• 2020-09-16 05:11:33
  • ភាពយន្ត

ពាន់ ភួងបុប្ផា៖​ ស្នាដៃភាពយន្ដចេញពីខ្ញុំ នៅសល់មិនច្រើនទៀតទេ

  • 2020-09-16 05:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ និង​ដឹកនាំ​រឿង​ចាស់​វស្សា ពាន់ ភួង​បុប្ផា នៅ​តែ​មាន​បេះដូង​ស្រឡាញ់​វិស័យ​ភាពយន្ត ខណៈ​ដែល​រូប​កាយ​កាន់​តែ​ទ្រុឌទ្រោម ដោយ​ចូលវ័យ​ជរា។ លោកស្រី​បញ្ជាក់​ថា ទាំង​ពេល​វេលា និង​ភាពយន្ត​ចេញ​ពី​ស្នាដៃ​របស់​លោក​ស្រី នៅ​សល់​មិន​ច្រើន​ទៀត​ទេ មុន​ពេល​ដែល​លោកស្រី​ឈប់​ទាំង​ស្រុង​ពី​អាជីព​មួយនេះ។

អ្នក​និពន្ធ និង​ដឹកនាំ​រឿង ពាន់ ភួង​បុប្ផា បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​តារា​សម្ដែង និង​ទស្សនិកជន​ប្រមាណ​១០០​នាក់ នៅ​រោងភាពយន្ត Prime Cineplex ក្នុង​ឱកាស​ដែល​លោកស្រី​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ដាក់បញ្ចាំងរឿង"កុមារី​អាយុ​២៥​ឆ្នាំ​វគ្គ៣" កាល​ពី​យប់​មិញ។

ក្នុង​រយៈ​៣២​ឆ្នាំ ដែល​លោកស្រី បាន​ប្រឡូក​ក្នុង​អាជីព​និពន្ធ និង​ដឹកនាំ​រឿង​សរុប​ជាង​១០០​រឿង គឺ​មាន​រឿង​តែ​៤​ប៉ុណ្ណោះ​ដែល​លោកស្រី​ពេញចិត្ត​បំផុត។ ក្នុង​នោះ​ក៏​មាន​រឿង"កុមារី​អាយុ​២៥​ឆ្នាំ"​ដែរ។

គ្រប់​រឿង​ដែល​លោកស្រី​និពន្ធ​សុទ្ធ​តែ​បង្កប់​នូវ​អត្ថន័យ​អប់រំ។ ជាក់ស្ដែង​រឿង"កុមារី​អាយុ​២៥​ឆ្នាំ​វគ្គ​៣" នេះ បាន​បង្កប់​នូវ​សារ​អប់រំ​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរណ៍៖"យើង​មើល​ពិភព​លោក​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩ តែ​នៅ​ស្រុក​យើង​នេះ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​របួស និង​ស្លាប់​គួរ​ឲ្យ​ខ្លាច​ជាង​កូវីដ-១៩ ទៀត"។

រឿង"កុមារី​អាយុ​២៥​ឆ្នាំ​វគ្គ​៣" នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​រោងភាពយន្ត Prime Cineplex ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០២០ តទៅ។ បើ​តាម​លោកស្រី ពាន់ ភួង​បុប្ផា ដែល​ជា​ម្ចាស់​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ "កុមារី​អាយុ​២៥​ឆ្នាំ​វគ្គ​៣" នឹង​បន្ត​ចាក់​តាម​រោងភាពយន្ត​ល្បីៗ​របស់​កម្ពុជា រហូត​ទាល់តែ​អ្នក​ចូល​ទស្សនា​ធ្លាក់​នៅ​ក្រោម​១៥​% នៃ​កៅអី​ដាក់​អង្គុយ​ទស្សនា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់