• 2023-06-16 02:24:55
  • ភាពយន្ត

ក្រៅពីរវល់សិក្សា និងរកស៊ី វណ្ណៈ បូរមី ទម្លាយមូលហេតុមួយទៀតដែលមិនសូវឃើញនាងក្នុងខ្សែភាពយន្ដ

  • 2023-06-16 02:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីសម្រស់បាន វណ្ណៈ បូរមី ទើបទទួលបានឱកាសសម្ដែងខ្សែភាពយន្ដខ្លីមួយទៀតរបស់ផលិតកម្ម Sastra film បន្ទាប់ពីថតបញ្ចប់ខ្សែភាពយន្ដខ្នាតធំបែបភ័យរន្ធត់របស់ផលិតកម្ម Wonder film គឺរឿង”ពពិលខ្មៅ”។ ទន្ទឹមគ្នានេះកញ្ញា ក៏បានបង្ហើបពីផលលំបាកក្នុងការសម្ដែង ហើយឈានដល់ការមិនអាចទទួលថតពីរ ឬបីរឿងក្នុងពេលជាមួយគ្នា។

តាមរយៈបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានជាច្រើនស្ថាប័ននៅផ្សារទំនើប Chip Mong 271 ដែលកញ្ញាបានចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្ដមួយកាលពីពេលថ្មីៗ ឲ្យដឹងថា តាំងពីដើមមកខ្លួនមិនដែលទទួលថតរឿងពីរក្នុងពេលតែមួយនោះទេ ព្រោះបារម្ភខ្លាចពុំមានពេលគ្រប់គ្រាប់សម្រាប់ថត ហើយម្យ៉ាងកញ្ញាពិបាកនឹងធ្វើចិត្ដ ឬដាក់ចិត្ដដើរតួអង្គពីរផ្សេងគ្នាក្នុងពេលកៀកៗគ្នាណាស់

វណ្ណៈ បូរមី៖ “តាមខ្ញុំចាំ នេះជារឿងធំៗលើកទី២ សម្រាប់ខ្ញុំ ហើយកន្លងទៅមិនសូវឃើញខ្ញុំក្នុងខ្សែភាពយន្ដ ព្រោះខ្ញុំមិនហ៊ានទទួលខ្លាចធ្វើឲ្យគេអត់បាន ដោយសារតែខ្ញុំរវល់សិក្សាផង និងរកស៊ីបន្ថែមផង អីចឹងមានពេលតិច…តែឥឡូវខ្ញុំទទួលថតមួយរឿងទៀតហើយរបស់Sastra film”។

តារាសម្ដែង និងពិធីការិនី វណ្ណៈ បូរមី គឺជាតារាស្រីមានសម្រស់លេចធ្លោរម្នាក់ក្នុងចំណោមតារាស្រីខ្មែរជាច្រើនទៀត ប៉ុន្ដែគេមិនសូវឃើញនាងទទួលការងារច្រើន ឬថតច្រើនឲ្យផលិតកម្មផ្សេងៗក្នុងពេលដំណាលគ្នានោះទេ។ ទោះជាយ៉ាងណានៅពេលដែលលេចវត្ដមានតារាស្រីរូបនេះនៅលើខ្សែភាពយន្ដម្ដងៗ គឺតែងតែទទួលបានការស្រឡាញ់ពេញចិត្ដលើការសម្ដែងរបស់កញ្ញាជាខ្លាំង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី