខ​រៀង​ទី​៤នៅ​ក្នុង​តំបន់​អាស៊ាន​បន្ទាប់​ពី ឥណ្ឌូណេស៊ី សាំងហ្គាពួរ និង​ភីលីពីន បាន​​​បើក​ចំហរ​ផ្នែក​ខ្លះ​ឡើង​វិញ​ហើយ ដើម្បី​សម្រួល​លំហូរ​សេដ្ឋកិច្ច។ ២ថ្ងៃ​មុន​នេះ ប្រទេស​របស់​លោក ប្រាយុទ្ធ ចាងអ៊ូចា បាន​ឲ្យ​ដំណើរ​រោងភាពយន្ត​ឡើង​វិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​សុវត្ថិភាព​នានា​របស់​ក្រសួង​ពាក់​ព័ន្ធ។ ក្រៅ​ពី​នេះ ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​ទៀត គឺ​វៀតណាម ក៏​មាន​ដំណឹង​ថា បាន​អនុញ្ញាតិ​ឲ្យ​បើក​ដំណើរ​រោងភាពយន្ត​ឡើង​វិញ ជាមួយ​លក្ខខណ្ឌ​សុវត្ថិភាព​ដូច​គ្នា​ដែរ។

ដើម្បី​សម្រួល​លើ​បញ្ហា​រោង​ភាពយន្ត ក៏​ដូច​ជា​សម្រួល​ការ​លំបាក​ផលិតករ​ដែល​ជាប់​គាំង​ផលិតផល​ភាពយន្ត​ផលិតរួច មិន​អាច​រក​កន្លែង​ដាក់​បញ្ចាំង​បាន នាយកដ្ឋានភាពយន្ត ក៏មាន​ដំណឹង​ថា បាន​រៀប​ចំ​ឯកសារ​ត្រៀម​ដាក់​ជូន​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ និង​សម្រេច​។ យ៉ាង​ណា​ក៏​ដោយ​ជំុំវិញ​បញ្ហា​នេះ លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋានភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ។

រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ឲ្យ​បិទ KTV និង​រោងភាពយន្ត​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជា​សកល នៃ​មេរោគ​កូវីដ-១៩។ សំឡឹង​មើល​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា​ចំពោះ​ករណី ខូវីដ ១៩ គិត​ត្រឹម​ម៉ោង ៧ព្រឹក​ថ្ងៃ​ទី ២៤​ម្សិលមិញ កម្ពុជា​មាន​ករណី​វិជ្ជមាន​ខូវីដ​១៩សរុប​ចំនួន ១៣០នាក់ ស្ត្រី ៣៩នាក់ បុរស ៩១នាក់) ក្នុង​នោះ កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ​អ្នកជំងឺខូវីដ១៩​ចំនួន ១២៨ នាក់ នាំ​ឲ្យ​អ្នក​ជំងឺ​ដែល​បាន និង​កំពុង​ទទួល​យក​ការ​ព្យាបាល​សល់​ត្រឹម ២នាក់​ប៉ុណ្ណោះ។

ក្រៅ​ពី​នេះ កម្ពុជា ក៏​បាន​បង្ហាញ​ឲ្យ​ពី​ប្រសិទ្ធភាព​នៃ​ការ​ទប់​ស្កាត់​ជំងឺ មិន​ឲ្យ​មាន​តួលេខ​ហក់​ឡើង​ខ្ពស់ដូច​កាល​ពី​ដំបូង​ ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ ដោយ​ក្នុង​កំឡុង​ពេល​នោះ គឺ​កម្ពុជា​មាន​ករណី​វិជ្ជមាន​ខូវីដ​១៩ តែ​ត្រឹម​៣​ករណី​ប៉ុណ្ណោះ សុទ្ធ​ជា​ករណី​នាំ​ចូល​ពី​បរទេស​។

មើល​ឃើញ​ស្ថានភាព​ប្រសើរ​ឡើង​នេះ ផលិតករ​ភាពយន្ត​ក្នុង​ស្រុក បាន​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​ថា រោងភាពយន្ត​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ដើម្បី​ឈាន​ទៅ​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ឆាប់​ៗ ក្រោយ​ពី​រាជរដ្ឋាភិបាល​ ក៏​បាន​ដក​បម្រាម​ផ្នែក​ខ្លះ​ដើម្បី​សម្រួល​ដល់​ដង្ហើម​សេដ្ឋកិច្ច​ប្រទេស ដូច​ករណី​ការ​សម្រេច​ឲ្យ​បើក​ដំណើរ​ការ​សារមន្ទីរ​ជាតិ​កាល​ពី​ខែ​មុន​ជា​ដើម។

បែប​នេះ​ក្ដី ចំពោះ​បញ្ហា​ខាង​លើ លោក​ជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល​ឆ្លើយ​តប​តាម​តេឡេក្រាម​កាល​ពី​ថ្ងៃ​មុន​ថា ត្បិត​ថា​ពេល​នេះ​កម្ពុជាស្ថានភាព​ខូវីដ​១៩​ហាក់​ល្អ​ប្រសើរ​ក៏​ពិត​មែន ប៉ុន្តែ​ពិភព​លោក​ទាំង​មូលនៅ​តែ​រង​ការ​គំរាម​កំហែង​ខ្ពស់​នៅ​ឡើយ។ ដូច្នេះ​ហើយ លោក​ជំទាវ​ថ្លែង​ថា ក្នុង​ពេល​នេះ រោងភាពយន្ត​ទំនង​មិន​ទាន់​អាច​ដំណើរ​ការ​បាន​ទេ។ យ៉ាង​ណា​លោក​ជំទាវ​បញ្ជាក់​ថា អ្វី​ៗ​គឺ​អាស្រ័យ​គណៈកម្មការ​អន្តរ​ក្រសួង​ជា​អ្នក​សម្រេចឯណោះ​ទេ។

យោងតាមតួលេខរបស់ Worldometer ដែល​សារ​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៦ មិថុនា បានឱ្យដឹងថាករណីឆ្លងវីរុស​កូវីដ១៩ បានកើនឡើងដល់ ៨ ១០៨ ៦៦៧ នាក់នៅទូទាំងពិភពលោក ខណៈ​ដែលមានអ្នកស្លាប់ចំនួន ៤៣៨ ៥៩៦ នាក់។

ស្ថានភាព​នៅ​តែ​ផុយ​ស្រួយ​បែប​នេះ ប្រធាន​អង្គការ​សុខភាព​ពិភព WHO លោក Tedros Adhanom Ghebreyesusបាន​ក្រើន​រំលឹក​ថា នេះ​មិន​ទាន់​ជា​ពេល​ដែល​ប្រទេស​ណា​មួយ​ក្នុង​ពិភព​លោក​ត្រូវ​បន្ធូរ​ដៃ ឬ​ព្រងើយ​កន្តើយ​ពី ខូវីដ១៩​នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់