- 2020-08-17 02:34:31
- ភាពយន្ត
ហ៊ុយ យ៉ាឡេង៖ រោងភាពយន្ដមានសុវត្ថិភាព១០០% ចូលទស្សនានៅថ្ងៃឈប់សម្រាកនេះទាំងអស់គ្នា
- 2020-08-17 02:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុយ យ៉ាឡេង៖ រោងភាពយន្ដមានសុវត្ថិភាព១០០% ចូលទស្សនានៅថ្ងៃឈប់សម្រាកនេះទាំងអស់គ្នា
ចន្លោះមិនឃើញ
ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង សំណូមពរដល់ប្រិយមិត្តដែលស្រឡាញ់ភាពយន្តចូលរួមគាំទ្រភាពយន្តវិស័យឡើងវិញនៅអំឡុងពេលឈប់សម្រាកជាង១សប្ដាហ៍នេះ។ ការសំណូមពរ ធ្វើឡើងក្រោយពីលោកដើរទស្សនាសាកគ្រប់រោងភាពយន្តល្បីៗនៅភ្នំពេញ ឃើញថាមានសុវត្ថិភាព១០០%ហើយ។
ម្ចាស់ខ្សែភាពយន្តរឿង"ដើម្បីកូន" លោក ហ៊ុយ យ៉ាឡេង សង្កេតឃើញថា គ្រប់រោងភាពយន្តដែលលោកបានចុះពិនិត្យ និងអង្គុយទស្សនាដោយផ្ទាល់នោះ បានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។ លោកក៏សុំឲ្យអ្នកចូលរួមទស្សនាទាំងអស់ ត្រូវពាក់ម៉ាស បាញ់អាល់កុល និងវាស់កម្ដៅមុននឹងចូលសាលទស្សនា។
រោងភាពយន្តនៅទូទាំងប្រទេស បានបិទជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ ហើយរាជរដ្ឋាភិបាលទើបអនុញ្ញាតឲ្យរោងភាពយន្តបើកដំណើរការឡើងវិញ ប៉ុន្តែក្រោយបើកដំណើរការប៉ុន្មានថ្ងៃមកនេះគេសង្កេតឃើញថាមិនទាន់មានអ្នកចូលទស្សនាច្រើននៅឡើយទេ។
រយៈពេលជិតកន្លះឆ្នាំ នៃការបិទរោងភាពយន្តនេះ បានធ្វើឲ្យផលិតករភាពយន្ត និងម្ចាស់រោងភាពយន្ត ត្អូញត្អែរពីការបាត់ចំណូល ដោយម្នាក់ៗនៅសល់រឿងមិនចេះតិចនៅក្នុងដៃ។ អ្នកវិនិយោគលើវិស័យភាពយន្ត មានរឿងល្អៗមើល និងថ្មីៗដែលមាននៅក្នុងដៃស្រាប់ សម្រាប់ចាក់ជូនប្រិយមិត្តទស្សនាក្នុងថ្ងៃឈប់សម្រាករយៈពេល១០ថ្ងៃ នេះ៕