- 2022-06-29 03:28:49
- ភាពយន្ត
សម្ពោធបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ យប់មិញ លេចមុខតារាសម្ដែងល្បីៗស្ទើរគ្រប់ជំនាន់
- 2022-06-29 03:28:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ពោធបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ យប់មិញ លេចមុខតារាសម្ដែងល្បីៗស្ទើរគ្រប់ជំនាន់
ចន្លោះមិនឃើញ
មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ បានសម្ពោធបើកជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសនោះ គេឃើញវត្ដមានតារាសម្ដែងសម្ដែងល្បីៗស្ទើរគ្រប់ជំនាន់ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺលេចមុខតារាសម្ដែងជើងចាស់មួយចំនួនក្នុងកាយវិការអបអរសាទរដ៏អស្ចារ្យ។
តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅម៉ែនឿន បានលេចមុខនៅកណ្ដាលចំណោមសិល្បករ-សិល្បការិនី ផលិតករភាពយន្ដជាតិ និងអន្ដរជាតិ ក្នុងទឹកមុខរីករាយបំផុត ដោយដៃកាន់សៀវភៅ និងយួរកាបូបដ៏ស្រស់ស្អាត។ កាលពីយប់មិញនេះដែរ អ្នកគ្រូ ឌី សាវ៉េត ដែលជាតារាសម្ដែងជើងចាស់ ក៏បានចូលរួមដែរ។ ក្នុងសម្លៀកបំពាក់ពណ៌ខៀវលាយផ្កា អ្នកគ្រូ ឌី សាវ៉េត បានដើរចូលទៅក្នុងសាលមហោស្រព ទស្សនាការសម្ដែងសិល្បៈជាច្រើនទម្រង់ និងស្ដាប់សុន្ទកថារបស់គណៈអធិបតីយ៉ាងយកចិត្ដទុកដាក់។
ក្រឡេកមកមើលតារាសម្ដែងល្បីៗនាយុគសម័យថ្មីនេះវិញ គឺមានដូចជា៖ តារាសម្ដែង រ៉េត ហ្សារីតា ប្រុសខួច លោក សន ពិសិដ្ឋ កញ្ញា មាន សូនីតា លោក ហេង ជាឡាយ លោក ជា សុវណ្ណនរាហ៍ និងលោក ជា លាងឈែ ជាដើម។
សូមរំលែកថា ពិធិសម្ពោធបើកមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១ កាលពីយប់មិញធ្វើឡើងនៅសាលាមហោស្រពចតុម្មុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងឱកាសនោះ គេក៏ឃើញការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត ព្រមទាំងតំណាងអង្គទូតនានាប្រចាំនៅកម្ពុជាទៀតផង។
មហោស្រពភាពយន្ដអន្ដរជាតិលើកទី១១ ឆ្នាំ២០២២ នេះ នាំមកជូនខ្សែភាពយន្ដពីប្រទេសចំនួន ២៦ និងមានរឿងចំនួន ១៤៤ចំណងជើង។ ក្នុងនោះមានភាពយន្ដខ្នាតខ្លី ភាពយន្ដខ្នាតវែង ភាពយន្ដឯកសារ និងគំនូរជីវចល។ ភាពយន្ដទាំងនេះ នឹងចាក់បញ្ចាំងរយៈពេល ១សប្ដាហ៍ពេញ ពោលគឺចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នៅតាមទីតាំង និងរោងភាពយន្ដល្បីៗដូចជា៖ រោងកុន Legend Cinema រោងកុន Major Cineplex រោងកុន Prime Cineplexវិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សាលចតុម្មុខ Rosewood Hotel Java Creative និងនៅ Factory Phnom Penh៕