• 2024-05-07 04:15:26
  • ភាពយន្ត

ស្ងាត់ៗ អិល ឌី សម្ពោធ​ចាក់​បញ្ចាំង​រឿង "ខ្មោចគ្រូកំណើត" ស្រែក​ផ្អើល​រោង​កុន យប់មិញ!

  • 2024-05-07 04:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី បាន​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នូវ​ខ្សែភាពយន្ដ​រឿង "ខ្មោច​គ្រូ​កំណើត" កាល​ពី​យប់​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០២៤។ ខណៈ​ដែល​ហ្វេនៗ និង​អ្នកស្រឡាញ់​វិស័យភាពយន្ដ​ទន្ទឹងរង់ចាំ​ស្នាដៃ​ថ្មីៗ អិល ឌី បាន​ប្រកាស​ថា "ខ្មោច​គ្រូ​កំណើត" នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា តទៅ​ហើយ។

ជំនួស​មុខ​លោក លៀក លីដា ដែល​ជា​ចាងហ្វាង​ផលិតកម្ម អិល ឌី តែងតែ​មាន​វត្ដមាន​នៅ​លើ​ឆាក​ក្នុង​ថ្ងៃ​សម្ពោធ ម្ចាស់​ស្នាដៃ គឺ​លោក នួន ម៉ូលីន បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ខ្សែភាពយន្ដ​នេះ​ត្រូវ​បាន​លោក​និពន្ធ​ឡើង​ដោយ​ផ្នែក​លើ​ជំនឿ​របស់​បងប្អូន​ខ្មែរ​ដែល​មាន​គ្រូ​កំណើត ហើយ​មាន​មនុស្ស​មួយ​ចំនួន​ធំ​ក៏​ធ្លាប់​ឮ ឬ​បាន​ដឹង​ពី​គ្រូកំណើត​របស់​មនុស្ស​យើង​ម្នាក់​ដែរ។

តាម​រយៈ​Poster និង​តួ​អង្គ​ខ្មោច​ដែល​បាន​គូស​មុខ​មាត់ និង​ខ្លួន​ប្រាណ​ឡើង​ស្រមក ក្នុង​ថ្ងៃ​សម្ពោធ​នោះ បាន​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ចូល​រួម​ព្រឺក្បាល។ ពិធី​សម្ពោធ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង ៥កន្លះ​ល្ងាច នៅ​ផ្សារ​ទំនើប​ជីបម៉ុង ២៧១ គេ​ក៏​ឃើញ​វត្ដមាន​សិល្បករ សិល្បការិនី និងផលិតករ​ជាច្រើន​រូប​ផង​ដែរ។ អ្វី​ដែល​កាន់​តែ​ប្លែក​នោះ គឺ​សូម្បី​តែ​តួសម្ដែង​ខ្លួន​ឯង ក៏​ផ្អើលៗ​ក្នុង​ឈុត​ដែល​ខ្លួន​សម្ដែង​ដែរ ក្នុង​ពេល​ដែល​បាន​ចូល​ទស្សនា​ផ្ទាល់​កាល​ពី​យប់​មិញ។

ខ្សែភាពយន្ដ រឿង "ខ្មោច​គ្រូ​កំណើត" ជា​ស្នាដៃ​និពន្ធ​របស់​លោក នួន ម៉ូលីន ដែល​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​ធ្លាប់​បញ្ចេញ​ស្នាដៃ​មួយ​ចំនួន​ជាមួយ​ផលិតកម្ម អិល ឌី។ រឿង​របស់​លោក​តែងតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។ ទន្ទឹម​គ្នា​នេះ​ហ្វេនៗ និង​អ្នក​គាំទ្រ​វិស័យ​ភាពយន្ដ ទន្ទឹង​រង់ចាំ​ទស្សនា​រឿង​ជា​ច្រើន​ទៀត​របស់ អិល ឌី ដូច​ជា​រឿង "ប្រវត្ដិស្នេហ៍​នាង​នាថ"​ទាំង​បី​វគ្គ កំពុង​ដំណើរការ​ថត បន្ទាប់​ពី​បញ្ចេញ​ស្នាដៃ​រឿង "ខ្មោច​គ្រូ​កំណើត"​នេះ​ទៅ៕

ជិន សុភ័ក្ដ្រ

មតិយោបល់