- 2024-04-01 07:21:10
- ភាពយន្ត
ថ្ងៃនេះបើកកាមេរ៉ាថតខ្សែភាពយន្ដថ្មី ហ៊ុយ យ៉ាឡេង បង្ហើបថាមានទឹកមាត់លេបម្ដងទៀត
- 2024-04-01 07:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះបើកកាមេរ៉ាថតខ្សែភាពយន្ដថ្មី ហ៊ុយ យ៉ាឡេង បង្ហើបថាមានទឹកមាត់លេបម្ដងទៀត
ចន្លោះមិនឃើញ
ផលិតករ ហ៊ុយ យ៉ាឡេង បានបើកកាមេរ៉ាថតខ្សែភាពយន្ដ រឿង "កុំស្លាប់" នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះហើយក្រោយធ្វើពិធីក្រុងពាលីនៅទីគោរពសក្ការបូជា នៃព្រះអង្គដងកើ រាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែមីនា។ រឿងដែលគ្រោងចាយទុនប្រមាណ ៥ម៉ឺនដុល្លារនេះ នឹងដំណើរការថតចន្លោះពី ៤ ទៅ៥ខែ ដោយមានតារាល្បីៗមួយចំនួនចូលរួមផងដែរ។
ខ្សែភាពយន្ដដែលមានន័យអប់រំ និងបង្ហាញពីជីវិតពិតក្នុងសង្គមស្រដៀងគ្នានេះ ត្រូវបានលោក ហ៊ុយ យ៉ាឡេង ធ្វើបានជោគជ័យម្ដងហើយ គឺរឿង "ដើម្បីកូន"។ រីឯរឿង "កុំស្លាប់" នេះ ក៏លោកមានជំនឿថានឹងទទួលបានការគាំទ្រច្រើនដែរ បើទោះបីជាក្នុងវិស័យភាពយន្ដកំពុងតឹងតែងប៉ុណ្ណាក៏ដោយ ដោយលោកប្ដេជ្ញាថានឹងខំកសាងកិត្ដិយសជូនម៉ែ និងជាតិឲ្យបាន។
តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានច្រើនស្ថាប័ននៅថ្ងៃធ្វើពិធីក្រុងពាលី លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ថា រូបលោក និងក្រុមការងារបានស្រាវជ្រាវ និងចងក្រងឯកសារទាក់ទងនឹងអ្នកមានវិបត្ដិផ្លូវចិត្ដដែលមួយចំនួនពួកគាត់ជ្រើសរើសយកផ្លូវធ្វើបាបខ្លួនឯង និងខ្លះរត់ឡើងលើស្ពានជ្រោងចង្វាសម្រាប់ខ្លួនជាដើម ដើម្បីបង្កើតចេញជាខ្សែភាពយន្ដអប់រំមួយបង្ហាញពីជីវិតពិតរបស់យុវវ័យដែលគិតខ្លី។
បើតាមលោក ហ៊ុយ យ៉ាឡេង បច្ចុប្បន្នលោកមានខ្សែភាពយន្ដចំនួន ២នៅក្នុងដៃដែលត្រូវថតបន្ដបន្ទាប់គ្នា។ បើទោះបីជាដំណើរការផលិត នឹងប្រឈមនឹងការខ្វះខាតថវិកាបន្ដិចបន្ដួចទៀត ក៏ប៉ុន្ដែនឹងរុលឲ្យបានចប់ទៅតាមការគ្រោងទុក ពោលគឺខ្សែភាពយន្ដ រឿង "កុំស្លាប់" គ្រោងចាក់បញ្ចាំងនៅតាមរោងនាដើមខែកក្កដា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះលោកក៏ចង់ឃើញហ្វេនៗរបស់លោក ជាពិសេសយុវវ័យដែលធ្លាប់ជួបវិបត្ដិផ្សេងៗក្នុងជីវិត នឹងគាំទ្រដល់ការចាក់បញ្ចាំងភាពយន្តជីវិតនេះ៕