• 2023-12-10 04:51:15
  • ភាពយន្ត

ថ្ងៃនេះ អិល ឌី បើកកាមេរ៉ាថត រឿងខ្នាតធំ​ ប្រើទុន​​ ១លានដុល្លារ ក្រោយធ្វើពិធីក្រុងពាលីលើទីតាំងថតដ៏ប្រណីត

  • 2023-12-10 04:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី បានបើកកាមេរ៉ាថតជាផ្លូវការនូវខ្សែភាពយន្ដខ្នាតធំរឿង “ប្រវត្ដិស្នេហ៍នាងនាថ” ដែលប្រើទុនវិនិយោគប្រមាណ ១លានដុល្លារ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នេះ បន្ទាប់ពីធ្វើពិធីក្រុងពាលីនៅលើទីតាំងថត ឬស្ទូឌីយោយ៉ាងប្រណីតនៅលើកោះមួយប្របមាត់ស្ទឹងស្លាគូ ស្ថិតនៅក្នុងស្រុកសំរោង ខេត្ដតាកែវ។

“ប្រវត្ដិស្នេហ៍នាងនាថ” គឺជាខ្សែភាពយន្ដបែបប្រឌិត បង្កប់ឈុតឆាកកំប្លែង និងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍នាសម័យក្រោយអង្គរ នឹងត្រូវផលិតជា ៣វគ្គ គឺវគ្គទី១ បង្ហាញពីស្នេហាយុវវ័យក្រោយសម័យអង្គរ វគ្គទី២ បង្ហាញពីជីវិតគូ ប្រៀបដូចជា ជើងមេឃពណ៌ស្វាយ និងវគ្គទី៣ បង្ហាញពីសាច់រឿងខ្មោចចិញ្ចឹមកូនមនុស្ស។ តាមរយៈបទសម្ភាសន៍ដល់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន មុនពេលពិធីក្រុងពាលីចាប់ផ្ដើមប៉ុន្មាននាទី កាលពីថ្ងៃម្សិលមិញ លោក លៀក លីដា បញ្ជាក់ជំហរថា បើទោះបីខ្សែភាពយន្ដ “ប្រវត្ដិស្នេហ៍នាងនាថ” ធ្លាប់ត្រូវបានផលិតករដទៃលើកមកផលិតជាច្រើនមកហើយ ប៉ុន្ដែពុះពារផលិតវាឲ្យបាន ដោយផ្ដោតលើគុណភាព និងចំណីអារម្មណ៍កាន់តែប្លែកសម្រាប់មហាជន។

លោក លៀក លីដា៖ “វាជារឿងបុរាណទី១ ដែលអិល ឌី ផលិត ហើយយើងច្បាស់ថាក្នុងប្រវត្ដិរឿងនាងនាថហ្នឹងគឺខ្មោច តែរឿងយើងអត់ទេ…តាំងពីវគ្គមួយដល់វគ្គ គឺយើងបង្ហាញពីដំណើរដើមទងស្នេហារបស់គាត់រហូតដល់គាត់ស្លាប់។ ការដាក់តួលាយឡំគ្នារវាងតួខ្មែរ និងបរទេស យើងគួរតែមានមោទនភាពខ្មែរចំពោះផលិតករខ្មែរយើងមួយចំនួនដែលគាត់មានលទ្ធភាព ព្រោះវាជាគន្លឹះក្នុងការជំរុញភាពយន្ដខ្មែរយើងទៅក្រៅដែរ”។

អ្នកវិនិយោគម្នាក់ក្នុងចំណោមបីនាក់ ដែលបានបោះទុនធំក្នុងការផលិតខ្សែភាពយន្ដនេះ គឺលោក អ៉ិន វិចិត្រ មានប្រសាសន៍ថា រូបលោក និងអ្នកវិយោគដទៃទៀតមានទំនុកចិត្ដលើគុណភាពផលិតរបស់ អិល ឌី ហើយលោកក៏មិនអល់អែកក្នុងការដាក់ទុនក្នុងរឿងក្រោយៗទៀតដែរ ព្រោះយើងមានកុងត្រាត្រឹមត្រូវរវាងគ្នានឹងគ្នា។ ជាក់ស្ដែងការបង្កើតស្ទូឌីយោ ដើម្បីថតរឿងដែលលោកបានឃើញដោយផ្ទាល់ភ្នែកនៅថ្ងៃនេះ គឺបង្ហាញថា ជាការរៀបចំថតភាពយន្ដបុរាណកម្រិតស្ដង់ដារអន្ដរជាតិ ហើយងាយស្រួលនាំចេញទៅក្រៅប្រទេសដែលលោកមានស្រប់។

ទាក់ទងនឹងការផលិតរឿងបែបបុរាណលើកដំបូងរបស់ផលិតកម្ម អិល ឌី នេះ ប្រធាននាយកដ្ឋានភាពយន្ដ នៃក្រសួងវប្បធម៌លោក ប៉ុក បូរក្ស បញ្ជាក់ថា ការចូលរួមគាំទ្រ និងវិនិយោគលើការផលិតខ្សែភាពយន្ដដែលមានគុណភព គឺជារឿងសំខាន់ដែលត្រូវរួមគ្នាធ្វើ ដើម្បីប្រមូលចំណូលបន្ថែមពីក្រៅមកផង ហើយក៏ជួយលើកកម្ពស់សិល្បៈ វប្បធម៌ខ្មែរទៅកាន់ឆាកអន្ដរជាតិ តាមរយៈខ្សែភាពយន្ដទាំងនោះដែរ។ ក្នុងនាមនាយកដ្ឋានភាពយន្ដ លោកលើកទឹកចិត្ដឲ្យផលិតករ និងអ្នកវិនិយោគកាន់តែច្រើននាំគ្នាធ្វើរឿងនាំចេញទៅក្រៅឲ្យបានកាន់តែច្រើន។

សូមបញ្ជាក់ថា តួឯកស្រីក្នុងខ្សែភាពយន្ដរឿង “ប្រវត្ដិស្នេហ៍នាងនាថ” គឺសម្ដែងដោយនារីដ៏ស្រស់ស្អាតជាកូនខ្មែរកាត់បារាំង ជួបជាមួយនឹងតួឯកប្រុស គឺលោក Paing Takhon ជាជនជាតិភូមា។ បើតាមលោក លៀក លីដា “ប្រវត្ដិស្នេហ៍នាងនាថ” ត្រូវបាននិពន្ធសាច់រឿងតាំងពីចុងឆ្នាំ២០២២ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២៣ ហើយទើបរៀបចំ Pre production និងចាប់ផ្ដើមថតនៅពេលនេះ។

ចំពោះការថត និងចំណាយពេលលើការកាត់តក្នុងមួយវគ្គៗ គឺប្រហែលជា ៣ខែ ហើយគ្រោងដាក់បញ្ចាំងនៅតាមរោងភាពយន្ដនៅអំឡុងខែមេសា ឆ្នាំ២០២៤ ដោយដាក់ពេលបញ្ចាំងគម្លាតពីគ្នាពី៣ ទៅ៤សប្ដាហ៍ម្ដង។ ក្រៅពីរឿង “ប្រុសលក់ខ្លួន” ផ្ទុះខ្លាំងនៅក្នុងស្រុក ហើយត្រៀមចាក់បញ្ចាំងនៅប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រឿង”ប្រវត្ដិស្នេហ៍នាងនាថ” នេះ ក៏នឹងបញ្ចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេសផសងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់