• 2024-12-09 04:04:48
  • ភាពយន្ត

សារ៉ាយ សក្កណា លាន់មាត់ថាប្លែក ព្រឺសម្បុរ ក្រោយឆ្លងកាត់តំណែងគ្រូខ្មោចក្នុងរឿង “ទាយាទធ្មប់”

  • 2024-12-09 04:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡូកក្នុងអាជីពសម្ដែងច្រើនឆ្នាំ សារ៉ាយ សក្កណា ទទួលបានតំណែងតួអង្គគ្រូធំ គ្រប់គ្រងព្រលឹងខ្មោចដ៏ពិសពុលជាលើកដំបូង តាមរយៈខ្សែភាពយន្ដខ្នាតធំរឿង “ទាយាទធ្មប់”។ តារាស្រីរូបនេះបញ្ជាក់ថា ថតចប់មួយរឿងនេះ អ្នកនាទទួលបានចំណីអារម្មណ៍ថ្មី ព្រោះសូម្បីតែខ្លួនឯងដែលជាតួអង្គថាវាជារឿង ប៉ុន្ដែនៅព្រឺសម្បុរពេលចូលឈុតខ្មោចម្ដងៗ។

បង្ហាញវត្ដមានព្រមគ្នាជាមួយតារាសម្ដែងវ័យជ្រេ ស្វែង សុជាតា ក្នុងពិធីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដរឿង “ទាយាទធ្មប់” ជាផ្លូវការកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាង សារ៉ាយ សក្កណា បានផ្ដល់បទសម្ភាសន៍អ្នកសារព័ត៌មានជាច្រើនស្ថាប័នថា អ្នកនាងក៏ធ្លាប់ឆ្លងកាត់ការសម្ដែងជាតួអង្គខ្មោចខ្លះដែរកន្លងមក ប៉ុន្ដែរឿងនេះអ្នកនាងត្រូវទទួលភារកិច្ចធ្ងន់ជាមួយខ្មោច ឬព្រលឹងអស្សុរកាយភ្ជាប់ជាមួយជំនឿអាបធ្មប់ខ្មែរ។

អ្នកនាង សារ៉ាយ សក្កណា៖ “និយាយទៅរឿងនេះបែបខ្មែរ ធ្មប់អីនឹងខ្មែរយើងខ្លះនៅជឿ ហើយយើងដឹងមានជំនឿខ្លះៗស្រាប់ ធ្វើឲ្យយើងសម្ដែងបានកាន់តែងាយ តែយើងក៏ត្រូវចាំប៉ារ៉ូលដែរ។ មួយរឿងនេះធានាថាប្លែកហ្មង ហើយខ្ញុំជឿថា ខ្ញុំប្លែក បងប្អូនដែលនិយមតាមដានទស្សនាភាពយន្ដក៏ប្លែកដូចខ្ញុំដែរ”។

ចំណែក លោក Jimmy Henderson ជាអ្នកដឹកនាំភាពយន្ដរឿង “ទាយាទធ្មប់” បានឲ្យដឹងថារឿងបនេះនិយាយពីកូនក្មេងនិងម្ដាយ ផ្ដោតលើកុមារីមួយរូបក្លាយជាស្រ្ដីពេញរូបរាង។ វាជាខ្សែភាពយន្ដបែបភ័យរន្ធត់ មានចំណុចជា ច្រើនដែលទាក់ទាញ តែចំណុចសំខាន់ គឺពីបញ្ហាគ្រួសារ។ រឿង”ទាយាទធ្មប់” ចំណាយពេលនិពន្ធ៤ខែ បន្ទាប់ពីលោកបានដឹកនាំបញ្ចប់ រឿង”Ktv “។ រឿងនេះប្រើពេលថតរយៈពេល១ឆ្នាំគត់ ទើបឈានមកដាក់បញ្ចាំងនាពេលនេះ។ ខ្សែភាពយន្ដនេះ ក៏មានគម្រោងបញ្ចេញទៅចាក់បញ្ចាំងលើទីផ្សារអន្ដរជាតិដែរ បន្ទាប់ពីចាក់បញ្ចាំងក្នុងស្រុកខ្មែររួចគឺដូចគ្នាទៅនឹងរឿង “Jailbreak” ដែលលោកធ្លាប់ធ្វើដោយជោគជ័យ ។

សូមបញ្ជាក់ថា ខ្សែភាពយន្ដរឿង “ទាយាទធ្មប់” របស់ផលិតកម្ម M Picture នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសម្ពោធចាក់បញ្ចាំងជាផ្លូវការកាលពីយប់ថ្ងៃទី៧ ក្រោមវត្ដមានរបស់ផលិតករ និងតារាសម្ដែងល្បីៗដូចជា៖ អ្នកនាង ស្វែង សុជាតា សារ៉ាយ សក្កណា កុមារី ម៉ានីកា និងសិល្បករ-សិល្បការនីជាច្រើនដួងផ្សេងទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់