• 2024-09-04 03:16:06
  • ភាពយន្ត

ចាប់ពីស្អែកទៅ ឃុល សាមេនតា នឹងអង្គ្រូនបេះដូងអ្នកគាំទ្រជាថ្មី ក្នុងខ្សែភាពយន្ដ​ រឿង“ផ្ទះព្រាយកន្លង”

  • 2024-09-04 03:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃុល សាមេនតា នឹងចូលមកអង្រួនបេះដួងអ្នកគាំទ្រ ជាពិសេសអ្នកនិយមតាមដានខ្សែភាពយន្ដបែបភ័យរន្ធត់ជាថ្មី ចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈខ្សែភាពយន្ដរឿង “ផ្ទះព្រាយកន្លង” របស់ផលិតកម្ម អិល ឌី បន្ទាប់ពីតារាស្រីកម្ពស់បានរូបនេះ ឆ្លងកាត់ការសម្ដែងរឿងភ័យរន្ធត់ចំនួន ៣រឿងរួចមកហើយ ហើយទទួលបានការគាំទ្រខ្លាំងដូចគ្នា។

ក្នុងឱកាសចូលរួមពិធីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដរឿង “ផ្ទះព្រាយកន្លង” ជាផ្លូវការ កាលពីយប់ថ្ងៃទី៣ ខែកញ្ញា នៅផ្សារទំនើប អ៊ីឌិន ហ្គាឌិន បឹងកក់ រាជធានីភ្នំពេញ កញ្ញា សាមេនតា បានបង្ហាញចំណាប់អារម្មណ៍តាមរយៈ Sabay ថា ក្នុងខ្សែភាពយន្ដទាំង ៤រឿងដែលកញ្ញាបានថតឲ្យផលិតកម្ម អិល ឌី គឺសុទ្ធតែមានរសអារម្មណ៍ថ្មី ប្លែកៗគ្នា ហើយកញ្ញាផ្ទាល់ក៏បានបង្ហាញសមត្ថភាពកាន់តែខ្លាំងក្លាពីមួយរឿងទៅមួយរឿង។

ឆ្លងកាត់អាជីពសម្ដែងច្រើនឆ្នាំ ឃុល សាមេនតា គេសង្កេតឃើញកញ្ញាកាន់តែលេចធ្លោរក្នុងវិស័យភាពយន្ដតាមរយៈខ្សែភាពយន្ដរឿង “នាឡិកាដាស់វិញ្ញាណ” រឿង “ថ្នាក់ទី១២ ង” រឿង “សាកសព ៧ថ្ងៃ” និងទី៤ គឺរឿង “ផ្ទះព្រាយកន្លង” នេះ ក៏កាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍លើកញ្ញាកាន់តែច្រើនទៀត។

ចំណែកអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម អិល ឌី លោក លៀក លីណា វិញ បញ្ជាក់យ៉ាងខ្លីថា គ្រប់រឿងរបស់ផលិតកម្ម អិល ឌី បើទោះបីជារឿងដែលពុំមានគម្រោងនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក៏ផលិតកម្មផ្ដោតសំខាន់លើគុណភាព ដោយចង់ឲ្យអ្នកទស្សនាបានទស្សនាហើយមិនស្ដាយលុយ ឬពេលវេលា។

ទន្ទឹមនឹងលេចដំណឹងថា នៅថ្ងៃទី១៩ ខែកញ្ញា នេះ ខ្សែភាពយន្ដខ្នាតធំរឿង “ប្រវត្ដិស្នេហ៍នាងនាថ” វគ្គ២ ឬវគ្គជើងមាឃពណ៌ស្វាយ ដែលទស្សនិកជនភាគច្រើនទន្ទឹងរង់ចាំទស្សនាដែរនោះ ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម បង្ហើបថា អិល ឌី នឹងបញ្ចេញរឿងជាបន្ដបន្ទាប់មិនឲ្យស្ងាត់រោងឡើយ។ រយៈខ្សែភាពយន្ដរឿង “ផ្ទះព្រាយកន្លង” ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ តទៅនេះ គេសង្ឃឹមថានឹងមានការគាំទ្រច្រើនមិនចាញ់រឿងមុនៗឡើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី