- 2024-07-01 05:34:01
- ភាពយន្ត
អស់សមត្ថភាព នឹងទាមទារប្រាក់ថ្លៃនិពន្ធរឿង យន ប៊ុនរាជ ទម្លាយល្បិចគេចវេសរបស់ចាងហ្វាងម្នាក់!
- 2024-07-01 05:34:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់សមត្ថភាព នឹងទាមទារប្រាក់ថ្លៃនិពន្ធរឿង យន ប៊ុនរាជ ទម្លាយល្បិចគេចវេសរបស់ចាងហ្វាងម្នាក់!
ចន្លោះមិនឃើញ
អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែង យន ប៊ុនរាជ បញ្ជាក់ថា ខ្សែភាពយន្ដភាគ រឿង”តាមចាប់ស្នេហ៍” ដែលម្ចាស់ផលិតកម្មមួយមានលទ្ធភាពជួលតួលំដាប់ៗទៅសម្ដែង ហើយបានចាក់បញ្ចាំងចប់តាំងពីជាងកន្លងឆ្នាំមកហើយនោះ បែរជាមិនផ្ដល់តម្លៃ និងបង់ប្រាក់គ្រប់ចំនួនដល់ខ្លួន និងក្រុមការងារសោះ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក យន ប៊ុនរាជ ឲ្យដឹងថា “តាមចាប់ស្នេហ៍” គឺជាខ្សែភាពយន្ដភាគបែបមនោសញ្ចេតនា លាយលំនឹងឈុតឆាកកំប្លែង ត្រូវបានលោកនិពន្ធឡើងទាំងយប់ថ្ងៃដោយចំណាយពេលជាងកន្លះឆ្នាំ។ លោកថា គិតមកដល់ពេលនេះ លោកទើបទទួលបានពាក់កណ្ដាលប៉ុណ្ណោះ នៃប្រាក់ថ្លៃនិពន្ធអត្ថបទថត(55%) និងជំនួយការអ្នកដឹកនាំសម្ដែង (50%)។
លោក យន ប៊ុនរាជ៖ “ខ្ញុំដាច់ចិត្តនិយាយរឿងនេះឡើងមក គឺខ្ញុំបានយោគយល់ និងរងចាំដំណោះស្រាយពីគាត់ជាច្រើនលើកច្រើនសារមកហើយ ព្រោះនៅពេលដែលខ្ញុំសួរនាំទៅចាងហ្វាង គាត់ក៏បានលើកហេតុផលផ្សេងៗមកជាច្រើន រៀបរាប់ពីទុក្ខលំបាក ត្អូញត្អែរថា គាត់ផលិតវីដេអូ ផ្សេងៗជូនលោកជំទាវម្នាក់រយៈពេលជាងកន្លះឆ្នាំគឺមិនបានលុយទេ ហេតុដូច្នេះហើយទើបគ្មានលុយបើកថ្លៃនិពន្ធអត្ថបទភាពយន្ត និង ថ្លៃការងារជាជំនួយការអ្នកដឹកនាំសម្តែងឱ្យ”។
បើតាមការបញ្ជាក់ពីអ្នកនិពន្ធវ័យក្មេងរូបនេះ រឿង“តាមចាប់ស្នេហ៍” បានប្រជុំសាច់រឿងមុនពេលសរសេរអំឡុង ចុងខែមេសា ឆ្នាំ២០២៣ ហើយចាប់ផ្តើមចេញផលិតវីដេអូភាពយន្ត នៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៣ និងបញ្ចប់ការថតជាស្ថាពរនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា លោក យន ប៊ុនរាជ មិនបានបញ្ជាក់ឈ្មោះផលិតកម្ម និងចាងហ្វាងផលិតកម្មដែលយឺតយ៉ាវក្នុងការទូទាត់ប្រាក់ឈ្នួលឲ្យខ្លួនឡើយ។ ប៉ុន្ដែខ្សែភាពយន្ដភាគរឿង “តាមចាប់ស្នេហ៍” ត្រូវបានមហាជនស្គាល់ និងផ្ទុះការគាំទ្រខ្លាំងនៅលើផេកអ្នកលក់អនឡាញដ៏ល្បី ទ្រី ដាណា កាលពីអំឡុងឆ្នាំ២០២៣។ ក្នុងនោះតួឯកស្រី ក៏សម្ដែងដោយលោកជំទាវ ទ្រី ដាណា ជាមួយតារាសម្ដែងរូបសង្ហារ សេង មង្កល៕